31 C
Phnom Penh

តំណាងរាស្ត្រ​អូស្ត្រាលី៖ របប​ផ្ដាច់ការ​របស់​បក្ស​ប្រជាជន​កម្ពុជា​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា របប​នយោបាយ​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ កំពុងតែ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវ​បាន​សារព័ត៌មាន​បរទេស The Diplomat ស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បាន​រឹតត្បិត​សិទ្ធិ​នយោបាយ និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​យ៉ាង​អនាធិបតេយ្យ ដូចជា ការ​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ប្រមាណ​ជាង ១០០​នាក់​ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ ក្រោម​បទ​ចោទ​ថា​មាន​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល ជាដើម។

លោក តាក់ ម៉េងហ៊ាង លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ត្រឹម​តែ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ទេ ថែម​ទាំង​បង្កើត​ឱ្យ​មាន​បណ្ដាញ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​សព្វថ្ងៃ​នេះ​ថែម​ទៀត ដើម្បី​តាមដាន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អូស្ត្រាលី​ណា​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន រហូត​ឈាន​ដល់​ការ​គំរាមកំហែង​អ្នក​ទាំងនោះ​ដល់​អាយុជីវិត​ថែម​ទៀត ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពួកគេ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​រូប​នេះ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​មិន​អាច​បំភ្លេច​បាន​ទេ ថា​ពួកគេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ទឹកដី​កំណើត​ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ពួកគេ​គ្រប់​គ្នា រួម​ទាំង​លោក​ខ្លួនឯង​ផង មាន​កាតព្វកិច្ច​ប្រឆាំង​នឹង​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​គាប​សង្កត់​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ​ជា​ចាំបាច់ បើ​ទោះបីជា​ពួកគេ​ត្រូវ​រង​នូវ​ការ​គំរាមកំហែង​ពី​ការ​ប៉ុនប៉ង​ផ្តាច់​អាយុជីវិត​ពី​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ស្រុក​សព្វថ្ងៃ​នេះ​ក៏ដោយ។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ រដ្ឋាភិបាល​អូស្ត្រាលី បាន​រំលឹក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា អូស្ត្រាលី​ធ្លាប់​បាន​ជួយ​កម្ពុជា​ស្វែងរក​សន្តិភាព ការ​អភិវឌ្ឍ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច្នេះ​នៅ​ពេលនេះ រដ្ឋាភិបាល​អូស្ត្រាលី ក៏​នឹង​ទន្ទឹង​រង់ចាំ​ជួយ​កម្ពុជា​លើ​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ត​ទៀត​ដែរ។

ជាង​នេះ​ទៀត កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រទេស​អូស្ត្រាលី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រឹតត្បិត​នានា​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ព័ត៌មាន បញ្ចេញមតិ​របស់​ពួកគេ​ដោយ​សេរី។

រដ្ឋាភិបាល​អូស្ត្រាលី បញ្ជាក់​ថា ក្នុង​នាម​ប្រទេស​អូស្ត្រាលី​ជា​ដៃគូ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្នុង​ការ​គាំទ្រ​ប្រទេស​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​សន្តិភាព ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​មិត្ត​យូរ​អង្វែង ដើម្បី​បន្ត​នូវ​បំណង​ប្រាថ្នា​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នា​ពេល​អនាគត។

ចំណែក​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​លោក ហុង លីម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ថា ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ បន្ទាប់ពី​លោក ហ៊ុន សែន ត្រួតត្រា​ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​អស់​រយៈពេល ៣៨​ឆ្នាំ និង​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ បើ​ទោះបីជា​លោក ហ៊ុន ម៉ាណែត ធ្លាប់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​ប្រទេស​លោក​សេរី​ក៏ដោយ។

ដោយឡែក​អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា ក្រោយ​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ជាង ៣​ខែ​កន្លង​មក​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​រដ្ឋាភិបាល​ចាស់​នៅឡើយ​ទេ ប៉ុន្តែ​បែរ​ជា​កំពុង​អនុវត្ត​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដូច​រដ្ឋាភិបាល​ចាស់​ទៅវិញ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា នៅ​ពេលនេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​គួរ​តែ​បង្ហាញ​ពី​គោលជំហរ​របស់​ខ្លួន​ឱ្យ​ច្បាស់លាស់ អំពី​ការ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​ក្នុង​តំបន់​ឃើញ​ច្បាស់​នូវ​ជំហរ​របស់​ខ្លួន ព្រោះ​ថា​សព្វថ្ងៃ​នេះ អ្នកទោស​មនសិការ អ្នកទោស​នយោបាយ រួម​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ជាដើម នៅតែ​បន្ត​រង​នូវ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ទាំង​អយុត្តិធម៌​ដដែល ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់ ក៏​ធ្លាប់​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ចាំបាច់​របស់​ពលរដ្ឋ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជាមួយ​នឹង​បទប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​ជប៉ុន លោក លោក ហ្វូមីអូ គីស៊ីដា ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា លោក​មាន​បំណង​សហការ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដើម្បី​ជំរុញ​នូវ «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ» ខណៈ​លទ្ធិប្រជាធិបតេយ្យ ប្រទេស​ជប៉ុន​នឹង​បន្ត​ពិភាក្សា​ដោយ​ស្មោះត្រង់ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នៅ​កម្ពុជា ដូចជា អង្គការ​ក្រៅ​រដ្ឋាភិបាល ជាដើម ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស