អនុប្រធានគណបក្សភ្លើងទៀន រិះគន់ថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ដែលមានអាយុជាង ១០០ថ្ងៃនៅពេលនេះ កុំថាឡើយដល់ទៅដោះស្រាយវិបត្តិធំៗដែលមានរយៈពេលវែង សូម្បីវិបត្តិសាមញ្ញតូចតាច ដូចជា ការផ្តល់ឯកសារស្របច្បាប់ដល់ពលរដ្ឋចំណាកស្រុកដើម្បីបញ្ចៀសនូវការចាប់ចងពីសមត្ថកិច្ចនៃប្រទេសជិតខាង ក៏រដ្ឋាភិបាលក្មេងខ្ចីនេះមិនទាន់អាចធ្វើបានផង។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១២ ធ្នូ នេះថា ការធ្វើកំណែទម្រង់ផ្សេងៗ ដូចជា ផ្តល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្មែរដែលធ្វើការចំណាកស្រុក គឺជារឿងងាយបំផុតដើម្បីធានាដល់សុវត្ថិភាពនៃការឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាងរបស់ពួកគាត់ ព្រោះថាការដោះស្រាយបញ្ហានេះ មិនចាំបាច់ត្រូវការចំណាយលុយអ្វីទាំងអស់។
លោកបន្ថែមថា កិច្ចការនេះក៏មិនចាំបាច់ទៅពឹងបរទេសណាដែរ ប៉ុន្តែរយៈពេលជាង ៣ខែដែលរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានដឹកនាំ នៅតែទុកឱ្យបញ្ហានេះកើតមានលើពលករខ្មែរចំណាកស្រុកដដែល ដែលមានន័យថា ការចាប់ខ្លួនពីសមត្ថកិច្ចនៃប្រទេសជិតខាងដោយសារតែពលករខ្មែរទាំងនោះគ្មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ គឺនៅតែបន្តកើតមានសព្វថ្ងៃនេះ។
អនុប្រធានគណបក្សក្រៅរដ្ឋាភិបាលរូបនេះលើកឡើងថា ការបង្កភាពស្មុគស្មាញពីមន្ត្រីរដ្ឋាភិបាលដល់ពលករដែលដាក់ពាក្យស្នើសុំឯកសារផ្លូវច្បាប់ទៅធ្វើការនៅប្រទេសជិតខាង នៅតែមិនអាចលុបបំបាត់បាននៅឡើយ។ ជាក់ស្តែង ពលករខ្មែរដែលតម្រង់ជួរគ្នាស្នើសុំលិខិតឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស គឺត្រូវរង់ចាំរហូតដល់រាប់ម៉ោងឯណោះ។
លោកបន្តថា ការធ្វើឱ្យស្មុគស្មាញបែបនេះ គឺជានីតិវិធីរកលុយក្រៅផ្លូវការដែលគេហៅថាអំពើពុករលួយពីមន្ត្រីរដ្ឋាភិបាលមួយចំនួន ហើយវិធីរកលុយបែបនេះ ក៏បានកើតមានទៅលើនីតិវិធីនៃការចុះបញ្ជីដីធ្លីដើម្បីផ្តល់ជាកម្មសិទ្ធិដល់ពលរដ្ឋនៅទូទាំងប្រទេសដែរ ក្នុងនោះ បើម្ចាស់ដីចង់បានប្លង់បញ្ជាក់កម្មសិទ្ធិលឿនរហ័ស គឺត្រូវតែបង់លុយ ដូច្នេះករណីទាំងនេះ លោកពិតជាមិនដឹងទេថា ហេតុអ្វីរដ្ឋាភិបាលថ្មីដែលគេចាត់ទុកថាជាធនធានមនុស្សក្នុងការដឹកនាំប្រទេស បែរជាមិនអាចលុបបំបាត់បញ្ហានេះបានទៅវិញ ដែលគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ។
លោក សុន ឆ័យ បញ្ជាក់ថា បើរដ្ឋាភិបាលថ្មីនេះមិនទាន់អាចអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិធំៗដែលមានរយៈពេលវែងបានទេ គេគ្រាន់តែអនុវត្តគោលនយោបាយខ្លីៗក៏បានដែរ ដូចជា ការលុបបំបាត់អំពើពុករលួយ ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ លុបបំបាត់ថ្នាំញៀន ការទប់ស្កាត់ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម ប៉ុន្តែអស់រយៈពេលជាង ៣ខែមកនេះ លោកមិនទាន់ឃើញរដ្ឋាភិបាលក្មេងខ្ចីមួយនេះអនុវត្តជោគជ័យក្នុងការលុបបំបាត់បញ្ហាសង្គមណាមួយនៅឡើយទេ ប៉ុន្តែបែរជាចេញសញ្ញានៃការរីកធំឡើងលើករណីមួយចំនួនទៅវិញ ដូចជា បញ្ហាអំពើពុករលួយ ជាដើម។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានលើកឡើងក្នុងកម្មវិធីពិភាក្សានេះដែរថា វិស័យដែលជាជំហរសេដ្ឋកិច្ចជាតិធំៗមួយចំនួន កំពុងប្រឈមនឹងវិបត្តិធ្លាក់ចុះធ្ងន់ធ្ងរ ដូចជា វិស័យទេសចរណ៍ វិស័យវាយនភណ្ឌកាត់ដេរ និងវិស័យកសិកម្ម ជាដើម ប៉ុន្តែរដ្ឋាភិបាលថ្មីនេះមិនទាន់មានផែនការណាមួយអាចធានាក្នុងការស្ដារឱ្យវិស័យសំខាន់ៗទាំង ៣ នេះ ងើបឡើងវិញក្នុងលក្ខខណ្ឌដែលអាចជួយសេដ្ឋកិច្ចរបស់កម្ពុជាបាននៅឡើយទេ។
បណ្ឌិត សេង សារី លើកឡើងថា វិស័យកាត់ដេរកំពុងធ្លាក់ចុះដោយសារការបិទរោងចក្រ ខណៈកម្មករនិយោជិតត្រូវរងនូវការរំលោភសិទ្ធិការងារថែមទៀត។
ចំណែកវិស័យទេសចរណ៍ ក៏រងនូវការវាយប្រហារដោយបទល្មើសជួញដូរមនុស្សដែលតែងកើតមានក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ដែរក្នុងរយៈពេលចុងក្រោយនេះ ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់ភ្ញៀវទេសចរយ៉ាងធ្ងន់ធ្ងរ។
ដោយឡែកវិស័យកសិកម្មរបស់កម្ពុជា ក៏មិនអាចជួយសេដ្ឋកិច្ចកម្ពុជាបានដែរ ព្រោះមិនមែនជាកសិកម្មនាំចេញនោះទេ គឺជាកសិកម្មនាំចូលប៉ុណ្ណោះ ហើយការនាំចូលនេះគឺពឹងផ្អែកតែទៅលើប្រទេសវៀតណាមប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យកសិកម្មនៅកម្ពុជាមិនអាចជួយសេដ្ឋកិច្ចកម្ពុជាបានដូចគ្នាដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថា បើលោក ហ៊ុន ម៉ាណែត មានសមត្ថភាពស័ក្តិសមនឹងតំណែងជានាយករដ្ឋមន្ត្រីមែន គាត់គួរតែអាចដោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋក្នុងតំណែងជាង ១០០ថ្ងៃរបស់គាត់នៅពេលនេះ ព្រោះថាវិស័យទាំង ៣ នេះ គឺជាឆ្នាំងបាយប្រចាំថ្ងៃរបស់ពលរដ្ឋសំខាន់ណាស់ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលរបស់គាត់មិនទាន់អាចដោះស្រាយបញ្ហាណាមួយបាននៅឡើយទេ ស្របពេលដែលប្រទេសជិតខាងបានដាក់ចេញនូវគោលនយោបាយជាតិលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដូចជា ប្រទេសថៃ ជាដើម។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត បានឡើងកាន់អំណាចជំនួសលោក ហ៊ុន សែន ដែលជាឪពុកចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក ដូច្នេះបើគិតមកទល់នឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានរយៈពេល ១១៤ថ្ងៃហើយ។
ក្នុងរយៈពេលកាន់អំណាចជាង ៣ខែនេះ ត្រូវគេមើលឃើញថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះមិនទាន់បានដោះស្រាយបញ្ហារបស់កម្ពុជាដែលជាប់គាំង ឬកំពុងរីករាលដាលដែលបន្សល់ពីឪពុករបស់គាត់បានមួយករណីនៅឡើយទេ ប៉ុន្តែគេមើលឃើញថា គាត់គ្រាន់តែអនុវត្តទៅតាមការដឹកនាំដែលលោក ហ៊ុន សែន ធ្លាប់ធ្វើប៉ុណ្ណោះ ដូចជា ពេលមានទឹកជំនន់ យកទូក និងកាណូតទៅដឹកជញ្ជូនពលរដ្ឋរងគ្រោះពីទឹកជំនន់ និងចែកអំណោយប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ អតីតនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី ធ្លាប់បានលើកឡើងថា ក្រោមការចាត់ចែងរបស់លោក ហ៊ុន សែន គាត់បានបង្កើតចេញនូវរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីខុសច្បាប់ថ្មីមួយក្នុងឆ្នាំ២០២៣ នេះ ប៉ុន្តែរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីខុសច្បាប់ថ្មីនេះ គឺត្រូវស្ថិតក្នុងការគ្រប់គ្រងរបស់គាត់ដដែល ដូច្នេះគឺមានន័យថា ប្រទេសកម្ពុជាផ្លាស់ប្ដូរតែនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលប៉ុណ្ណោះ តែការដឹកនាំគឺនៅដូចមុនដដែលទាំងអស់៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

