នាយករដ្ឋមន្ត្រីថ្មីដែលកំពុងដឹកនាំប្រទេសតាមគន្លងរដ្ឋាភិបាលចាស់លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជាង ៥% នៅឆ្នាំ២០២៣ និងជាង ៦% នៅឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោកអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងការកែទម្រង់ដ៏មុតស្រួចនាពេលកន្លងមក។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ តាមរយៈនៃការបើកចំហពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជារហូតមក។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីក្នុងវង្សត្រកូលលោក ហ៊ុន ម៉ាណែត អះអាងថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ដូច្នេះការផ្លាស់ប្ដូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅ នឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសក្ដានុពលកំណើនកម្ពុជារយៈពេលមធ្យម និងវែង ដូច្នេះកម្ពុជាចាំបាច់ត្រូវប្រកាន់ស្មារតីកំណែទម្រង់ជាប្រចាំ ដោយព្យាយាមកសាងឱ្យបាននូវភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីក្រោមបញ្ជាលោក ហ៊ុន សែន ជាឪពុក បញ្ជាក់ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលជាង ២ទសវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងកាលពីចុងខែតុលា ឆ្នាំ២០២៣ នេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នេះ កំពុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ព្រោះថាឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជានៅខ្វះថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីបង្គ្រប់ផែនការចំណាយរបស់ខ្លួន ដូច្នេះហើយបានជានៅចុងឆ្នាំ២០២៣ នេះ រដ្ឋាភិបាលដាក់ផែនការរឹតបន្តឹងការប្រមូលពន្ធពីប្រជាពលរដ្ឋបន្ទាប់ពីឡើងកាន់តំណែងរបស់ខ្លួន។
បណ្ឌិត មាស នី អះអាងថា រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការចំណាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ជាង ៩ពាន់លានដុល្លារអាមេរិក ប៉ុន្តែក្នុងរយៈពេល ៦ខែដំបូងនៅដើមឆ្នាំ២០២៣ នេះ រដ្ឋាភិបាលអាចប្រមូលពន្ធបានត្រឹមតែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងនោះបើគិតរហូតដល់ចុងឆ្នាំ២០២៣ រដ្ឋាភិបាលទំនងជាអាចប្រមូលពន្ធបានត្រឹមតែប្រមាណជាង ៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ គឺមានន័យថា រដ្ឋាភិបាលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅឆ្នាំនេះ។
ទាក់ទិននឹងបញ្ហានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានលើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ថា ទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពដែលលំបាកថមថយក៏ដោយ ប៉ុន្តែចំណូលពន្ធដារត្រូវតែប្រមូលឱ្យបានចាប់ពី ៣៥០០លានដុល្លារអាមេរិកទៅ ៤១៦០លានដុល្លារអាមេរិកទៅតាមផែនការកំណត់។
អ្នកជំនាញខាងកិច្ចការរដ្ឋបាលលោក ឱក សេរីសោភក្តិ៍ បានលើកឡើងកាលពីពេលថ្មីៗនេះថា សន្ទុះនៃការប្រកួតប្រជែងសេដ្ឋកិច្ចរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលថៃ ចាប់ពីចុងឆ្នាំ២០២៣ នេះតទៅ នឹងជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើនរបស់កម្ពុជាដោយចៀសមិនផុតឡើយ បន្ទាប់ពីនយោបាយផ្សះផ្សាបង្រួបបង្រួមរបស់មេដឹកនាំនយោបាយថៃ ក្រោយនាយករដ្ឋមន្ត្រីថ្មីរបស់ពួកគេបានឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ។
របាយការណ៍ចុងក្រោយស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី២២ វិច្ឆិកា នេះ បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៥,៥ភាគរយមកត្រឹម ៥,៤ភាគរយវិញ។ តាមរយៈការព្យាករនេះ ធនាគារពិភពលោកបានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
ធនាគារពិភពលោក បានបន្ថែមថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង៕