27 C
Phnom Penh

អ្នកវិភាគ៖ អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ចិន​និង​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ក្រោយ​ពី​លោក ហ៊ុន សែន ព្យាយាម​យក​គម្រោង​ព្រែកជីក​នេះ​ទៅ​ភ្ជាប់​ជាមួយ​ចិន ដើម្បី​ឱ្យ​ចិន ជួយ​ការពារ​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​ខ្លួន​ពី​ការ​គំរាមកំហែង​របស់​វៀតណាម។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ភាគី​ទាំង​៣ គឺ​វង្ស​ត្រកូល​ហ៊ុន វៀតណាម និង​ចិន កំពុង​យក​ប្រទេស​កម្ពុជា​ដាក់​លើ​ជ្រញ់​អង្កន់​យក​ផល​ប្រយោជន៍​រៀង​ខ្លួន ក្នុង​នោះ គ្រួសារ​របស់​លោក ហ៊ុន សែន គិតគូរ​តែ​ពី​ពង្រឹង​អំណាច ខណៈ​វៀតណាម គិតគូរ​តែ​ពី​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ ស្រប​ពេល​ដែល​ចិន គិតគូរ​តែ​ពី​ផល​ប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ដែល​គេ​ត្រូវការ​កម្ពុជា​ជា​កូនអុក​ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន ដោយ​លុយ​ខ្លួនឯង មិន​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​មិន​ដោះដូរ​ដោយ​ការ​សម្បទាន​អ្វី​មួយ​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ពិត​ជា​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​កម្ពុជា ប៉ុន្តែ​នៅ​ពេល​ដែល​គម្រោង​ព្រែកជីក​នេះ​ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​បំណុល​ចិន និង​ការ​ចរចា​ដោយ​ដូរ​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​បែប​នេះ កម្ពុជា​នឹង​ក្លាយ​ជា​ទីលាន​ប្រកួត​រវាង​ចិន និង​វៀតណាម ទៅ​វិញ ដែល​នេះ គឺ​បាបគ្រោះ​សម្រាប់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ដើម្បី​ចៀសវាង​នូវ​ការ​ប៉ះទង្គិច​ជាមួយ​វៀតណាម លោក ហ៊ុន ម៉ាណែត បាន​សម្បទាន​តាម​ការ​ទាមទារ​របស់​វៀតណាម​ជាច្រើន ដូចជា ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម រាប់​សិប​ម៉ឺន​នាក់ ការ​បើក​ឱ្យ​ដំណើរការ​ភាសា​វៀតណាម នៅ​តាម​សាកលវិទ្យាល័យ​របស់​កម្ពុជា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ឈ្មួញ​វៀតណាម រយៈពេល​រាប់​សិប​ឆ្នាំ និង​ការ​បន្ត​ដាក់​ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ជាដើម ដែល​នេះ​គឺជា​គ្រោះថ្នាក់​បាត់​ប្រទេស​ជាតិ​ដ៏​គួរ​ឱ្យ​តក់ស្លុត​ទៅ​ថ្ងៃ​មុខ។

លោក គឹម សុខ បញ្ជាក់​ថា ក្រៅពី​បញ្ហា​ជាមួយ​វៀតណាម កម្ពុជា​ក៏​នឹង​ជាប់​អន្ទាក់​ជាមួយ​ចិន​ដែរ ជុំវិញ​បំណុល​ដែល​យក​មក​សាងសង់​ព្រែកជីក​នេះ ដូចជា អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​អន្ទាក់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​ចិន ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ព្រួយបារម្ភ​ពី​បញ្ហា​ទាំងនេះ​យ៉ាង​ខ្លាំង ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ការ​បាត់បង់​អធិបតេយ្យ​ជាតិ ក្រោម​ការ​ចុះ​កិច្ចព្រមព្រៀង​នានា​មិន​ឯករាជ្យ ដែល​នឹង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន​ទៅ​ថ្ងៃ​មុខ​ថែម​ទៀត ដោយសារតែ​បំណុល​ទាំងនេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​វៀតណាម បាន​ជជីក​សួរ​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា អំពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ដែល​កម្ពុជា​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​មេដឹកនាំ​វៀតណាម​ជជីក​សួរ​ដេញដោល​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ដែល​កម្ពុជា​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា លោក​បាន​ប្រាប់​ភាគី​វៀតណាម រួច​ហើយ​ថា គម្រោង​នេះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​វៀតណាម ឬ​លំហូរ​ទឹកទន្លេ​មេគង្គ និង​ទន្លេ​ផ្សេងៗ​ទេ ជាពិសេស​នៅតែ​អាច​រក្សា​បាន​នូវ​បរិស្ថាន អេកូឡូស៊ី និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវចម្រុះ​ក្នុង​ទន្លេមេគង្គ​ដដែល។

គម្រោង «ព្រែកជីក​ហ្វូណន» ចាប់ផ្តើម​ពី​ព្រែក​តាកែវ ឆ្លងកាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេបាសាក់ ដែល​ចូល​តាម​ព្រែក​តាហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​ប្រមាណ ១,៦​លាន​នាក់​រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​អនុម័ត​ឱ្យ​សាងសង់​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ដោយ​ដាក់​ឈ្មោះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៧០០​លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ​ថវិកា​សាងសង់​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​លើ​ការ​ខ្ចី​លុយ​ចិន​ទាំងស្រុង ដែល​ត្រូវ​ចំណាយ​ពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ។

ជុំវិញ​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រគល់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) សិក្សា​លម្អិត​ហើយ មុន​នឹង​ឈាន​ដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​សាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​អភិវឌ្ឍ​ក្រោម​កម្ចី​ចិន កម្ពុជា​មិន​អាច​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​លើ​សមិទ្ធផល​លើ​ទឹកដី​របស់​ខ្លួន​បាន​ទេ។ ជាក់ស្តែង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ក៏​ប្រគល់​ឱ្យ​ចិន គ្រប់គ្រង ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ក៏​ប្រគល់​ឱ្យ​ចិន គ្រប់គ្រង ៥៥​ឆ្នាំ ខណៈ​ព្រែកជីក​ហ្វូណន​នេះ ក៏​គេ​រំពឹង​ថា ចិន​នឹង​គ្រប់គ្រង​ក្នុង​រយៈពេល​យូរ​ឆ្នាំ​បន្ត​ទៀត​ដែរ ខណៈ​ប្រយោជន៍​ទាំងនេះ​នឹង​ត្រូវ​ចិន ប្រមូល​យក​គ្មាន​សល់​ពី​ទឹកដី​ខ្មែរ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​បាន​លើកឡើង​ថា ចិន​តែង​ប្រើ​ពាក្យ​មួយ​ឃ្លា​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ថា គ្មាន​មិត្ត ហើយ​ក៏​គ្មាន​សត្រូវ​ដែរ គឺ​មាន​តែ​ប្រយោជន៍​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស