32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត សរសើរ​ឪពុក​របស់​លោក​ថា​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ទប់ស្កាត់​អំពើ​ពុករលួយ​ក្នុង​រយៈពេល​៣០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ សម្ដែង​មោទនភាព​ថា អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោក ហ៊ុន សែន មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ធំធេង ដែល​បាន​បង្កើត​នូវ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

កូនប្រុស​មេដឹកនាំ​ពុករលួយ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​លិខិត​អបអរ​សាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​មិន​មែន​មាន​តែ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​តែ​ឯង​ទេ​ដែល​បំពេញ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​ក៏​មាន​ការ​ចូលរួម​ពី​រាជរដ្ឋាភិបាល គ្រប់​ស្ថាប័ន ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ប្រជាជន​ផង​ដែរ តាម​វិធីសាស្ត្រ​ជាច្រើន ដូចជា ការ​អប់រំ ដើម្បី​ឱ្យ​មនុស្ស​ម្នាក់ៗ​មិន​ចង់​ពុករលួយ ការ​បង្ការ​ទប់ស្កាត់ ដើម្បី​ឱ្យ​មនុស្ស​ម្នាក់ៗ​មិន​អាច​ពុករលួយ និង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ឱ្យ​ម្នាក់ៗ​មិន​ហ៊ាន​ពុករលួយ ជាដើម។

លោក ហ៊ុន ម៉ាណែត ដែល​ទទួល​យក​ការ​ដឹកនាំ​តាម​បែប​ពុករលួយ​ពី​ឪពុក អះអាង​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​អនុវត្ត​ជាបន្តបន្ទាប់​នូវ​កំណែ​ទម្រង់​ស៊ីជម្រៅ​ជាច្រើន ដែល​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ក្រោម​បាវចនា «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់» ដែល​នឹង​ធ្វើ​ឱ្យ​សង្គម​ខ្មែរ និង​បុគ្គល​ម្នាក់ៗ​បន្ត​ទទួល​បាន​ភាព​ស្អាតស្អំ ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​ក្នុង​ការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សន្តិភាព។

នាយករដ្ឋមន្ត្រី​ថ្មី​ក្រោម​ទម្រង់​ដឹកនាំ​ពុករលួយ​របស់​ឪពុក លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក នឹង​បន្ត​វីរភាព​គំរូ​របស់​លោក ហ៊ុន សែន ជំរុញ​ការ​កែទម្រង់ ការ​ពង្រឹង​អភិបាលកិច្ច ដោយ​ផ្ដោត​លើ​ការ​លើក​កម្ពស់ និង​ការ​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ តាមរយៈ​វិធានការ​មួយ​ចំនួន ដូចជា រៀបចំ​ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ក្រម​ប្រតិបត្តិ​ក្នុង​មុខងារ​សាធារណៈ ជាដើម។

ជាង​នេះ​ទៀត ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​អធិការកិច្ច និង​សវនកម្ម ពង្រឹង​យន្តការ​គ្រប់គ្រង និង​ផ្តល់​សេវា​សាធារណៈ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត និង​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ក្រាប​បទល្មើស​អំពើពុករលួយ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​តាមដាន និង​លើក​កម្ពស់​ភាព​ស្អាតស្អំ​នៅ​តាម​ស្ថាប័ន​សាធារណៈ​បន្ថែម​ទៀត។

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ដែល​ប្រកាន់​អំណាច​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​និយម តែង​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​មូលហេតុ​គឺ​នៅ​ត្រង់​ថា ច្បាប់​នៃ​ប្រទេស​នោះ​ពិត​មែន​តែ​ស្ថិត​នៅ​ក្បាល​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ច្បាប់​ដដែល​នោះ​គឺ​ស្ថិត​នៅ​ក្រោម​បាតជើង​អ្នក​មាន​អំណាច​ទៅ​វិញ។

លោក ជុំ ឈាង អះអាង​ថា ប្រសិនបើ​អ្នក​កាន់​អំណាច​កំពូល​របស់​ប្រទេស​មួយ​ក្លាយ​ជា​ជន​ពុករលួយ​ទៅ​ហើយ​នោះ វា​នឹង​នាំ​ឱ្យ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដូចជា ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​តុលាការ និង​ស្ថាប័ន​នីតិប្រតិបត្តិ ក្លាយ​ជា​ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ដឹង​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ដែរ ហើយ​ចុងក្រោយ ប្រទេស​ជាតិ​ទាំងមូល​នឹង​ក្លាយ​ទៅ​ជា​សង្គម​ពុករលួយ រហូត​ក្លាយ​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​អន្តរជាតិ​តែម្តង។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ដែរ​ថា យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​កម្ពុជា មាន​ចំណុច​មួយ​ចំនួន​ដំណើរការ​ទៅ​ដោយ​មាន​ភាព​ប្រសើរ ប៉ុន្តែ​លោក​បន្ថែម​ថា សម្រាប់​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ និង​មិន​មាន​តម្លាភាព ចំណែក​ការ​បង្កើត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ។

លោក ប៉ិច ពិសី បញ្ជាក់​ថា នៅ​កម្ពុជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូលដ្ឋាន មាន​តិច​ជាង​មុន ប៉ុន្តែ​សម្រាប់​អំពើពុករលួយ​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បក្ខពួក សែស្រឡាយ ការ​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ដែល​ជា​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​២០២១ ចំនួន ៧​កម្រិត ប៉ុន្តែ​បើ​ទោះបី​ជា​មាន​លេខ​រៀង​ល្អ​ជាង​មុន​ក៏ដោយ ក៏​នៅតែ​ស្ថិត​ក្នុង​លេខ​រៀង​ដែល​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន​ដដែល។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ ឆ្នាំ​២០១៦ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ​១៦១ ខណៈ​ឆ្នាំ​២០១៩ ជាប់​លេខ​១៦២ ឆ្នាំ​២០២០ ជាប់​លេខ​១៦០ និង​ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ខណៈ​ឆ្នាំ​២០២២ គឺ​ជាប់​លេខ​១៥០ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​អាក្រក់ និង​ធ្ងន់ធ្ងរ​ដដែល​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស