31 C
Phnom Penh

អ្នក​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា-ប៉ាឡេស្ទីន​ហក់​ឡើង​ជាង ១៤០០០​នាក់ ខណៈ​យុទ្ធសន្តិភាព ៤​ថ្ងៃ​ចាប់ផ្ដើម​អនុវត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​នៃ​តំបន់​ហ្កាហ្សា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល ចូល​ដល់​ថ្ងៃទី​៤៦ នេះ បាន​បន្ត​កើន​ឡើង​ដល់ ១៤១២៨​នាក់។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា នេះ​ដោយ​បាន​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន ដែល​អះអាង​ថា ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ទាំងនោះ គឺ​មាន​កុមារ​រហូត​ដល់​ទៅ​ជិត ៦​ពាន់​នាក់ ស្ត្រី ៣៩២០​នាក់ និង​អ្នក​រង​របួស ៣៣០០០​នាក់​ផ្សេង​ទៀត។ ចំណែក​អ្នក​បាត់​ខ្លួន​បាន​កើន​លើស ៦៨០០​នាក់ ហើយ ២​ភាគ​៣ នៃ​ប្រជាជន​ប៉ាឡេស្ទីន នៅ​លើ​ដែនដី​ហ្កាហ្សា ជាង ២​លាន ៣​សែន​នាក់​បាត់បង់​ផ្ទះសម្បែង​ក្លាយ​ជា​ជនភៀសសឹក។

អ៊ីស្រាអែល បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​យ៉ាង​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ជាមួយ​នឹង​ប្រតិបត្តិការ​យោធា​តាម​ផ្លូវគោក និង​ទ័ព​ជើងទឹក ក៏​ចាប់ផ្ដើម​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា តាំងពី​ថ្ងៃទី​៧ ខែ​តុលា ជា​សង្គ្រាម​វាយ​សងសឹក​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន ដែល​បាន​ឆ្មក់​វាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ភាគ​លើ​ខាងត្បូង​នៃ​ទឹកដី​អ៊ីស្រាអែល ដោយ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​ជាង ១៤០០​នាក់ និង​ចាប់​ខ្លួន​ជនបរទេស រួម​ទាំង​ជនជាតិ​អ៊ីស្រាអែល ជា​ចំណាប់ខ្មាំង​ប្រមាណ ២៤០​នាក់។

ក្នុង​ស្ថានភាព​ដែល​ជនស៊ីវិល​ស្លាប់​យ៉ាង​រង្គាល​នៅ​លើ​ដែនដី​ហ្កាហ្សា ដោយសារ​ការ​វាយ​សន្ធប់​យ៉ាង​ខ្លាំង​ដោយ​កងទ័ព​អ៊ីស្រាអែល បាន​រុញ​សហគមន៍​អន្តរជាតិ​ប្រញាប់ប្រញាល់​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែង​ថ្កោលទោស​អ៊ីស្រាអែល ហើយ​ស្នើ​ផ្អាក​សង្គ្រាម ឬ​បិទ​បញ្ចប់​សង្គ្រាម។

មេដឹកនាំ​ក្រុម​ប្រទេស​អារ៉ាប់ ដែល​មាន​ឥទ្ធិពល បាន​ជួប​ប្រជុំ​គ្នា​ញឹកញាប់ ហើយ​សូម្បី​តែ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​បាន​ទាមទារ​ឱ្យ​មាន​យុទ្ធសន្តិភាព ឬ​បទ​ឈប់​បាញ់​គ្នា​ជា​បណ្ដោះអាសន្ន ដើម្បី​ទុក​ឱកាស​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន រត់​ចេញពី​សមរភូមិ និង​ចំណាប់ខ្មាំង​បរទេស​បាន​ដោះលែង។

ការ​ចរចា​បាន​ធ្វើ​ជាច្រើន​សប្ដាហ៍ ដែល​ប្រទេស​កាតា ជា​អ្នក​សម្របសម្រួល ដែល​នៅ​ថ្ងៃ​ពុធ​នេះ ទាំង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស បាន​ប្រកាស​រៀងៗ​ខ្លួន​ពី​ការ​ទទួលយក​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់ បើ​ទោះ​មាន​រយៈពេល ៤​ថ្ងៃ​ក៏ដោយ។

គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​ស្ដីពី​បទ​ឈប់​បាញ់​នេះ បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ដែល​ចំណាយ​ពេល​ពេញ​មួយ​យប់។ លោក Netanyahu បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​របស់​លោក​ថា នេះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក ប៉ុន្តែ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​ដែរ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ម្នាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ ចំណាប់ខ្មាំង​ជា​ជនជាតិ​អ៊ីស្រាអែល និង​ជនបរទេស​អាច​ជាង ៥០​នាក់ នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព តែ​នេះ​គឺជា​ការ​ដោះដូរ​នឹង​បទ​ឈប់​បាញ់​រយៈពេល ៤​ថ្ងៃ​ប៉ុណ្ណោះ។

បើ​តាម​អ្នក​នាំពាក្យ​រូប​នោះ នឹង​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង ១០​នាក់​បន្ថែម​ទៀត តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បទ​ឈប់​បាញ់​ថ្ងៃ​ផ្សេង​បន្ថែម​ទៀត។ ចំណែក​ក្រុម​ហាម៉ាស វិញ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​បទ​ឈប់​បាញ់​នេះ​ដែរ ដោយ​អះអាង​ថា នឹង​នាំ​ទៅ​រក​ការ​ដោះលែង​ជនជាតិ​ប៉ាឡេស្ទីន ១៥០​នាក់​ពី​ពន្ធនាគារ ដែល​ពួកគេ​ជាប់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

មុន​មួយ​ថ្ងៃ​ដែល​បទ​ឈប់​បាញ់​គ្នា​រយៈពេល ៤​ថ្ងៃ ដែល​អ្នក​ប្រយុទ្ធ​គ្នា​ទាំង​ពីរ​ក្រុម​នេះ​សម្រេច​ទទួល​យក​មក​អនុវត្ត អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ផ្ដល់​អនុសាសន៍​ឱ្យ​មាន​ពេលវេលា​អន្តរកាល​មួយ ដែល​មាន​ការ​ចូលរួម​ពាក់ព័ន្ធ​ពី​ក្រុម​ប្រទេស​អារ៉ាប់ និង​សហរដ្ឋ​អាមេរិក គួរ​មាន​វត្តមាន​នៅ​លើ​ដែនដី​ហ្កាហ្សា ហើយ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​ពីរ គឺ​បទ​ឈប់​បាញ់ និង​សន្តិភាព​យូរ​អង្វែង​លើ​ដែនដី​ហ្កាហ្សា។

លោក Guterres ពន្យល់​អំពី​ការ​ប្រែ​ក្លាយ​មហា​សោកនាដកម្ម​នេះ ឱ្យ​ក្លាយ​ទៅ​ជា​ឱកាស​មួយ​ដែល​ដើរ​នៅ​លើ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​ពីរ​មាន​សន្តិភាព​ដូច​គ្នា។

លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ បន្ត​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​បិទ​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស នៅ​តំបន់ Gaza ជា​ស្ថាពរ អាជ្ញាធរ​ប៉ាឡេស្ទីន ត្រូវ​ពង្រឹង​ឱ្យ​រឹងមាំ​ដែនដី​របស់​ខ្លួន​ជាមួយ​នឹង​សន្តិភាព​តាម​ព្រំដែន​រួម​ជាមួយ​នឹង​អ៊ីស្រាអែល។

លោក Guterres អះអាង​ថា អាជ្ញាធរ​ប៉ាឡេស្ទីន ពុំ​អាច​ចូល​ទៅ​តំបន់ Gaza ដោយ​មាន​រថក្រោះ​អ៊ីស្រាអែល បន្ត​ស្ថិត​នៅ​លើ​តំបន់​នោះ​ទេ ដែល​លោក​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​ពិចារណា​ទៅ​លើ​ពេលវេលា​អន្តរកាល​មួយ ដែល​ចូលរួម​ពាក់ព័ន្ធ​ដោយ​សហរដ្ឋ​អាមេរិក ដើរ​តួនាទី​ចម្បង​ដើម្បី​ធានា​សន្តិសុខ​សម្រាប់​អ៊ីស្រាអែល ហើយ​ក្រុម​ប្រទេស​អារ៉ាប់ ក៏​ជា​អ្នក​ជួយ​គាំទ្រ​សន្តិសុខ​ឱ្យ​ប៉ាឡេស្ទីន ដែរ។

លោក Guterres ទទូច​ថា ត្រូវតែ​រួម​សហការ​គ្នា​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ពេលវេលា​អន្តរកាល​មួយ ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន រឹងមាំ​មួយ អាច​ក្លាយ​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​តំបន់ Gaza ហើយ​បន្ត​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​ពីរ​មាន​ស្ថិរភាព​ដូច​គ្នា គឺ​ពុំ​មាន​ហិង្សា​ឡើយ។

យ៉ាងណា បទ​ឈប់​បាញ់​គ្នា​នេះ ដែល​គេ​ហៅ​ថា​ជា​យុទ្ធសន្តិភាព​បណ្ដោះអាសន្ន​នេះ មាន​រយៈពេល ៤​ថ្ងៃ គេ​សង្កេត​ឃើញ​ក្រុម​អ្នក​នយោបាយ​អ៊ីស្រាអែល មួយ​ភាគ​ធំ​សម្ដែង​ការ​ខកចិត្ត​ការ​ដែល​គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី Netanyahu យល់ព្រម​ក្រោម​សម្ពាធ​របស់​ក្រុម​មេដឹកនាំ​អារ៉ាប់។

ក្រុម​អ្នក​នយោបាយ​ស្ដាំ​និយម​ទាំងនោះ​វាយប្រហារ​លោក Netanyahu ថា​ការ​ទុក​ឱកាស​សម្រាប់​ពួក​ហាម៉ាស បង្កើន​ការ​ពង្រឹង​កម្លាំង​វាយបក​លើ​កងទ័ព​អ៊ីស្រាអែល ដែល​កំពុង​វាយ​រុល​ចូល​កាន់តែ​ជ្រៅ​លើ​ដែនដី​ហ្កាហ្សា។ ក្រុម​ស្ដាំ​និយម​នេះ​បាន​ទទូច​ឱ្យ​លោក Netanyahu បង្កើន​កម្លាំង​ទ័ព និង​សព្វាវុធ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​វាយ​កាន់កាប់​ឱ្យ​បាន​ទាំងស្រុង​ដែនដី​ហ្កាហ្សា ក្នុង​គោលដៅ​បោស​សម្អាត​ឱ្យ​អស់​ពួក​ហាម៉ាស ដែល​ក្រុម​អ្នក​នយោបាយ​ស្ដាំ​និយម​នេះ​ចាត់ទុក​ពួក​ហាម៉ាស គឺជា​ក្រុម​ភេរវករ​ជ្រកកោន​លើ​ដែនដី​ហ្កាហ្សា។

តែ​យ៉ាងណា មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​អ៊ីស្រាអែល លោក Yair Lapid បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​គណៈរដ្ឋមន្ត្រី​របស់​លោក Netanyahu ដែល​យល់ព្រម​ទទួល​យក​បទ​ឈប់​បាញ់​រយៈពេល​ខ្លី​នេះ។

ជាមួយ​គ្នា​នេះ មាន​មេដឹកនាំ​ជាច្រើន​នៃ​ក្រុម​ប្រទេស​អារ៉ាប់ ក៏​បាន​ថ្លែង​ស្វាគមន៍ ហើយ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក រួម​ទាំង​មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន​ទៀត ក៏​បាន​សាទរ​ប្រទេស​កាតា ដែល​ខិតខំ​ឱ្យ​មាន​យុទ្ធសន្តិភាព​ទោះជា​រយៈពេល ៤​ថ្ងៃ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស