មេដឹកនាំខ្មែរដែលបំផ្លាញទ្រព្យសម្បត្តិជាតិរហូតដង្ហើមចុងក្រោយលោក ហ៊ុន សែន បន្តកាត់ឆ្វៀលដីឧទ្យានជាតិកែបជាង ៣០ហិកតារ (៣០,៩០ហិកតារ) ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព ជួលទៅឲ្យក្រុមហ៊ុន DPLK Investment Group Co., Ltd សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។
លោក ហ៊ុន សែន ដែលល្បីល្បាញខាងលក់ទ្រព្យសម្បត្តិជាតិ បានចេញអនុក្រឹត្យកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ៣០ហិកតារ និង ៩០អា ក្នុងឧទ្យានជាតិកែប ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឲ្យក្រុមហ៊ុនឯកជន ខណៈរយៈពេលជួល និងតម្លៃឈ្នួលដីក្នុងឧទ្យានជាតិនេះ រដ្ឋាភិបាលមិនបានបង្ហាញឡើយ។
មេដឹកនាំខ្មែរដែលប្រើអំណាចរំលោភដីរដ្ឋចែកជាកម្មសិទ្ធិឱ្យបក្ខពួកខ្លួនឯងលោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ រួមទាំងក្រសួងពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលខេត្តកែប ទាំងអស់ ត្រូវអនុវត្តនូវអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ បានឡាយព្រះហស្តលេខាលើព្រះរាជ្យក្រឹត្យមួយ សម្រេចបង្កើតឧទ្យានជាតិកែបលើទំហំផ្ទៃដី ៥ពាន់ហិកតារ (៥០០០ហិកតារ) ប៉ុន្តែនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយទៀតសម្រេចកែប្រែឧទ្យានជាតិនេះមកនៅត្រឹមតែ ១១៥២ហិកតារវិញ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានចេញអនុក្រឹត្យដាច់ដោយឡែកមួយទៀត សម្រេចពង្រីកឧទ្យានជាតិកែបដដែលនេះពីទំហំ ១១៥២ហិកតារ ទៅជា ១២៣០ហិកតារវិញ ខណៈឧទ្យាននេះបានរងនូវការកាត់ឆ្វៀលជាបន្តបន្ទាប់។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានកាត់ដីឧទ្យានជាតិកែបទំហំ ២៩ហិកតារ ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីជួលទៅឱ្យក្រុមហ៊ុន វ័នម័រ (One More Ltd) របស់អ្នកឧកញ៉ា ជឹង សុគន្ធាវី សម្រាប់ប្រែក្លាយទីតាំងនោះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
ទាក់ទិននឹងបញ្ហានេះ អង្គការ Client Earth បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ជាង ៤០ភាគរយនៃផ្ទៃដីរបស់កម្ពុជា ឬប្រហែល ៧,៥លានហិកតារ ត្រូវបានបែងចែកជាតំបន់ការពារធម្មជាតិ ប៉ុន្តែភាគច្រើននៃតំបន់ទាំងនេះត្រូវបាន «ការពារ» តែឈ្មោះប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលបានកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនោះឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់រហូតមក។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន ១៥ ដើម្បីត្រៀមធ្វើអនុប្បយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានា ដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍របស់ខ្លួនជុំវិញអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ដែលបានកាត់ដីសាធារណៈរបស់រដ្ឋឱ្យទៅក្រុមហ៊ុនឯកជនថា ការចេញអនុក្រឹត្យដើម្បីបំប្លែងដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ និងប្រគល់ឱ្យបុគ្គល ឯកជន និងស្ថាប័ននានា ហាក់ដូចជាស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
អង្គការសមាគមធាងត្នោត បញ្ជាក់ថា ការកាត់ដីសាធារណៈរបស់រដ្ឋឱ្យទៅក្រុមហ៊ុនឯកជននាពេលកន្លងមក គឺធ្វើឡើងដោយខ្វះតម្លាភាព និងមិនបានផ្តល់ហេតុផលឱ្យសាធារណជនបានដឹងឡើយ ក្នុងនោះ ច្បាប់ភូមិបាល និងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពុំអាចផ្តល់ជាកម្មវត្ថុនៃការលក់ដូរ ប្រទានកម្ម ឬសម្បទានបានឡើយ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

