31 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ UN ក្លាយ​ជា​ស្ថាប័ន​ពិការ​ព្រោះ​តែ​អាមេរិក​និង​អង់គ្លេស​លេង​ហ្គេម​តាម​គំរូ​ចិន​លេង​ដាក់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) ប្រជុំ​ដើម្បី​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន គឺ​ចិន​តែងតែ​លេង​ហ្គេម​ដ៏​ល្អ​មើល​បំផុត ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ទាញ​ពិភពលោក​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​តែ​ចូលរួម​ជាមួយ​នឹង​រុស្ស៊ី រំលោភ​លើ​គោលការណ៍​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ ដែល​រុស្ស៊ី​លើក​ទ័ព​យ៉ាង​កម្រោល​ឈ្លានពាន​ប្រទេស​មួយ​ជា​រដ្ឋ​អធិបតេយ្យ​នៅ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ។

ចិន​ព្យាយាម​ធ្វើ​ខ្លួន​នៅ​អព្យាក្រឹត្យ តែ​ពេល​ខ្លះ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​រក​រុស្ស៊ី នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​មួយ​រួម​គ្នា មិន​អាច​ឆ្លង​រួច​ពី​ការ​បោះឆ្នោត​ជំទាស់​ពី​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍ និង​បោះឆ្នោត​អនុប្បវាទ​ពី​ចិន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​ដែរ​នេះ ហើយ​ទីបំផុត គ្មាន​ដំណោះស្រាយ​អ្វី​ទាល់តែសោះ​សូម្បី​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី ក៏​ចេញ​មិន​រួច​ឡើយ។

រឹតតែ​អាក្រក់​ទៀត​នោះ នៅ​ពេល​ដែល​ទាមទារ​ឲ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន ក៏​ចិន​ព្យាយាម​បោះឆ្នោត​អនុប្បវាទ​នៅ​ពេល​ដែល​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់​នេះ​មាន​សិទ្ធិ​បោះឆ្នោត​វេតូ ក៏​រុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ជួប​រឿង​បរាជ័យ។

ឥឡូវ​នេះ ហ្គេម​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កំពុង​ស្ថិត​នៅ​លើ​ក្ដារអុក​របស់​សហរដ្ឋ​អាមេរិក និង​អង់គ្លេស វិញ​ម្តង។

ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ពីរ​នេះ​ចាប់ផ្ដើម​លេង​ស្នៀត​របស់​ចិន និង​រុស្ស៊ី លេង​ដាក់​អ៊ុយក្រែន ហើយ។

កាលពី​ថ្ងៃទី​០៨ ខែ​ធ្នូ នៅ​ក្នុង​ជំនួប​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រព្រឹត្ត​ទៅ​ជា​ថ្មី​ម្ដង​ទៀត ប៉ុន្តែ​លើក​នេះ​ស្ថាប័ន​មួយ​នេះ​ជួប​រឿង​បរាជ័យ ដែល​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ស្ថាប័ន​មួយ​នេះ​ក្លាយ​ជា​ជន​ពិការ​ទៅ​ហើយ គឺ​ងើប​ចេញពី​រណ្ដៅ​មិន​រួច​ទេ។

ហ្គេម​ដែល​អាមេរិក និង​អង់គ្លេស​លេង​នៅ​ក្នុង​ករណី​សង្គ្រាម​លើ​ដែនដី​ហ្កាហ្សា ដោយ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ដំណោះស្រាយ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នេះ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន គឺ​វា​ស្រដៀង​គ្នា​ដែល​រុស្ស៊ី និង​ចិន​លេង​ដាក់​ប្រទេស​អ៊ុយក្រែន ជាពិសេស​គឺ​ប្រទេស​ចិន ដែល​ព្យាយាម​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ជំទាស់ ឬ​បោះឆ្នោត​អនុប្បវាទ គឺ​ដូច​អង់គ្លេស​បោះឆ្នោត​សម្ដែង​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ទីបំផុត ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន ១៥​ប្រទេស​នេះ គឺ​លទ្ធផល​ដូច​នឹង​ហ្គេម​រុស្ស៊ី និង​ចិន​លេង​ដាក់​អ៊ុយក្រែន ផង​ដែរ គឺ ១៣​សំឡេង​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​លើ​ដែនដី​ហ្កាហ្សា។

គេ​នៅ​ចាំ​បាន​ថា រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់ ច្បាស់​ណាស់​ក្នុង​ការ​ប្រើ​សិទ្ធិ​បោះឆ្នោត​ជំទាស់ ចុះ​ហេតុ​អ្វី​បាន​ជា​ចិន​បោះឆ្នោត​អនុប្បវាទ ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រក​ពុំ​ឃើញ​ដំណោះស្រាយ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​ការ​ដក​ទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយក្រែន។

ហ្គេម​អន្តរជាតិ​ខ្ពស់​បំផុត​នេះ អាមេរិក​លេង​ជាមួយ​នឹង​អង់គ្លេស គឺ​ពិត​ណាស់​ជា​មេរៀន​ដែល​ចិន​ជា​អ្នក​បង្រៀន​ឱ្យ​គេ​លេង​តាម។

ឥឡូវ​នេះ ចិន​និង​រុស្ស៊ី​បាន​បោះឆ្នោត​ទាមទារ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​ដែនដី​ហ្កាហ្សា ខណៈ​ដែល​អ៊ីស្រាអែល​ដៃ​ស្ដាំ​របស់​អាមេរិក កំពុងតែ​ធ្វើ​ដំណើរ​ទៅ​រក​ការ​ឈ្នះ​សង្គ្រាម​លើ​ដែនដី​ហ្កាហ្សា ម្ល៉ោះ​ហើយ​អាមេរិក​ច្បាស់​ណាស់ គឺ​យក​ហ្គេម​របស់​ចិន និង​រុស្ស៊ី​លេង​ដាក់​អ៊ុយក្រែន មក​ធ្វើ​ជា​ល្បែង​អុក​របស់​ខ្លួន​ដែល​មិន​ត្រឹមតែ​លេង​ដាក់​ពួក​ហាម៉ាស-ប៉ាឡេស្ទីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ចំអក​ឱ្យ​ចិន និង​រុស្ស៊ី​ផង​ដែរ។

ដូច្នេះ ហ្គេម​នេះ​អ្នក​ណា​អ្នក​បង្រៀន​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​ចិន និង​រុស្ស៊ី ហើយ​អ្នក​ដែល​ទទួល​ផល​ចំណេញ​នៅ​ពេលនេះ គឺ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។

តែ​យ៉ាងណា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្កូតេរ៉េស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ប្រាប់​ទៅ​ពិភពលោក​ថា ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្លាយ​ជា​ជន​ពិការ​ទៅ​ហើយ​នៅ​ពេលនេះ ព្រោះ​មិន​អាច​រក​គំនិត​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដោះស្រាយ​សន្តិភាព​សម្រាប់​ពិភពលោក​នោះ​ទេ។

លោក​បន្ត​ថា មិន​ថា​ឡើយ​ប្រទេស​អ៊ុយក្រែន នោះ​ទេ គឺ​នៅ​ពេលនេះ វា​ធ្លាក់​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន និង​ដែនដី​ហ្កាហ្សា ដែល​កំពុង​រងគ្រោះ​ដោយសារតែ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន ណេនតាយ៉ាហ៊ូ ភ្លាមៗ​ក្រោយពី​ដឹង​ថា​សហរដ្ឋ​អាមេរិក បោះឆ្នោត​ជំទាស់​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ដំណោះស្រាយ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បង្គាប់​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​សង្គ្រាម​លើ​ដែនដី​ហ្កាហ្សា មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​បាន​ថ្លែង​អរគុណ​សហរដ្ឋ​អាមេរិក ហើយ​សន្យា​ថា​នឹង​ធ្វើ​ដំណើរ​វាយ​កាន់កាប់​ដែនដី​ហ្កាហ្សា​យ៉ាង​លឿន​បំផុត ក្នុង​គោលដៅ​បោស​សម្អាត​ពួក​ហាម៉ាស ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​កងកម្លាំង​ភេរវកម្ម ព្រោះ​លួច​វាយប្រហារ​ចូល​ដែនដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ដោយ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១៤០០​នាក់។

ទោះជា​បែប​នេះ​ក្ដី ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា ទៅ​វិញ​កាន់តែ​ខ្លោចផ្សា​បំផុត ព្រោះ​ផ្ទះសម្បែង​របស់​ពួកគេ​រលាយ​ស្ទើរ​គ្មាន​សោះ ខណៈ​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​កើន​ឡើង​ជិត ១​ម៉ឺន ៨​ពាន់​នាក់ អ្នក​របួស​ជិត ៥​ម៉ឺន​នាក់ និង​ជនភៀសខ្លួន​ជិត ២​លាន​នាក់ ដោយសារតែ​ការ​ប្រយុទ្ធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស