31 C
Phnom Penh

លោក បៃដិន ចង់​ឱ្យ​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស​បន្ថែម​ថ្ងៃ​បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​បិទ​បញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ផ្អាក​ប្រយុទ្ធ ឬ​យុទ្ធសន្តិភាព​មាន​រយៈពេល ៤​ថ្ងៃ ដែល​អ៊ីស្រាអែល និង​ពួក​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​បាន​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ វិច្ឆិកា។ ការ​អនុវត្ត​យុទ្ធសន្តិភាព​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគី​ទាំង​ពីរ គឺ​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន អនុវត្ត​បាន​ល្អ​ប្រសើរ។

ការ​ផ្អាក​បាញ់​គ្នា​នេះ មាន​គោលដៅ​ដោះលែង​ជនបរទេស តែ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​ប្រជាជន ឬ​អ្នកទោស​ពលរដ្ឋ​ប៉ាឡេស្ទីន និង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹកជញ្ជូន​ស្បៀង​ទៅ​ជួយ​ប្រជាជន​ដែល​មិន​អាច​រត់​ចេញពី​សមរភូមិ។

កាលពី​ថ្ងៃទី​៧ តុលា ពួក​ហាម៉ាស លួច​វាយប្រហារ​ដោយ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ ៥០០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល ហើយ​ទ័ព​ហាម៉ាស​បាន​ចូល​ខាង​ក្នុង​ទឹកដី​អ៊ីស្រាអែល ចាប់​ពង្រត់​ជនបរទេស​មាន​ទាំង​ជនជាតិ​អ៊ីស្រាអែល ផង​ដែរ​ចំនួន ២៤០​នាក់។ ខណៈ​ការ​ឈប់​បាញ់​គ្នា​ត្រឹម ៤​ថ្ងៃ​នេះ ចំណាប់ខ្មាំង​បរទេស​មិន​ទាន់​ត្រូវ​បាន​ដោះលែង​អស់​នៅឡើយ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​អំពាវនាវ​ឱ្យ​បន្ត​ពេល​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស បន្ថែម​ទៀត ខណៈ​ចំណាប់ខ្មាំង​ត្រូវ​បាន​ដោះលែង ១៧​នាក់​ថែម​ទៀត​នៅ​ថ្ងៃទី​បួន​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​វិច្ឆិកា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ វិច្ឆិកា លោក បៃដិន បាន​បង្ហាញ​អំពី​ក្ដី​សង្ឃឹម​ថា ការ​ឈប់​បាញ់​គ្នា​រយៈពេល ៤​ថ្ងៃ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ ទី​២៤ វិច្ឆិកា គួរតែ​បន្ត​ថែម​ពេល។

លោក បៃដិន បាន​បញ្ជាក់​ថា គឺជា​គោលដៅ​រួម​គ្នា​ក្នុង​ការ​រក្សា​ការ​ឈប់​បាញ់​គ្នា ដោយ​បន្ថែម​ពេល​ទៀត​លើស​ពី​ថ្ងៃទី​២៧ វិច្ឆិកា នេះ ដែល​អាច​បន្ត​មើល​ឃើញ​ចំណាប់ខ្មាំង​ត្រូវ​បាន​ដោះលែង និង​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​កាន់តែ​ច្រើន​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា។

ក្រុម​ហាម៉ាស ដោះលែង​អំឡុង​ពេល​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន​មាន​រយៈពេល ៤​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។ អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ដែល​លួច​វាយប្រហារ​ដោយ​បាញ់​គ្រាប់​រ៉ុក្កែត​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល ជាង ១៤០០​នាក់​កាលពី​ថ្ងៃទី​៧ តុលា។

ប៉ុន្តែ​ការ​វាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល លើ​តំបន់​ហ្កាហ្សា ចាប់តាំងពី​ពេល​នោះ​មក បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ជាង ១៥០០០​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ជនស៊ីវិល និង​កុមារ។

រដ្ឋមន្ត្រី​ការបរទេស​បារាំង អ្នកស្រី Catherine Colonna បាន​និយាយ​ថា បារាំង​សង្ឃឹម​ថា​ការ​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន​នៃ​ការ​ផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស អាច​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ក្រុម​ហាម៉ាស ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង BFMTV អ្នកស្រី Catherine Colonna បាន​បញ្ជាក់​ថា បារាំង​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់ ដែល​ជា​ក្ដី​សង្ឃឹម និង​ចាំបាច់​ដើម្បី​អាច​ឱ្យ​ការ​ឈប់​បាញ់​គ្នា​អាច​បន្ត​ច្រើន​ថ្ងៃ​ទៀត។

អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ថ្លែង​ថា មក​ដល់​ពេលនេះ​មិន​ទាន់​មាន​ចំណាប់ខ្មាំង​ជា​ជនជាតិ​បារាំង​ណា​ម្នាក់​ត្រូវ​បាន​ដោះលែង​ទេ។

ចំណែកឯ​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផង​ដែរ​ដោយ​ស្នើ​ទៅ​ភាគី​ទាំង​ពីរ ឲ្យ​បន្ត​បន្ថែម​អនុវត្ត​ការ​ឈប់​បាញ់​គ្នា​ច្រើន​ថ្ងៃ​តទៅទៀត។

លោក Jens Stoltenberg បាន​ថ្លែង​ថា ជនបរទេស​ជាច្រើន​នាក់​នៅតែ​ជា​ចំណាប់ខ្មាំង​ក្នុង​ដៃ​ពួក​ហាម៉ាស និង​ការ​បញ្ជូន​ជំនួយ​ទៅ​ប្រជាជន​ប៉ាឡេស្ទីន សុទ្ធតែ​ជា​រឿង​ចាំបាច់​ដែល​គួរ​បន្ថែម​ពេលវេលា​សម្រាប់​អនុវត្ត​យុទ្ធសន្តិភាព​នេះ​បន្ត​ទៀត។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ហ្សកដានី លោក Ayman Safadi បាន​សុំ​ក្រុម​បស្ចិម​ប្រទេស​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ឱ្យ​បន្ថែម​ច្រើន​ថ្ងៃ​ទៀត ដើម្បី​អនុវត្ត​ការ​ឈប់​បាញ់​គ្នា។ លោក​បាន​បញ្ជាក់​ថា ចំពោះ​រឿង​នេះ បណ្ដា​ប្រទេស​អារ៉ាប់​បាន​ទាមទារ​ឱ្យ​អ៊ីស្រាអែល បញ្ចប់​សង្គ្រាម​លើ​ដែនដី​ហ្កាហ្សា ដោយ​អនុវត្ត​យុទ្ធសន្តិភាព​ជា​អចិន្ត្រៃយ៍។

បើ​តាម​ប្រមុខ​ការទូត​ហ្សកដានី ជនបរទេស​ដែល​ជា​ចំណាប់ខ្មាំង​នៃ​ពួក​ហាម៉ាស មាន​ជាង ១០០​នាក់​ទៀត​កំពុង​នៅ​ក្នុង​ដៃ​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​នេះ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah el-Sisi បាន​ទទូច​ថា ដែនដី​ហ្កាហ្សា គួរតែ​ពុំ​មាន​វត្តមាន​កងទ័ព។ លោក​ស្នើ​ឱ្យ​មាន​ទ័ព​ពហុ​សាសន៍​ដែល​ជា​កង​សន្តិសុខ មក​ជួយ​ស្ដារ​សន្តិភាព​នៅ​ហ្កាហ្សា ឡើងវិញ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​សច្ចា​ថា​នឹង​បន្ត​ធ្វើ​សង្គ្រាម​ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​កម្ទេច​ក្រុម​ហាម៉ាស ឱ្យ​អស់​លើ​ដែនដី​ហ្កាហ្សា។

នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​លោក បៃដិន ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Netanyahu បាន​និយាយ​ថា ការ​បន្ថែម​ថ្ងៃ​សម្រាប់​បន្ត​អនុវត្ត​ការ​ឈប់​បាញ់​គ្នា​ដូចជា​អស់​ហើយ តែ​ចំពោះ​ពួក​ហាម៉ាស​វិញ​បញ្ជាក់​ថា ចង់​បន្ត​ការ​ឈប់​បាញ់​រយៈពេល ២ ឬ ៤​ថ្ងៃ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស