អ្នកឃ្លាំមើលជំរុញឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ពិនិត្យលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាមិនប្រក្រតីនានាឡើងវិញ ដើម្បីស្វែងរកផលប្រយោជន៍ជាតិខ្មែរ ជាពិសេសកិច្ចព្រមព្រៀងស្ដីពីព្រំដែន ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ធ្នូ នេះថា ការតាំងចិត្តរបស់លោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំស្វែងរកប្រយោជន៍របស់ជាតិខ្មែរ គឺជារឿងគួរឱ្យអបអរសាទរ ប៉ុន្តែការអនុវត្តត្រូវតែធ្វើឡើងដោយប្រើច្បាប់ជាតិ និងច្បាប់អន្តរជាតិរបស់ខ្លួន មិនមែនគ្រាន់តែធ្វើឡើងតាមការសម្រេចចិត្តរបស់មេដឹកនាំតែម្យ៉ាងនោះទេ ព្រោះថាពាក់ព័ន្ធនឹងប្រយោជន៍ជាតិ ដូចជា រឿងទឹកដី ជាដើម គឺត្រូវតែអនុវត្តទៅតាមច្បាប់ជាធរមាន។
លោក សេក សុជាតិ លើកឡើងថា ការចុះកិច្ចព្រមព្រៀងនានា ជាពិសេសរឿងព្រំដែន រដ្ឋាភិបាលកម្ពុជាគួរពិនិត្យលើខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីធានាថា ការចរចារបស់ខ្លួនជាមួយរដ្ឋាភិបាលប្រទេសជិតខាង ដូចជាវៀតណាម ជាដើម គឺពិតជាត្រឹមត្រូវតាមខ្លឹមសារនៃសន្ធិសញ្ញាអន្តរជាតិនេះ។ ជាងនេះទៀត ក៏ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តលើការដឹកនាំរកការចរចារឿងព្រំដែននេះដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចសន្យាអន្តរជាតិសំខាន់បំផុតក្នុងការប្រើដើម្បីឱ្យការចរចាជាមួយបរទេសជិតខាង ជាពិសេសការកំណត់ព្រំដែន ដើម្បីរក្សាអធិបតេយ្យជាតិរបស់ខ្លួន។ ជាងនេះទៀត ក៏ដើម្បីការពារពីការតវ៉ាក្នុងចេតនាកេងចំណេញពីភាគីម្ខាងទៀតផងដែរ ដែលអាចឱ្យកម្ពុជារក្សាកុំឱ្យកើតមានជម្លោះផង និងធានានូវសុក្រឹតភាពនៃការចរចានេះថែមទៀត។
ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចរចាបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលនៅសល់ ១៦% ទៀត ឱ្យបានត្រឹមត្រូវបំផុត ដោយសុំឱ្យពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ជឿជាក់លើរូបលោកក្នុងការដឹកនាំរកផលប្រយោជន៍ឱ្យប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅសល់តែ ១៦% ទៀតប៉ុណ្ណោះ ដូច្នេះរដ្ឋាភិបាលថ្មីរបស់លោក នឹងបន្តដោះស្រាយបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ការចរចារឿងបោះបង្គោលព្រំដែន គឺជារឿងដែលពិបាកបំផុត ព្រោះថា ក្រុមការងារដែលធ្វើកិច្ចការនេះ ធ្លាប់អត់បាយអត់ទឹកក្នុងការចរចាជាមួយភាគីវៀតណាម ព្រោះតែដើម្បីផលប្រយោជន៍ជាតិ។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤បង្គោលរួចរាល់ហើយ ដែលស្មើនឹង ៨៤% ខណៈ ១៦% ទៀត កំពុងចរចាគ្នានៅឡើយ ប៉ុន្តែភាគីវៀតណាម តែងតែជំរុញឱ្យលោក ហ៊ុន សែន ឯកភាពគ្នាក្នុងការបោះបង្គោល ១៦% នេះឱ្យបានឆាប់រហ័ស។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និងលោក ហ៊ុន សែន បានចុះហត្ថលេខារួមគ្នាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤% ខណៈបង្គោលដែលនៅសល់ ១៦% ទៀត កំពុងស្ថិតនៅជាចំណុចដែលមិនទាន់ឯកភាពគ្នានៅឡើយ។
ក្រៅពីការឯកភាពគ្នាក្នុងការបោះបង្គោលព្រំដែន លោក ហ៊ុន សែន ក៏បានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលវៀតណាម ថានឹងពន្លឿននីតិវិធីដើម្បីផ្លាស់ប្ដូរលិខិតុបករណ៍លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែមនានាផងដែរ ក្នុងនោះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់បន្ថែមថា ការផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា-វៀតណាម ជាកិច្ចការចាំបាច់បំផុតដែលប្រទេសទាំងពីរត្រូវតែសម្រេចឱ្យបាន។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែតុលា ឆ្នាំ២០២១ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ធ្លាប់បានអះអាងថា កម្ពុជា និងវៀតណាម បានអបអរសាទរលើពិធីផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក ពិធីសារផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត ១/២៥០០០ ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់ប្រមាណ ១៦% ទៀត។
ក្រុមអ្នកសង្កេតការណ៍ព្រមានថា កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគត ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែនមិនរឹងមាំប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀត ដោយសារតែគេមើលឃើញថា មេដឹកនាំបក្សប្រជាជនកម្ពុជា តែងតែធ្វើតាមសំណើរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម រហូតមក រាល់ពេលដែលមេដឹកនាំវៀតណាម ដាក់សំណើផ្សេងៗ ដូចជា រឿងព្រំដែន រឿងជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ និងការកែប្រែផែនទីបោនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញខ្នាត ១ លើ ១០០ពាន់ មកជាផែនការបោនខ្នាត ១ លើ ២៥ពាន់ សម្រាប់កំណត់ព្រំដែនជាមួយវៀតណាម ជាដើម៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

