26 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​កិច្ចព្រមព្រៀង​មិន​ប្រក្រតី​នានា​ដែល​មិន​បម្រើ​ឱ្យ​ប្រយោជន៍​ជាតិ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពិនិត្យ​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​មិន​ប្រក្រតី​នានា​ឡើងវិញ ដើម្បី​ស្វែងរក​ផល​ប្រយោជន៍​ជាតិ​ខ្មែរ ជាពិសេស​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ការ​តាំង​ចិត្ត​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដឹកនាំ​ស្វែងរក​ប្រយោជន៍​របស់​ជាតិ​ខ្មែរ គឺជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ ប៉ុន្តែ​ការ​អនុវត្ត​ត្រូវតែ​ធ្វើឡើង​ដោយ​ប្រើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​របស់​ខ្លួន មិន​មែន​គ្រាន់តែ​ធ្វើ​ឡើង​តាម​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​តែ​ម្យ៉ាង​នោះ​ទេ ព្រោះ​ថា​ពាក់ព័ន្ធ​នឹង​ប្រយោជន៍​ជាតិ ដូចជា រឿង​ទឹកដី ជាដើម គឺ​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ជា​ធរមាន។

លោក សេក សុជាតិ លើកឡើង​ថា ការ​ចុះ​កិច្ចព្រមព្រៀង​នានា ជាពិសេស​រឿង​ព្រំដែន រដ្ឋាភិបាល​កម្ពុជា​គួរ​ពិនិត្យ​លើ​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​ថា ការ​ចរចា​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដូចជា​វៀតណាម ជាដើម គឺ​ពិត​ជា​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​អន្តរជាតិ​នេះ។ ជាង​នេះ​ទៀត ក៏​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​រក​ការ​ចរចា​រឿង​ព្រំដែន​នេះ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​កិច្ចសន្យា​អន្តរជាតិ​សំខាន់​បំផុត​ក្នុង​ការ​ប្រើ​ដើម្បី​ឱ្យ​ការ​ចរចា​ជាមួយ​បរទេស​ជិតខាង ជាពិសេស​ការ​កំណត់​ព្រំដែន ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។ ជាង​នេះ​ទៀត ក៏​ដើម្បី​ការពារ​ពី​ការ​តវ៉ា​ក្នុង​ចេតនា​កេង​ចំណេញ​ពី​ភាគី​ម្ខាង​ទៀត​ផង​ដែរ ដែល​អាច​ឱ្យ​កម្ពុជា​រក្សា​កុំ​ឱ្យ​កើត​មាន​ជម្លោះ​ផង និង​ធានា​នូវ​សុក្រឹតភាព​នៃ​ការ​ចរចា​នេះ​ថែម​ទៀត។

ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ចរចា​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​នៅ​សល់ ១៦% ទៀត ឱ្យ​បាន​ត្រឹមត្រូវ​បំផុត ដោយ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ជឿជាក់​លើ​រូបលោក​ក្នុង​ការ​ដឹកនាំ​រក​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ជាតិ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​សល់​តែ ១៦% ទៀត​ប៉ុណ្ណោះ ដូច្នេះ​រដ្ឋាភិបាល​ថ្មី​របស់​លោក នឹង​បន្ត​ដោះស្រាយ​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា ការ​ចរចា​រឿង​បោះ​បង្គោល​ព្រំដែន គឺជា​រឿង​ដែល​ពិបាក​បំផុត ព្រោះ​ថា ក្រុម​ការងារ​ដែល​ធ្វើ​កិច្ចការ​នេះ ធ្លាប់​អត់​បាយ​អត់​ទឹក​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​វៀតណាម ព្រោះ​តែ​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

កម្ពុជា-វៀតណាម មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​សរុប​ចំនួន ៣១៤​បង្គោល​រួច​រាល់​ហើយ ដែល​ស្មើ​នឹង ៨៤% ខណៈ ១៦% ទៀត កំពុង​ចរចា​គ្នា​នៅឡើយ ប៉ុន្តែ​ភាគី​វៀតណាម តែងតែ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ឯកភាព​គ្នា​ក្នុង​ការ​បោះ​បង្គោល ១៦% នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ៊្វុក និង​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​រួម​គ្នា​ទទួលស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​សម្រេច​បាន​ចំនួន ៨៤% ខណៈ​បង្គោល​ដែល​នៅ​សល់ ១៦% ទៀត កំពុង​ស្ថិត​នៅ​ជា​ចំណុច​ដែល​មិនទាន់​ឯកភាព​គ្នា​នៅឡើយ។

ក្រៅពី​ការ​ឯកភាព​គ្នា​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន លោក ហ៊ុន សែន ក៏​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម ថា​នឹង​ពន្លឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​លើ​ការ​ផ្តល់​សច្ចាប័ន​នៃ​ការ​ផ្តល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​នានា​ផង​ដែរ ក្នុង​នោះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវតែ​សម្រេច​ឱ្យ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ធ្លាប់​បាន​អះអាង​ថា កម្ពុជា និង​វៀតណាម បាន​អបអរ​សាទរ​លើ​ពិធី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ពិធីសារ​ខណ្ឌសីមា​បោះ​បង្គោល​ព្រំដែន​គោក ពិធីសារ​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា-វៀតណាម​ខ្នាត ១/២៥០០០ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ទទួល​យក​បាន​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ ១៦% ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត ត្បិត​កម្ពុជា​មិន​ត្រឹមតែ​រង​នូវ​វិបត្តិ​ខ្សែ​ព្រំដែន​មិន​រឹងមាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំងមូល​ថែម​ទៀត ដោយសារតែ​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា តែងតែ​ធ្វើ​តាម​សំណើ​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម រហូត​មក រាល់​ពេល​ដែល​មេដឹកនាំ​វៀតណាម ដាក់​សំណើ​ផ្សេងៗ ដូចជា រឿង​ព្រំដែន រឿង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ និង​ការ​កែប្រែ​ផែនទី​បោន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ខ្នាត ១ លើ ១០០​ពាន់ មក​ជា​ផែនការ​បោន​ខ្នាត ១ លើ ២៥​ពាន់ សម្រាប់​កំណត់​ព្រំដែន​ជាមួយ​វៀតណាម ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស