31 C
Phnom Penh

ពួក​ហាម៉ាស-ប៉ាឡេស្ទីន និង​អ៊ីស្រាអែល អាច​នឹង​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៥​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៤៥ ហើយ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែ​វិច្ឆិកា នេះ។ សង្គ្រាម​វាយ​សងសឹក​តាម​កម្ទេច​ក្រុម​ហាម៉ាស បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ១៣៣០០​នាក់ ក្នុង​នោះ​រួម​មាន​កុមារ​ជាង ៥៥០០​នាក់​ក្នុង​តំបន់ Gaza Strip។

កងកម្លាំង​អ៊ីស្រាអែល អះអាង​ថា ពួកគេ​បាន​បន្ត​រក​ឃើញ​ទីតាំង​ក្រោម​ដី​របស់​ក្រុម​ហាម៉ាស មួយ​ចំនួន​ថែម​ទៀត​ក្នុង​តំបន់​ភាគ​ខាងជើង​ហ្កាហ្សា និង​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​មួយ​នៅ​ក្រោម​មន្ទីរពេទ្យ al-Shifa ក្រោយពី​អ៊ីស្រាអែល​លើក​ទ័ព​ចូល​ទៅ​កាន់កាប់​មន្ទីរពេទ្យ​នេះ។

កងទ័ព​អ៊ីស្រាអែល បញ្ជាក់​ថា ផ្លូវ​សម្ងាត់​ដែល​រក​ឃើញ​នោះ គឺ​រូង​ក្រោម​ដី​ប្រវែង ៥៥​ម៉ែត្រ និង​ជម្រៅ ១០​ម៉ែត្រ ដែល​ស្ថិត​នៅ​ពី​ខាងក្រោម​មន្ទីរពេទ្យ​ដ៏​ធំ​នេះ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាងត្បូង។

ជាមួយ​ស្ថានការណ៍​សង្គ្រាម​ដ៏​អាក្រក់ ហើយ​កាន់តែ​ផ្ដាច់ផ្ដិល​ជីវិត​ជនស៊ីវិល​នៅ​តំបន់​សង្គ្រាម អ្នក​នាំពាក្យ​សេតវិមាន លោក John Kirby បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ជឿជាក់​ថា អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស កំពុង​ខិត​កាន់តែ​កៀក​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ធានា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​បរទេស​ដែល​កំពុង​ជាប់​ក្នុង​តំបន់​ហ្កាហ្សា បើ​ទោះជា​អ៊ីស្រាអែល​នៅតែ​បន្ត​វាយលុក​លើ​ទីក្រុង​ហ្កាហ្សា ក៏ដោយ​នោះ។

អ្នក​នាំពាក្យ​សេតវិមាន លោក John Kirby បាន​បញ្ជាក់​ថា កិច្ច​ចរចា​ខិតខំ​កាន់តែ​កៀក​ជាង​មុន​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ចំណាប់ខ្មាំង។

ចំណែក​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន កាលពី​ថ្ងៃ​ចន្ទ ក៏​បាន​និយាយ​ដែរ​ថា លោក​ផ្ទាល់​ជឿជាក់​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល​ខ្លី​កំពុង​ខិត​កាន់តែ​កៀក​ហើយ។ លោក បៃដិន ចង់​ឃើញ​ចំណាប់ខ្មាំង​បរទេស​ទាំងអស់​ត្រូវ​បាន​ដោះលែង។

ចំណាប់ខ្មាំង​បរទេស​មាន​ពី​រវាង ៧០​នាក់​ទៅ ១០០​នាក់ ក្នុង​ចំណោម​ចំណាប់ខ្មាំង ២៤០ ដែល​ពួក​ហាម៉ាស​ចាប់​ពង្រត់​ពី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ខណៈ​ពួក​ហាម៉ាស​បាញ់​រ៉ុក្កែត​ជាង ៥​ពាន់​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ដែរ​ថា ប្រទេស​កាតា ដែល​តំណាង​ឱ្យ​ប្រទេស​អារ៉ាប់ កំពុង​សម្របសម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ដោយ​ការ​ដោះដូរ​ចំណាប់ខ្មាំង​ជាង ៥០​នាក់​ជា​លើកដំបូង​ជាមួយ​បទ​ឈប់​បាញ់​មួយ​មាន​រយៈពេល ៥​ថ្ងៃ ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​សម្រាប់​ជនស៊ីវិល​ផង​ដែរ។

ប៉ុន្តែ​ក្នុង​ពេល​ដែល​កងទ័ព​អ៊ីស្រាអែល​កាន់តែ​រុល​ខ្លាំង​ចូល​ទៅ​កាន់​ទីតាំង​ជាច្រើន​នៅ​ភាគ​ខាងត្បូង​ហ្កាហ្សា ហើយ​មើល​ទៅ​ពួក​ហាម៉ាស ពុំ​អាច​រក​ឱកាស​ក្នុង​ការ​វាយបក នៅ​ថ្ងៃ​នេះ​មេដឹកនាំ​ក្រុម​ហាម៉ាស លោក Ismail Haniyeh បាន​បន្ទន់​ជំហរ​ដោយ​ចង់​ឱ្យ​មាន​យុទ្ធសន្តិភាព​ជាមួយ​នឹង​អ៊ីស្រាអែល។

លោក Ismail Haniyeh និយាយ​ថា ក្រុម​ប្រដាប់​អាវុធ​របស់​លោក​កំពុង​ខិត​កាន់តែ​កៀក​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល។

លោក Ismail Haniyeh បញ្ជាក់​ដូចនេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​បណ្ដាញ Telegram។ មេដឹកនាំ​ហាម៉ាស​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា កម្លាំង​របស់​លោក​កំពុង​ខិត​កាន់តែ​កៀក​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​បទ​ឈប់​បាញ់។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អ្វី​លម្អិត​នោះ​ទេ​អំពី​លក្ខខណ្ឌ​នៅ​ក្នុង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ។

ស្រប​ពេល​នេះ​ដែរ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​លើកឡើង​ថា ការ​ដាក់​ឱ្យ​អង្គការ​សហប្រជាជាតិ​ក្លាយ​ជា​អាណាព្យាបាល​លើ​តំបន់ Gaza Strip នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ទីនោះ​ឡើយ។ ផ្ទុយទៅវិញ លោក​បាន​អំពាវនាវ​ឱ្យ​មាន​ពេលវេលា​អន្តរកាល​មួយ​ដែល​មាន​ការ​ចូលរួម​ពាក់ព័ន្ធ​ពី​ក្រុម​ប្រទេស​អារ៉ាប់ និង​សហរដ្ឋ​អាមេរិក ហើយ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​ពីរ គឺ​បទ​ឈប់​បាញ់ និង​សន្តិភាព​យូរ​អង្វែង​លើ​ដែនដី​ហ្កាហ្សា។

លោក Guterres ពន្យល់​អំពី​ការ​ប្រែ​ក្លាយ​មហា​សោកនាដកម្ម​នេះ ឱ្យ​ក្លាយ​ទៅ​ជា​ឱកាស​មួយ​ដែល​ដើរ​នៅ​លើ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​ពីរ​មាន​សន្តិភាព​ដូច​គ្នា។

លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ បន្ត​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​បិទ​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស នៅ​តំបន់ Gaza គឺ​អាជ្ញាធរ​ប៉ាឡេស្ទីន ត្រូវ​ពង្រឹង​ឱ្យ​រឹងមាំ​ដែនដី​របស់​ខ្លួន​ជាមួយ​នឹង​សន្តិភាព​តាម​ព្រំដែន​រួម​ជាមួយ​នឹង​អ៊ីស្រាអែល។

លោក Guterres អះអាង​ថា អាជ្ញាធរ​ប៉ាឡេស្ទីន ពុំ​អាច​ចូល​ទៅ​តំបន់ Gaza ដោយ​មាន​រថក្រោះ​អ៊ីស្រាអែល​បន្ត​ស្ថិត​នៅ​លើ​តំបន់​នោះ​ទេ ដែល​លោក​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​ពិចារណា​ទៅ​លើ​ពេលវេលា​អន្តរកាល​មួយ ដែល​ចូលរួម​ពាក់ព័ន្ធ​ដោយ​សហរដ្ឋ​អាមេរិក ដើរ​តួនាទី​ចម្បង​ដើម្បី​ធានា​សន្តិសុខ​សម្រាប់​អ៊ីស្រាអែល ហើយ​ក្រុម​ប្រទេស​អារ៉ាប់ ក៏​ជា​អ្នក​ជួយ​គាំទ្រ​សន្តិសុខ​ឱ្យ​ប៉ាឡេស្ទីន ដែរ។

លោក Guterres ទទូច​ថា​ត្រូវតែ​រួម​សហការ​គ្នា ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ពេលវេលា​អន្តរកាល​មួយ​ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន រឹងមាំ​មួយ អាច​ក្លាយ​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​តំបន់ Gaza ហើយ​បន្ត​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​ពីរ​មាន​ស្ថិរភាព​ដូច​គ្នា គឺ​ពុំ​មាន​ហិង្សា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស