ពលរដ្ឋខ្មែរសព្វថ្ងៃនេះត្រូវគេមើលឃើញថា កំពុងនាំគ្នាដើរតាមអ្នកដឹកនាំនយោបាយ មិនមែនដើរតាមបុព្វហេតុជាតិនោះទេ។ ពេលណាអ្នកនយោបាយឈ្លោះគ្នា អ្នកដែលដើរតាមអ្នកនយោបាយទាំងនោះនាំគ្នាប្រកាន់បក្ស ប្រកាន់ពួក លែងគិតលែងដឹងខុសត្រូវ។
ក្នុងនយោបាយខ្មែរសព្វថ្ងៃ ជម្លោះរវាងមេដឹកនាំបក្ស ក៏បានបញ្ឆេះដល់ព្រះសង្ឃដែរ ដែលពុទ្ធបរិស័ទខ្មែរតែងគិតថាជាអ្នកខន្តី។
អ្នកដឹកនាំនៃប្រជាជាតិប្រកាន់តាមមាគ៌ាប្រជាធិបតេយ្យ និយាយអ្វីប្រយ័ត្នប្រយែងណាស់ ព្រោះថាគេកាន់អំណាច ហើយពាក្យសម្ដីមួយម៉ាត់ៗចេញមកមិនត្រឹមតែមនុស្សមួយនគរស្តាប់ប៉ុណ្ណោះទេ គេត្រងត្រាប់កត់ត្រាទុកថែមទៀត។ ពាក្យសម្ដីអ្នកមានអំណាចអាចបង្កគ្រោះថ្នាក់ដល់អ្នកតូចតាចគ្មានអំណាច ព្រោះថាមនុស្សក្រោមបង្គាប់ក្រោមឱវាទច្រើនណាស់ចាំទទួលបញ្ជា ចាំធ្វើតាមដើម្បីផ្គាប់ផ្គុនចៅហ្វាយនាយ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនរៀងៗខ្លួន ឬសម្រាប់ក្រុមបក្ខពួក។
ពាក្យខ្មែរសាមញ្ញថា អ្នកមានអំណាចនិយាយមកមួយម៉ាត់ងាប់ មួយម៉ាត់រស់ បើអ្នកដឹកនាំនោះកាន់អំណាចផ្ដាច់ការ។
រឿងនយោបាយខ្មែររវាងអ្នកដឹកនាំកាន់អំណាចដុះស្លែ និងអ្នកប្រឆាំងអត់អំណាច មកទល់ពេលនេះ បានក្លាយជាការប្រើពាក្យសម្ដីមោហៈឆ្លងឆ្លើយដាក់គ្នាក្លាយជាការអូសទាញគ្នាទាំងហ្វូងឲ្យនិយាយតាម ឲ្យត្រាប់ ឲ្យបន្ទរតាមគ្នាដូចសេក ដោយគ្មានការគិតពិចារណាថា តើវាចាដែលខ្លួនបន្ទរតាមនោះ ពាក្យសម្ដីដែលខ្លួនត្រាប់តាមនោះ ជារឿងត្រូវ ឬខុសផង។ សូម្បីតែព្រះពុទ្ធសមណគោតម ក៏ទ្រង់ប្រដៅមនុស្សលោកថា «កុំទាន់ជឿព្រះអង្គមានព្រះពុទ្ធដីកាយ៉ាងនេះឬយ៉ាងនោះ បើពុទ្ធសាវ័កមិនទាន់រកឃើញរឿងហេតុពិតដោយខ្លួនឯងនៅឡើយទេនោះ»។
ជម្លោះរឿងផ្ទាល់ខ្លួនរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ឈានដល់ចំណុចថា ពលរដ្ឋខ្មែរមួយចំនួនកើតមិនទាន់ផងក៏នាំគ្នាធ្វើញត្តិ លិខិតថ្កោលទោសតាមលោក ហ៊ុន សែន ដែរ។ លិខិតញត្តិពីមនុស្សសាមញ្ញ គ្រហស្ថស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយព្យាយាមយកចិត្តយកថ្លើមលោក ហ៊ុន សែន ជារឿងមួយ ប៉ុន្តែបើញត្តិ ឬលិខិតចេញពីគណៈសង្ឃទាំងក្រុម គឺជារឿងគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលព្រះសង្ឃគេចាត់ទុកជាព្រះអរហន្ត អ្នកឆ្ងាយចាកកិលេស តំណាងដល់ព្រះសព្វញ្ញុពុទ្ធ។ សម្រាប់ពុទ្ធសាសនិកជនខ្មែរ ព្រះសង្ឃប្រៀបបាននឹងពន្លឺដែលបំភ្លឺពីផ្លូវងងឹតទៅរកផ្លូវភ្លឺ ពីផ្លូវខុសទៅរកផ្លូវត្រូវ ពីផ្លូវបាបទៅរកផ្លូវបុណ្យ និងនិព្វាន។

កំពូលព្រះសង្ឃនៅស្រុកខ្មែរក្នុងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា បានរាយនាមចុះហត្ថលេខាថ្កោលទោសលោក សម រង្ស៊ី បន្ទរតាមលោក ហ៊ុន សែន ថា «ពូជក្បត់ជាតិ ៣ជំនាន់» ដែលសំដៅដល់ឪពុកលោក សម រង្ស៊ី ផង គឺលោក សម សារី។ ព្រះនាមព្រះសង្ឃទាំងនោះមានជាអាទិ៍៖
- សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
- សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
- សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង
- សម្តេចព្រះវនរ័ត ណយ ច្រឹក
- សម្តេចព្រះឧត្តមវង្សា មួង រ៉ា
- សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល
- សម្តេចព្រះឧត្តមបញ្ញា ដួង ផង់
- សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនណា
- សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន
- សម្តេចព្រះឧត្តមមុនី ជា សំអាង
- សម្តេចព្រះសក្យមុនី រ័ត្ន សារឿន។

ពុទ្ធបរិស័ទខ្មែរខ្លះសួរថា តើគណៈសង្ឃនាយកទាំងអស់នេះ ព្រះអង្គមានធ្លាប់ចារលិខិតជម្រាបលោក ហ៊ុន សែន អំពីអំពើឧក្រិដ្ឋ ឃាតកម្ម រត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ពុករលួយ ពាលាអាវ៉ាសែ រំលោភសិទ្ធិមនុស្សដែលកំពុងតែបំផ្លាញសង្គមជាតិពុទ្ធសាសនានោះដែរឬទេ។
ក្នុងសៀវភៅជាភាសាអង់គ្លេសនិពន្ធដោយសាស្ត្រាចារ្យ Roger Smith នៃសាកលវិទ្យាល័យ Washington បោះពុម្ពដោយសាកលវិទ្យាល័យ Cornell មានចំណងជើងថា «គោលការណ៍នយោបាយក្រៅប្រទេសនៃប្រទេសកម្ពុជា (Cambodia’s Foreign Policy) នៅឆ្នាំ១៩៦៥» សរសេរថា សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានបញ្ជូនគណៈប្រតិភូរាជរដ្ឋាភិបាលទៅចូលរួមកិច្ចប្រជុំសន្និសីទក្រុងហ្សឺណែវ ប្រទេសស្វីស ឆ្នាំ១៩៥៤ ដើម្បីពិភាក្សាអំពីវត្តមានកងទ័ពព្រៃវៀតមិញ នៅក្នុងទឹកដីប្រទេសកម្ពុជា ក្រោមបញ្ជារដ្ឋការក្រុងហាណូយ នៃសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម ឬយៀកណាមខាងជើងកុម្មុយនីស្ត។
គណៈប្រតិភូខ្មែរដឹកនាំដោយរដ្ឋមន្ត្រីការបរទេស ទេព ផន នៃរដ្ឋាភិបាលលោក ប៉ែន នុត ឆ្នាំ១៩៥៤ លោក នង គិមនី រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលលោក ឃិម ទិត ឆ្នាំ១៩៥៦ លោក សម សារី រដ្ឋមន្ត្រីក្រសួងអប់រំជាតិ និងក្រោយមកជាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសម្តេច នរោត្តម សីហនុ ឆ្នាំ១៩៥៦ បានជំទាស់នឹងនាយគណៈប្រតិភូយៀកណាមខាងជើង រដ្ឋមន្ត្រីការបរទេស ផាំ វ៉ាន់ដុង ដែលចង់ឲ្យរាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា ទទួលយកទាហានយៀកមិញឲ្យធ្វើសមាហរណកម្មក្នុងទ័ពជាតិ។ គណៈប្រតិភូខ្មែរជំទាស់ដាច់ខាតមិនព្រមទទួល ហើយទាមទារអង្គសន្និសីទអន្តរជាតិបង្គាប់ឲ្យទ័ពព្រៃទាំងអស់ចេញឲ្យផុតពីទឹកដីខ្មែរ។
ផាំ វ៉ាន់ដុង ទទូចថា បើមិនយកទ័ពយៀកមិញនៃសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម ក៏សុំរដ្ឋាភិបាលក្រោយឯករាជ្យពីបារាំង ទទួលយកខ្មែរយៀកមិញ ជាខ្មែរដូចគ្នា ប៉ុន្តែប្រតិភូខ្មែរនៅតែមិនព្រម។ ក្នុងគេហទំព័រ Wikipedia លោក សម សារី ជាអ្នកជាតិនិយម ជាអ្នកស្នេហាជាតិមាតុភូមិ ប្រឹងជួយទាមទារឯករាជ្យពីនឹមបរទេស ទាំងបារាំង ទាំងពួកយៀកមិញ។ លោកក៏បានរួមចំណែកជួយសម្តេច នរោត្តម សីហនុ បង្កើតចលនា និងគណបក្សសង្គមរាស្ត្រនិយមដែរ ប៉ុន្តែលោកក៏ចង់ឲ្យប្រទេសកម្ពុជាស្ថិតនៅជាមួយលោកសេរី ដើរតាមមាគ៌ាប្រជាធិបតេយ្យ។ ប៉ុន្តែសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ មានព្រះទ័យចង់ឲ្យប្រទេសកម្ពុជាស្ថិតជាប្រទេសអព្យាក្រឹត ខាងណាក៏ត្រូវ ចង់ទទួលយកជំនួយពីប្លុកសេរីផង ពីប្លុកកុម្មុយនីស្តផង ពីប្លុកសង្គមនិយមផង។
ខណៈប្រទេសកម្ពុជាប្រកាសក្ដែងៗប្រាប់ពិភពលោកថា ឯករាជ្យក្រោយពីបារាំងចេញអស់ រាជរដ្ឋាភិបាលខ្មែរសុំជំនួយពីសហរដ្ឋអាមេរិក។ ពេលដែលទទួលជំនួយពីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ សួរសម្តេច នរោត្តម សីហនុ ក្រៅសន្និសីទនៃប្រទេសមិនចូលបក្សសម្ព័ន្ធនៅបានឌុង ប្រទេសឥណ្ឌូនេស៊ី នាឆ្នាំ១៩៥៥ ដូចធ្វើពើថា៖ «សម្តេចមានបន្ទូលថា អព្យាក្រឹតភាព តើមានន័យដូចម្តេច? បើប្រកាន់យកអព្យាក្រឹតភាព ហេតុអ្វីយកជំនួយលោកសេរី? ឯករាជភាពជាតិខ្មែរបានមកដោយពលិកម្មនៃពលរដ្ឋខ្មែរ មិនមែនបុគ្គលម្នាក់នោះទេ តែដើរតាមអគ្គមគ្គុទ្ទេសក៍មួយអង្គ»។
រយៈកាលដែលសហរដ្ឋអាមេរិកមានចេតនាឲ្យប្រទេសកម្ពុជាចូលប្លុកសេអាតូ ប្លុកកុម្មុយនីស្ត និងសង្គមនិយមបានសម្រុកផ្តល់ជំនួយឲ្យរបបថ្មីនៅក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ។ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ព្រះអង្គបានបញ្ជូនឧត្តមសេនីយ៍ លន់ នល់ ទៅចុះហត្ថលេខាយកជំនួយពីចិន។ ក្រុងប៉េកាំង ចាប់ផ្តើមគាំទ្រចលនាប្រឆាំងនឹងមហាអំណាចលោកសេរីដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ ហើយផ្តល់ជំនួយសឹកដល់កងទ័ពព្រៃយៀកណាម-យៀកកុង ធ្វើចម្បាំងបង្រួបបង្រួមយៀកណាមខាងត្បូង និងខាងជើង។
តាមឯកសារចងក្រងដោយបណ្ឌិត Raoul Jenna នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៦០ ក្រុងហាណូយ បានបញ្ជូនទាហាន ៨ម៉ឺននាក់តាមផ្លូវលំ ហូ ជីមិញ កាត់ប្រទេសលាវភាគខាងកើត មកបោះទីតាំងក្នុងទឹកដីខ្មែរភាគឦសានជាទ័ពព្រៃ និងរើសជនជាតិយៀកណាមខាងត្បូងឲ្យចូលរួមច្បាំងជាទ័ពព្រៃយៀកកុង។ សម្តេច នរោត្តម សីហនុ ទ្រង់ក៏ធ្លាប់បានតវ៉ាជារឿយៗអំពីរឿងយៀកណាមខាងជើង មកតាំងទីក្នុងទឹកដីខ្មែរ បំពានកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ឆ្នាំ១៩៥៤។
សារព័ត៌មានយៀកណាមខាងជើង ផ្សាយបទអត្ថាធិប្បាយថា៖ រឿងវត្តមានទ័ពយៀកណាមក្នុងទឹកដីខ្មែរ ជារឿងដែលមិនទាន់ចរចាគ្នាចប់នៅឡើយទេ។ កាសែតចិន Jen Min Jeh Pao ចោទរាជរដ្ឋាភិបាលសម្តេច នរោត្តម សីហនុ នៅខែមិថុនា ឆ្នាំ១៩៥៥ ថា ការទទួលជំនួយសហរដ្ឋអាមេរិកជាការបំពានធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងក្រុងហ្សឺណែវ។ ទោះជាយ៉ាងនេះក្តី ទាំងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ទាំងនាយករដ្ឋមន្ត្រីយៀកណាម ផាំ វ៉ាន់ដុង សុទ្ធតែសន្យាគោរពអធិបតេយ្យ បូរណភាពទឹកដី និងព្រំដែនរាជាណាចក្រកម្ពុជាដូចគ្នា។
ការអនុវត្តគោលការណ៍នយោបាយការបរទេសរបៀបឃ្លីងឃ្លោង ទ្រេតទ្រោតម្តងខាងណេះ ម្តងខាងណោះ បែបរេរាមិនច្បាស់ដូច្នោះ ប្លុកកុម្មុយនីស្តគេបង្កើនសម្ពាធលើរាជរដ្ឋាភិបាលដែលទើបនឹងបានឯករាជ្យថ្មីៗ។ ទីបំផុត ឥទ្ធិពលកុម្មុយនីស្តជ្រៀតចូលតាំងពីសម័យទើបនឹងបានឯករាជ្យពីបារាំង រហូតដល់សម័យសង្គមរាស្ត្រនិយម។ សម្តេចព្រះ នរោត្តម សីហនុ ក៏ធ្លាប់មានបន្ទូលច្រើនលើកច្រើនសាអំពីក្តីបារម្ភថា ប្លុកកុម្មុយនីស្តនឹងមានជ័យជម្នះនៅអាស៊ីអាគ្នេយ៍នាអនាគត ជាពិសេសបារម្ភការវាតយកទឹកដីខ្មែរពីយៀកណាមខាងជើង។ ព្រះអង្គសម្រេចអែបកុម្មុយនីស្តក្រែងបានសុខ។
ចន្លោះឆ្នាំ១៩៥៧-១៩៥៨ ព្រះអង្គបានស្នើសុំឲ្យនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ យកជនជាតិចិនចេញពីស្រុកខ្មែរឲ្យអស់ ព្រោះគេបានផ្សព្វផ្សាយមនោគមន៍ក្រហមតាមសាលារៀនភាសាចិន។ ដំណាលពេលគ្នានោះ ប្រទេសសេរី សាធារណរដ្ឋយៀកណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ក៏ច្បាមយកកោះខ្មែរមួយចំនួនដែរ ដូចជាកោះថ្មី កោះសេះ កោះអន្តាយ កោះតាគៀវ និងកោះពោធិ៍ ជាដើម។ រឿងនេះ សម្តេចបានបញ្ជូនលោក សឺន សាន ទៅជួបតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យជួយនិយាយនឹងរដ្ឋការក្រុងព្រៃនគរ កុំឲ្យវាយប្រហារឈ្លានពានប្រទេសកម្ពុជាតទៅទៀត។ លោកមិនបានរំឭកបន្ទូលសម្តេចដែលឲ្យរដ្ឋការក្រុងព្រៃនគរ ប្រគល់កោះទាំងនោះមកខ្មែរវិញនោះទេ មានន័យថាលោក សឺន សាន មិនបានទាមទារតាមសម្តេចទេ។
រឿងរ៉ាវក្នុងស្រុក និងក្រៅស្រុកទាក់ទងនឹងគោលការណ៍នយោបាយ ក៏អាចជាកត្តាជំរុញឲ្យអ្នកប្រជាធិបតេយ្យដូចលោក សម សារី ស្វែងរកវិធីមធ្យោបាយសង្គ្រោះប្រជាជាតិខ្មែរមិនឲ្យធ្លាក់ក្នុងរង្វង់ឥទ្ធិពលប្លុកកុម្មុយនីស្ត។ លោកស្កាត់ទៅរកលោក សឺង ង៉ុកថាញ់ ព្រោះថាសម្តេច នរោត្តម សីហនុ ខ្លាចចាញ់ឆ្នោតលោក សឺង ង៉ុកថាញ់ ជាងគេ ព្រោះលោកមានប្រជាប្រិយភាពជាងព្រះអង្គ។
ទោះជាមានរឿងអាស្រូវនៅឯស្ថានទូតខ្មែរនៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស គ្រាលោកធ្វើជាឯកអគ្គរាជទូតក៏ដោយ លោក សម សារី មិនបានក្បត់ជាតិ ឬកំណើតរបស់លោកដូចពាក្យសម្ដីគេប្រើ ដើម្បីចោទលោកនោះដែរ។ លោកបានសារភាពអំពីកំហុសឆ្គងដែលកើតមានជារឿងអាស្រូវក្នុងស្ថានទូតខ្មែរនៅក្រុងឡុងដ៍អំឡុងឆ្នាំ១៩៥៨។ លោកមិនបានស៊ីញេកិច្ចព្រមព្រៀងច្រៀក ឆ្វៀល កាត់ដី លក់ទឹកដី លក់ព្រៃឲ្យបរទេសណាដូចបច្ចុប្បន្ននេះទេ។
សម្តេច នរោត្តម សីហនុ ដឹកនាំនគរដោយប្រើកណ្ដាប់ដៃដែកចាប់អ្នកប្រជាធិបតេយ្យប្រឆាំងក្នុងរឿងជាតិ យកទៅបាញ់ចោលដោយចោទថាក្បត់ជាតិ មានដូចជាចោទ ចាប់ដាក់គុកលោក នង សួន ជាដើម។ ព្រះអង្គហៅអ្នកប្រជាធិបតេយ្យខ្លះថា ខ្មែរក្រហម ខ្លះទៀតថា ខ្មែរខៀវ ហើយអាមាត្យនាហ្មឺនខ្ញុំរាជការជុំវិញព្រះអង្គរង់ចាំចែចូវបន្ទរលាបពណ៌ ថ្កោលទោស។
តាមនិយមន័យខ្លឹមសារអក្សរសាស្ត្រខ្មែរ ហៅថាខេមរភាសា ពាក្យថា ក្បត់ពីសម័យបុរាណ គឺក្បត់ផែនដី មិនមែនក្បត់ជាតិ ឬកំណើតនោះទេ។ ក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពាក្យថាក្បត់ មានន័យថា៖ (ក្បត់) (កិ.) ធ្វើការដោយឧបាយដោយកលកំបាំង ក្នុងបំណងឲ្យបាត់បង់ខ្លួនអ្នកដទៃ, ឬអ្នកដែលត្រូវជួយ ត្រូវទំនុកបម្រុង, ពុំនោះធ្វើបំផ្លាញមនុស្សដែលជាមិត្រ: – ក្បត់ផែនដី គឺដណ្ដើមយករាជសម្បត្តិ ឬចូលសមគំនិតនឹងអ្នកបរទេសនាំគេចូលមកលុកលុយសង្កត់សង្កិនដែន, ប្រទេសរបស់ខ្លួន។
ដោយសារតែផែនដីវាធំ វាជាប្រទេស ហើយម្ចាស់ដីជាក្សត្រ ប្រែថា មេ ស្រែ ឬមហាក្សត្រ មេស្រែធំ ឬស្តេច កាលណាមានមនុស្សក្បត់នឹងស្តេច គឺស្មើនឹងក្បត់ផែនដី។ បើក្បត់បុគ្គល គឺមិនមែនមានន័យថាក្បត់ជាតិនោះទេ។ មនុស្សម្នាក់អាចក្បត់នឹងមិត្តភ័ក្ដិ ប៉ុន្តែមិនមែនក្បត់ជាតិ ឬកំណើតនោះឡើយ។ បើយកន័យតាមភាសាអង់គ្លេសវិញ ក្បត់ជាតិ treason តាមរដ្ឋធម្មនុញ្ញ តាមច្បាប់ គឺសំដៅការសមគំនិត គប់គិត ប្រគល់ទឹកដីឲ្យបរទេស សហការនឹងបរទេស ធ្វើគិញស៊ើបការណ៍បម្រើបរទេសឲ្យបំផ្លាញជាតិ ឬកំណើតរបស់ខ្លួន។

លោក សម សារី បង្កើតចលនាជំទាស់ប្រកួតជាមួយសម្តេច នរោត្តម សីហនុ ហៅថារាស្ត្រាធិបតេយ្យ ដើម្បីប្រមូលអ្នកប្រជាធិបតេយ្យក្រោយពីរាជរដ្ឋាភិបាលកោះហៅលោកពីប្រទេសអង់គ្លេសវិញ។ លោក សម សារី បារម្ភអំពីសន្តិសុខ និងសុវត្ថិភាព មិនខុសពីលោក ហ៊ុន សែន រត់ទៅស្រុកយៀកណាម នាឆ្នាំ១៩៧៧ គេចពី ប៉ុល ពត នោះទេ។ នៅរវាងឆ្នាំ១៩៦២-៦៣ លោករត់ទៅស្រុកយៀកណាមខាងត្បូង បន្ទាប់មកទៅប្រទេសថៃឡង់ដ៍ ហើយត្រូវគេធ្វើឃាតលោកនៅប្រទេសលាវ។
កិច្ចព្រមព្រៀងហ្សឺណែវ ឆ្នាំ១៩៥៤ មាត្រា២ និងសេចក្តីប្រកាសគោលការណ៍នយោបាយអព្យាក្រឹតភាពនៃរាជាណាចក្រកម្ពុជា ឆ្នាំ១៩៦២ មាត្រា៤ តម្រូវឲ្យប្រទេសកម្ពុជាឯករាជ្យ ដាច់ខាតមិនអនុញ្ញាតឲ្យមានទីតាំងទ័ពបរទេស ព្រមទាំងទីប្រឹក្សា បុគ្គលិក អ្នកបច្ចេកទេសយោធាគ្រប់ទ្រង់ទ្រាយ និងចងសម្ព័ន្ធភាពយោធាជាមួយបរទេសឡើយ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាដែលក្រោមព្រះអគ្គមគ្គុទ្ទេសក៍នៃសម្តេចព្រះ នរោត្តម សីហនុ យកជំនួយចិន បានកម្រៃ ១០% ផ្តល់ទៅឲ្យទ័ពព្រៃយៀកណាមខាងជើង-យៀកកុង និងឲ្យទ័ពព្រៃបរទេសបោះទីតាំងក្នុងទឹកដីខ្មែរ ប៉ុន្តែនៅតែប្រកាសក្ដែងៗអំពីអព្យាក្រឹតភាព។
បច្ចុប្បន្ននេះ គោលការណ៍នយោបាយបរទេសនៃរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ក៏ព្យាយាមដើរលើគន្លង ឬដើរស្របតាមសម្តេច នរោត្តម សីហនុ ពីទសវត្ស១៩៥០-១៩៦០ ដែរ គឺប្រកាសក្ដែងៗអំពីអព្យាក្រឹតភាព ប៉ុន្តែលួចចងសម្ព័ន្ធភាពយោធានឹងបរទេស ឲ្យបរទេសមានទីតាំងក្នុងទឹកដីខ្មែរ។
គោលនយោបាយគ្រានោះនាំមកនូវគ្រោះមហន្តរាយជាសង្គ្រាមឈ្លានពានឆ្នាំ១៩៧០ ពីទ័ពព្រៃយៀកណាមខាងជើង-យៀកកុង ការទម្លាក់គ្រាប់បែកពីមហាអំណាចសហរដ្ឋអាមេរិក នាំមកនូវរបបកុម្មុយនីស្តខ្មែរក្រហម ជ្រោមជ្រែង ហ្វឹកហ្វឺនដោយទ័ពព្រៃក្រុងហាណូយ ឲ្យឡើងកាន់អំណាច ហើយក៏មានការសម្លាប់ខ្មែរយ៉ាងរង្គាល រួចបន្ទាប់មក ក្រុមខ្មែរយៀកមិញក្រហមនាំចៅហ្វាយចាស់មកត្រួតត្រាស្រុកខ្មែរទៀតដដែល។
វិធីដែលបរទេសចង់យកប្រទេសកម្ពុជាមិនបានសម្រេចនាសម័យនោះ គេបានសម្រេចជាស្ថាពរនាសម័យក្រោយមកដោយសារអរក្ខកម្ម ឬការមិនថែរក្សា (ទ្រព្យ) ព្រោះមានខ្មែរមួយក្រុមរួមគ្នាក្បត់កំណើតរបស់ខ្លួនទៅជួយបម្រើការពារប្រយោជន៍បរទេស ដើម្បីអំណាចផ្ទាល់ខ្លួន។ ខ្មែរណាជំទាស់នឹងមិច្ឆាទិដ្ឋិនេះ រដ្ឋអំណាចលោក ហ៊ុន សែន ប្រកូកប្រកាសឲ្យទៅជាអាខ្យាន ឬរឿងតំណាលតៗគ្នា រួចចោទថាជាអំពើក្បត់ជាតិ។
ឥឡូវនេះ ពលរដ្ឋខ្មែរមួយភាគ ទាំងបណ្ឌិត ទាំងគណៈសង្ឃនាយក មើលមិនឃើញសច្ចភាពនៅចំពោះមុខ ចំពោះព្រះភ័ក្ត្រទេ មិនបានត្រងត្រាប់ស្តាប់ ប្រតិបត្តិតាមព្រះពុទ្ធដីកាដែលប្រដៅមនុស្សជាតិទេ បែរជានាំគ្នាត្រសងទៅត្រាប់អ្នកដឹកនាំអសីលធម៌ទៅវិញ។
ព្រះពុទ្ធប្រដៅថា៖ «កុំជឿអ្វីមួយព្រោះតែឮតៗគ្នា ឮគេនិយាយ ឬពោលរបៀបក្អែកមួយក្អែកដប់ ប៉ុន្តែបន្ទាប់ពីសង្កេតគយគន់ និងវិភាគ ហើយឃើញថាវាដូចការពិចារណាមែននោះ សឹមទទួលយកមកដាក់នឹងខ្លួនរៀងរហូតទៅ ដើម្បីប្រយោជន៍យើងទាំងអស់គ្នា»។
បើធម្មបាល ធម្មរក្ខិត ឬអ្នករក្សាធម៌ក្នុងព្រះពុទ្ធសាសនាបែបហិនយាន បង្ហាញឲ្យឃើញអំពីអគតិភាពពីរយ៉ាងក្នុងអគតិទាំងបួន គឺមោហាគតិ ឬសេចក្តីលម្អៀងព្រោះល្ងង់ ពុំយល់ការខុសត្រូវ និងភយាគតិ ឬសេចក្តីលម្អៀងព្រោះខ្លាចបុណ្យ ខ្លាចអំណាច ឬខ្លាចចិត្តអ្នកដទៃ តើអ្នកដែលហៅថាធម្មមាមកៈ ប្រព្រឹត្តផ្លូវត្រូវឬទេ បើគណៈសង្ឃនាយកប្រាសចាកព្រហ្មវិហារធម៌ ឧបេក្ខា ឬការផ្សាយសេចក្តីស្មោះស្ម័គ្រទៅរកសព្វសត្វបាត់ទៅហើយនោះ? តើអរិយសាវ័កទាំងឡាយគួរប្រតិបត្តិតាមព្រះពុទ្ធដីកាបែបណា បើអ្នកកាន់សីល៥-៨-១០ ពោលពាក្យឥតការពិត? ឬមួយចង់ដូចសង្ឃខ្លះមានថេរដីកាថា៖ អាបត្តិដាច់ មិនចេះត!!!
រូបខ្ញុំព្រះករុណា ទូលបង្គំ ខ្ញុំបាទគ្មានចម្លើយប្រគេន ថ្វាយ និងជូនជ្រាបបានឡើយរឿងនេះ៕