អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចោទរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលបន្តពីលោក ហ៊ុន សែន ថាជាមេដឹកនាំពូកែខាងបង្កើតរូបភាពក្លែងក្លាយតាមរយៈនយោបាយប្រជាភិថុតិ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។
អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៨ វិច្ឆិកា ថា រដ្ឋាភិបាលក្រុងភ្នំពេញដែលបន្តក្តោបក្តាប់អំណាចពីឪពុកទៅកូនសព្វថ្ងៃនេះ មានជំនាញតែម្យ៉ាងគត់ គឺពូកែខាងបង្កើតរូបភាពក្លែងក្លាយតាមរយៈនយោបាយប្រជាភិថុតិ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ខណៈការដឹកនាំរបស់ពួកគេទាំងលោក ហ៊ុន សែន និងកូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ពោរពេញដោយភាពសាហាវព្រៃផ្សៃដូចគ្នា។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការដឹកនាំដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត យកមកបង្អួតប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺសុទ្ធតែជារូបភាពក្លែងក្លាយទាំងអស់ ដូចជា សន្តិភាពដែលពួកគេតែងអួតសព្វថ្ងៃនេះ ក៏ជាសន្តិភាពក្លែងក្លាយ ប្រជាធិបតេយ្យដែលពួកគេប្ដេជ្ញាការពារ ក៏ជាប្រជាធិបតេយ្យក្លែងក្លាយ ចំណែកឯការបោះឆ្នោតដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូតតែងតាំងកូនខ្លួនឯងជានាយករដ្ឋមន្ត្រី ក៏ជាការបោះឆ្នោតក្លែងក្លាយ ដោយឡែកការអភិវឌ្ឍដែលមានអគារធំៗសព្វថ្ងៃនេះ ក៏ជាការអភិវឌ្ឍក្លែងក្លាយដែរ ព្រោះជាការអភិវឌ្ឍក្រោមបំណុលវ័ណ្ឌកប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ ត្រូវរងនូវការរិះគន់ជុំទិសពីការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍក្រោមបំណុលដែលគ្មានតម្លាភាពរាប់ពាន់លានដុល្លារនៅពេលនេះ។
រដ្ឋាភិបាលដុះស្លែដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង ៤ទសវត្សហើយ ប៉ុន្តែកម្ពុជាស្ថិតក្រោមការក្តោបក្តាប់របស់មេដឹកនាំក្រាញអំណាចបន្តពូជដែលវៀតណាមលើកបន្តុបនេះ ត្រូវគេមើលឃើញថា បានធ្វើឱ្យទឹកដីសុវណ្ណភូមិមួយនេះធ្លាក់ទៅជាប្រទេសដែលប្រកាន់របបផ្ដាច់ការ ដែលដឹកនាំដោយក្រុមគ្រួសារនិយមរបស់លោក ហ៊ុន សែន ជាហេតុធ្វើឱ្យបាត់បង់នូវប្រជាធិបតេយ្យ ធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស វិនាសហិនហោចទ្រព្យសម្បត្តិជាតិ និងក្លាយជាកូនបំណុលវ័ណ្ឌករបស់បរទេសថែមទៀត។
បែបនេះក្តី មេដឹកនាំខ្មែរដែលល្បីល្បាញខាងបំផ្លាញទ្រព្យសម្បត្តិជាតិលោក ហ៊ុន សែន ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា លោកគឺជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏ជានាយករដ្ឋមន្ត្រីដែលពលរដ្ឋខ្មែរគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ព្រមទាំងអាចរក្សាតំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។
មេដឹកនាំដែលក្រាញអំណាចបន្តពូជលោក ហ៊ុន សែន លើកឡើងថា រយៈពេលជាង ៣០ឆ្នាំកន្លងទៅ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែក្រោមការដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់លោក កម្ពុជាបានកសាងអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់នឹងសព្វថ្ងៃនេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ វិច្ឆិកា ថា ដើម្បីឱ្យផលប្រយោជន៍របស់ជាតិខ្មែរទាំងមូលត្រូវបានការពារជូនប្រជាពលរដ្ឋ គឺត្រូវតែធ្វើកំណែទម្រង់លើប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលជាចាំបាច់ ជាពិសេសគឺផ្តើមចេញពីឆន្ទៈនយោបាយរបស់មេដឹកនាំដែលចង់ជួយប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនដោយពិតប្រាកដ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ប្រសិនបើកម្ពុជាជ្រើសរើសបានតែមេដឹកនាំដែលចេះតែធ្វើនយោបាយប្រជាភិថុតិដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋខ្លួនឯង ដូចជា ការប្រើរូបភាពអភិវឌ្ឍក្រោមល្បិចនៃការបំផ្លាញ ដែលមានន័យថា ប្រើរូបភាពសាងសង់អគារខ្ពស់ៗ ប៉ុន្តែត្រូវលុបបឹងបួ និងលក់ដីរដ្ឋ ប្រើរូបភាពជាប្រទេសមានចំណូលខ្ពស់ក្រោមបំណុលបរទេសវ័ណ្ឌក និងការប្រើរូបភាពនៃការការពារសន្តិភាព ក្រោមល្បិចគំរាមកំហែងលើអ្នកអនុវត្តសិទ្ធិសេរីភាព នោះប្រជាពលរដ្ឋខ្មែរច្បាស់ជាមិនបានសុខឡើយ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះមានតែការជាន់ឈ្លីប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ រំលោភកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ១៩៩១ និងធ្វើរដ្ឋប្រហារដណ្តើមអំណាច ជាដើម ដើម្បីខ្លួនឯងអាចកាន់កាប់អំណាចផ្ដាច់មុខដូចសព្វថ្ងៃនេះ ប៉ុន្តែដើម្បីបោកប្រាស់ពលរដ្ឋខ្មែរមេដឹកនាំខ្មែររូបនេះបង្ខំឱ្យមន្ត្រីក្រោមបង្គាប់ផ្សព្វផ្សាយថា មានតែខ្លួនម្នាក់គត់ដែលជាបិតាស្ថាបនិកសន្តិភាពសម្រាប់ប្រទេសកម្ពុជា៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

