រដ្ឋមន្ត្រីក្រសួងរ៉ៃ និងថាមពល លោក កែវ រតនៈ បានបញ្ជាក់ថា កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង ហើយកម្ពុជាមិនបានប្រើអគ្គិសនីពីប្រទេសថៃ ឡើយ បន្ទាប់ពីប្រទេសថៃ គំរាមនឹងកាត់ផ្ដាច់អ៊ីនធឺណិត ព្រមទាំងថាមពលអគ្គិសនីដែលលក់មកឲ្យកម្ពុជា ប្រសិនបើកម្ពុជាបន្តកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) តាមរបៀបវារៈដែលកម្ពុជាបានគ្រោងទុក។
លោក កែវ រតនៈ បានប្រាប់អ្នកសារព័ត៌មានថា កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រប់កន្លែងដែលភ្ជាប់នឹងបណ្ដាញជាតិ។ លោកថា ប្រទេសកម្ពុជាពុំបានយកភ្លើងពីព្រះរាជាណាចក្រថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាប្រើនោះទេ។
ប្រភពខាងលើអះអាងថា មានកន្លែងជាប់ព្រំដែនមួយចំនួនបានប្រើប្រាស់អគ្គិសនីថៃ ប៉ុន្តែតាមរយៈតង់ស្យុងមធ្យមប៉ុណ្ណោះ មិនចូលបណ្ដាញជាតិនោះទេ។ លោកថា បើសិនភាគីថៃ ផ្ដាច់អគ្គិសនីនៅព្រំដែន កម្ពុជាក៏មានលទ្ធភាពបញ្ជូនបណ្ដាញភ្លើងជាតិទៅផ្គត់ផ្គង់នៅព្រំដែនដែរ។
ពលរដ្ឋខ្មែរចាំមើលតែពេលណាភ្លើងអគ្គិសនីភ្លឺដាច់ៗប៉ុន្មានដងក្នុងមួយយប់មួយថ្ងៃ ដោយគ្មានព្យុះភ្លៀង ទើបដឹងច្បាស់ថា ស្រុកខ្មែរមានភ្លើងអគ្គិសនីប្រើគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់។
លោក កែវ រតនៈ អះអាងថា នៅរដូវក្តៅឆ្នាំ២០២៥ នេះ កម្ពុជានឹងមិនខ្វះភ្លើងអគ្គិសនីប្រើប្រាស់ទៀតទេ គឺកម្ពុជាមានសមត្ថភាពផលិតអគ្គិសនីបានជាង ៤ពាន់មេហ្គាវ៉ាត់ និងដែលតម្រូវការជាក់ស្តែង គឺប្រើអស់តែជាង ៣ពាន់មេហ្គាវ៉ាត់ប៉ុណ្ណោះ។
ប្រធានអគ្គិសនីកម្ពុជា លោក ប្រាំង ជលសា ធ្លាប់បានថ្លែងកន្លងមកថា អគ្គិសនីកម្ពុជា (EDC) ក្នុងពេលបច្ចុប្បន្នបានផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រជាពលរដ្ឋប្រមាណ ៩៥,២៤% តាមរយៈបណ្ដាញជាតិ។ ដោយឡែកសម្រាប់តំបន់ដាច់ស្រយាលលិចទឹក ដែលអគ្គិសនីកម្ពុជាមិនអាចអូសបណ្ដាញផ្គត់ផ្គង់ដល់វិញ ប្រជាពលរដ្ឋក៏នៅតែអាចមានភ្លើងអគ្គិសនីប្រើប្រាស់ជាប្រចាំថ្ងៃតាមរយៈការតបណ្ដាញភ្លើងចេញពីប្រព័ន្ធផលិតថាមពលព្រះអាទិត្យ។
យោងតាមសារព័ត៌មាន Energy news ដែលផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាគ្រោងបង្កើនសមត្ថភាពនាំចូលអគ្គិសនីរបស់ខ្លួនឱ្យលើសពី ៥០% ក្នុងរយៈពេលពីរឆ្នាំ តាមរយៈកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ វៀតណាម និងថៃ។ កម្ពុជាបាននាំចូលថាមពលអគ្គិសនីប្រមាណ ១០៣០មេហ្គាវ៉ាត់ពីប្រទេសឡាវ វៀតណាម និងថៃ ដែលស្មើនឹង ២៥% នៃការផ្គត់ផ្គង់អគ្គិសនីសរុបនៅប្រទេសកម្ពុជា ដែលលោករដ្ឋមន្ត្រី កែវ រតនៈ ផ្ទាល់ប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយកាលពីខែតុលា ឆ្នាំ២០២៤ ថាលោកបានស៊ីញេជាមួយប្រទេសលាវ យៀកណាម និងថៃឡង់ដ៍ នាំភ្លើងអគ្គិសនីចូលស្រុកខ្មែរ។
សារព័ត៌មានថៃ The Nation បានរាយការណ៍កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ថា លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ក្រសួងសន្តិសុខជាតិថៃ បានសម្រេចកាត់ផ្ដាច់អ៊ីនធឺណិត និងថាមពលអគ្គិសនីដែលលក់មកឲ្យប្រទេសកម្ពុជាតាមខេត្តជាប់ព្រំដែន ដំណាលគ្នានឹងកាត់ភ្លើង និងអ៊ីនធឺណិតភ្ជាប់ចូលទៅអ្នកប្រើទូរសព្ទដៃក្នុងប្រទេសភូមា ដើម្បីទប់ស្កាត់ការប្រើប្រាស់បណ្ដាញទាក់ទងក្រុមឧក្រិដ្ឋជនរកស៊ីឆបោកតាម online។
ថ្មីៗនេះ គេបានឃើញដងសសរអង់តែនមួយគូដំឡើងនៅជាប់ព្រំប្រទល់ដែនខេត្តត្រាត ប្រទេសថៃឡង់ដ៍ ដែលគេសង្ស័យថាប្រើដោយក្រុមរកស៊ីទុច្ចរិតក្នុងស្រុកខ្មែរ។ ក្នុងពេលជាមួយគ្នានេះ ភាពប្រទូសរ៉ាយគ្នារឿងព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ អ្នកកាសែតស៊ើបអង្កេតបានរកឃើញមានបណ្ដាញឧកញ៉ាស្រុកខ្មែរ និងសេដ្ឋីពីប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី រកស៊ីខាងបើកបនល្បែងកាស៊ីណូហ៊ុនគ្នា ហើយត្រូវស្ទះមុខរបរដោយសារអាជ្ញាធរថៃ បិទច្រកព្រំដែន និងកាត់បន្ថយពេលវេលាទេសចរស្នាក់នៅត្រឹមតែ ៧ថ្ងៃ។
សារព័ត៌មាន The Nation រាយការណ៍នៅថ្ងៃទី១២ ខែមិថុនា នេះថា អ្នកលេងល្បែងស៊ីសង ៨០% ជាជនជាតិថៃ។ កាសែតរាប់ពីកាស៊ីណូ រីហ្ស៊ត កោះកុង របស់ឧកញ៉ាកូនកាត់ថៃ-ចិន ឈ្មោះ លី យ៉ុងផាត់ ឈ្មោះដើម ផាត សុផាប៉ា ហៅក្រៅ ស៊ៀប៉ា ដែលសង់កាស៊ីណូតែ ៨០០ម៉ែត្រប៉ុណ្ណោះពីច្រកខ្លងយ៉ៃ ខេត្តត្រាត។ ក្រុមហ៊ុន លី យ៉ុងផាត់ ហ្គ្រុប នៅក្រោមដំបូលក្រុមហ៊ុនធំឈ្មោះ លី សូ។ ស៊ៀ ផាត ជាមនុស្សជិតស្និទ្ធនឹងលោក ហ៊ុន សែន ហើយចាត់ទុកលោក ហ៊ុន សែន ជាបងប្រុស។
កាស៊ីណូធំជាងគេ គឺកាស៊ីណូប៉ោយប៉ែត ដែលមានអ្នកដាក់ហ៊ុនជនជាតិថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិនពីក្រុងម៉ាកាវ រីឯកាស៊ីណូ Star Vegas & Clubs មានសេដ្ឋីប្រេងកាតចូលហ៊ុននឹងចិនតៃវ៉ាន់ ជាមួយនឹងប្អូនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរមួយរូប។
អ្នកកាសែតរកឃើញអំពីប្រព័ន្ធប្រទាក់ក្រឡាដាក់ហ៊ុនក្នុងមុខរបរល្បែងស៊ីសងជារបៀបយកឈ្មោះអ្នកមានអំណាចជាម្ចាស់ដីចូលហ៊ុនមួយចំណែក។ សេដ្ឋីថៃ ឈ្មោះ វឌ្ឍនៈ អាសាវ៉ាហែម ហៅក្រៅថា ឪធម៌ ប៉ាកណាម អតីតសមាជិករដ្ឋសភាជាប់ឆ្នោត ១១អាណត្តិ ក្នុងខេត្តសាមុតប្រាកាន ដែលទិញយកកាស៊ីណូនោះតម្លៃ ៧០០លានបាត ហើយចង់លក់វិញតម្លៃ ១២ពាន់លានបាត ឥឡូវនេះ តុលាការថៃ កាត់ទោសឲ្យជាប់គុក ១០ឆ្នាំអំពីករណីរកស៊ីបោកប្រាស់។
នៅឯខេត្តប៉ៃលិន អតីតចៅហ្វាយខេត្តសម្ភោរ អតីតកម្មាភិបាលខ្មែរក្រហម ក៏បានបើកដៃឲ្យវិនិយោគិនថៃ មកបើកកាស៊ីណូ ហើយក៏មានហ៊ុនដែរ ដូចជា កាស៊ីណូ Crown Diamond, Dream World និង K.R. Victoria ជាដើម មុននឹងអ្នកស្រី បាន ស្រីមុំ ឡើងជាចៅហ្វាយខេត្ត។ កាសែតសរសេរទៀតថា ឧកញ៉ា កុក អាន សង់កាស៊ីណូ Princess Crown ឬមកុដម្ចាស់ក្សត្រី នៅប៉ោយប៉ែត មានលោក ហ៊ុន សែន នៅក្នុងភាគហ៊ុនដែរ។
ក្នុងចំណោមកាស៊ីណូទាំង ១៥០ ទូទាំងប្រទេស គេរកឃើញមានបុរសជនជាតិឥណ្ឌូនេស៊ី ឈ្មោះ តូនី ជាម្ចាស់កាស៊ីណូ Holiday Palace និង Holiday Poipet។ ក្រៅពីនេះ សេដ្ឋីម៉ាឡេស៊ី ឈ្មោះ ឆេន លិបគឹង ម្ចាស់ដើមកាស៊ីណូណាហ្គាឃប មុនទទួលមរណភាព ហើយបន្សល់កេរទុកឲ្យកូនចៅ មានអ្នករកស៊ីល្បែងស៊ីសងចិន ពីក្រុងម៉ាកាវ ចិនតៃវ៉ាន់ ម្ចាស់កាស៊ីណូ Star Vegas សេដ្ឋីជនជាតិថៃ ស៊ៀ សំប៊ូន អតីតម្ចាស់ Star Vegas ម្ចាស់ Star King ម្ចាស់ប្រេងឥន្ធនៈ Cosmos Oil មានហ៊ុនក្នុង Star Vegas និងក្រុមហ៊ុនជាច្រើនទៀតនៅខេត្តស្រះកែវ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

