34 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ការ​បញ្ចូល​រូប​លោក ហ៊ុន ម៉ាណែត ក្នុង​រូប​សញ្ញា​បក្ស​ថា​បង្ហាញ​ពី​ការ​ឯកភាព​ជា​អ្នក​បម្រើ​បក្ស​កុម្មុយនីស្ត​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​បញ្ចូល​រូប​លោក ហ៊ុន ម៉ាណែត ទៅ​ក្នុង​រូប​សញ្ញា​ថ្មី​របស់​បក្ស​កាន់​អំណាច​ជាមួយ​លោក ហេង សំរិន និង​រូប​លោក ហ៊ុន សែន នៅ​ថ្ងៃ ៧ មករា ដើម​ឆ្នាំ​ក្រោយ​នេះ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ឯកភាព​របស់​វៀតណាម ក្នុង​ការ​ទទួលយក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បម្រើ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​របស់​វៀតណាម ទៅ​ថ្ងៃ​មុខ​បន្ត​វេន​ពី​លោក ហ៊ុន សែន។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ទាល់តែ​ត្រកូល​ហ៊ុន​យល់ព្រម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បម្រើ​ប្រយោជន៍​ឱ្យ​វៀតណាម ដូច​លោក ហ៊ុន សែន ទើប​ពួកគេ​យល់ព្រម​ឱ្យ​លោក ហ៊ុន ម៉ាណែត ទទួល​បាន​នូវ​តួនាទី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន ហ៊ាន​បញ្ចូល​រូប​កូនប្រុស​របស់​គាត់​ក្នុង​រូប​សញ្ញា​ថ្មី​របស់​បក្ស​កាន់​អំណាច​បែប​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា រូបភាព​នេះ​បាន​បង្ហាញ​នូវ​អត្ថន័យ​ជាច្រើន ដូចជា ប្រទេស​កម្ពុជា​មិន​មែន​គ្រប់គ្រង​ដោយ​ច្បាប់​ទេ គឺ​គ្រប់គ្រង​ដោយ​បក្ស ចំណែក​បក្ស​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា ក៏​មិន​មែន​គ្រប់គ្រង​ដោយ​មន្ត្រី​បក្ស​នោះ​ដែរ គឺ​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន ដោយឡែក​គ្រួសារ​ត្រកូល​ហ៊ុន ក៏​មិន​មែន​ជា​គ្រួសារ​មាន​អំណាច​ឯករាជ្យ​ដែរ គឺជា​គ្រួសារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម ដែល​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​សព្វថ្ងៃ​នេះ គឺ​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​ទាំងស្រុង តាមរយៈ​គ្រួសារ​ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច ក៏​លោក ហ៊ុន សែន មិន​ដែល​យក​រូប​គាត់​មក​ដាក់​ក្នុង​រូប​សញ្ញា​នេះ​ដែរ។ ដូច្នេះ​មាន​ន័យ​ថា លោក ហ៊ុន សែន បាន​ចាត់ទុក​ប្រទេស​ខ្មែរ និង​គណបក្ស​ប្រជាជន​កម្ពុជា ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ត្រកូល​ហ៊ុន​រួច​ហើយ។

លោក​អះអាង​ថា ទៅ​ថ្ងៃ​ក្រោយ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត​គ្រាន់តែ​ជា​មន្ត្រី​បម្រើ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​មាន​តែ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែ​មួយ​គត់​ដែល​ជា​មន្ត្រី​គ្រប់គ្រង​បក្ស​កាន់​អំណាច។

រូប​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដាក់​ក្នុង​ផ្ទាំង​នៃ​កិច្ចប្រជុំ​បោះឆ្នោត​ជ្រើសរើស​សមាសភាព​បំពេញ​បន្ថែម​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​គណបក្ស​ក្រសួង​អធិការកិច្ច នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា វិមាន ៧​មករា កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣។

កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​មួយ ណែនាំ​ឱ្យ​បណ្ដាញ​គណបក្ស​តាម​រាជធានី​ខេត្ត ប្រើប្រាស់​រូប​សញ្ញា​ដែល​គណៈកម្មាធិការ​កណ្ដាល​បាន​សម្រេច​កែសម្រួល​ថ្មី គឺ​ដាក់​បញ្ចូល​រូប​លោក ហ៊ុន ម៉ាណែត ទន្ទឹម​គ្នា​ជាមួយ​នឹង​រូប​លោក ហេង សំរិន និង​រូប​លោក ហ៊ុន សែន ដែល​ជា​រូប​សញ្ញា​ចាស់ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧​មករា របស់​បក្ស​ប្រជាជន​កម្ពុជា​ខាងមុខ​នេះ។

ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ឡូកូ​ថ្មី​នេះ (រូប​សញ្ញា) ក៏​នឹង​សម្រេច​ឱ្យ​ប្រើប្រាស់​ទៅ​ថ្ងៃ​មុខ​ទៀត​ដែរ ជាពិសេស​សម្រាប់​ការ​ឃោសនា​បោះឆ្នោត​ទាំង​សកល និង​អសកល។

ការ​សម្រេច​កែសម្រួល​ដាក់​បញ្ចូល​រូប​លោក ហ៊ុន ម៉ាណែត ចូល​ទៅ​ក្នុង​រូប​សញ្ញា​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ ដែល​ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ការ​ប្រកាស​ខ្លួន​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​ថ្មី ដើម្បី​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​វៀតណាម​បន្ត​ពី​លោក ហ៊ុន សែន ទៅ​ថ្ងៃ​មុខ​ទៀត។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​សំខាន់ៗ​មួយ​ចំនួន ដូចជា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ្វូចុង លោក វ៉ វ៉ាន់ធឿង ប្រធាន​រដ្ឋ​វៀតណាម និង​លោក វឿង ឌិញហ្វេ ប្រធាន​រដ្ឋសភា​វៀតណាម​ផង​ដែរ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​រវាង​កម្ពុជា និង​វៀតណាម។

រូប​សញ្ញា​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​រូប​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ប៉ុន្តែ​ក្រោយ​ពេល​លោក ជា ស៊ីម ទទួល​មរណភាព​កាលពី​អំឡុង​ឆ្នាំ​២០១៥ ឡូកូ​នេះ​មាន​តែ​រូប​លោក ហេង សំរិន និង​រូប​លោក ហ៊ុន សែន ប៉ុណ្ណោះ សូម្បី​លោក ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស និង​ជា​ឧបនាយករដ្ឋមន្ត្រី ក៏​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ឡូកូ​នេះ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្ស និង​ត្រឡប់​មកពី​ប្រទេស​វៀតណាម វិញ លោក ហ៊ុន សែន ក៏​សម្រេច​បញ្ចូល​រូប​កូនប្រុស​របស់​គាត់​ក្នុង​ឡូកូ​នេះ​តែម្តង។

អ្នកវិភាគ​នយោបាយ​ចាស់វស្សា​មួយ​រូប គឺ​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​ថា រូបមន្ត​នៃ​ការ​ដាក់​រូប​សញ្ញា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

លោក​បន្ត​ថា វា​ជា​រូបមន្ត​ចាស់ ដោយសារ​ក្នុង​រូប​សញ្ញា​ថ្មី​នេះ គឺ​មាន​ប្រធាន​កិត្តិយស​បក្ស​សម្តេច ហេង សំរិន នៅ​ដដែល ប្រធាន​បក្ស​ពី​មុន គឺ​សម្តេច ជា ស៊ីម ប៉ុន្តែ​បាន​អនិច្ចកម្ម​ទៅ​ហើយ។ ឥឡូវ​សម្តេច ហ៊ុន សែន ឡើង​ជា​ប្រធាន​បក្ស ហើយ​អនុប្រធាន​បក្ស និង​ជា​នាយករដ្ឋមន្ត្រី គឺ​សម្តេច ហ៊ុន ម៉ាណែត។

បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា នៅ​វៀតណាម គេ​មាន​សហ​មេដឹកនាំ​បី​រូប គឺ​អគ្គលេខាបក្ស នាយករដ្ឋមន្ត្រី ប្រធានាធិបតី។ ទាំង​បី​នាក់​ធ្វើ​សេចក្តី​សម្រេច​រួម​គ្នា ហើយ​មេៗ​ម្នាក់ៗ​មាន​អំណាច​ជំទាស់ ឬ​ហៅថា វេតូ (veto) មិន​ឲ្យ​សេចក្តី​សម្រេច​នោះ​ចេញ​ជា​ធរមាន​បាន។ រូបមន្ត​នេះ គឺ​ដើម្បី​កុំ​ឲ្យ​អំណាច​ទៅ​កុំ​ក្នុង​ដៃ​មនុស្ស​ម្នាក់ ដែល​វា​ជា​គំរូ​របស់​សហភាព​សូវៀត ក្រោយ​អំណាច​ទៅ​កុំ​នៅ​ក្នុង​ដៃ ស្តាលីន (Stalin) ជា​អគ្គលេខាបក្ស​ដែល​ជា​ដឹកនាំ​តែ​ម្នាក់​ឯង។ ពេល​នោះ ស្តាលីន បាន​ក្លាយ​ទៅ​ជា​មេដឹកនាំ​ផ្ដាច់ការ​ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​រាប់​សិប​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស