35 C
Phnom Penh

ស្នងការ​បញ្ជា​សមត្ថកិច្ច​តាម​ចាប់​អ្នក​បើក​ឡាន​ទំនើប Hummer បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ស្ត្រី​ម្នាក់​និង​កុមារ​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជួន ណារិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​សមត្ថកិច្ច​ចម្រុះ​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់​អ្នក​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Hummer បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់ និង​កុមារ​តូច​ម្នាក់​ស្លាប់ កាលពី​យប់​ឈាន​ចូល​ថ្ងៃទី​២៥ ខែ​ធ្នូ។

អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បាន​ដាក់​បទបញ្ជា​ស្នងការ​រង​ដែល​ចុះ​ពង្រឹង​ការងារ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ឱ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ដឹកនាំ​ពង្រឹង​ការងារ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព និង​គោរព​វិន័យ​សីលធម៌​ស្មោះត្រង់​វិជ្ជាជីវៈ​របស់​មន្ត្រី​ជំនាញ​ពេល​ចុះ​អនុវត្ត​ច្បាប់។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក​បាន​កត់សម្គាល់​ឃើញ​ថា ការ​កើត​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​របួស និង​ស្លាប់​ជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​ករណី​បើ​មាន​គ្រោះថ្នាក់​ខាងលើ​នេះ​កើត​ឡើង បើ​មាន​អ្នក​បង្ក​ព្យាយាម​រត់​គេច មន្ត្រី​ជំនាញ​ត្រូវ​ស្រាវជ្រាវ​តាម​ឃាត់​ចាប់​យក​មក​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត។

យោង​តាម​របាយការណ៍​បឋម​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា អ្នក​បង្ក​គ្រោះថ្នាក់​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Hummer ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន និង​បុក​ម៉ូតូ​ខ្ទាត​ទៅ​បោក​នឹង​គល់ឈើ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់ និង​កុមារ​តូច​ម្នាក់​ស្លាប់ រីឯ​បុរស​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ខណៈ​ជន​បង្ក​បាន​រត់​គេច​ខ្លួន។

របាយការណ៍​ដដែល​លើក​ឡើង​ថា ហេតុការណ៍​បាន​កើត​ឡើង​នៅ​លើ​វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ០០ និង ១២​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ ខែ​ធ្នូ។ បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ អ្នក​ជិះ​ម៉ូតូ​គឺជា​គ្រួសារ​មួយ​ដែល​មាន​ប្តី​ប្រពន្ធ និង​កូន​តូច។

ជុំវិញ​ការ​អនុវត្ត​ច្បាប់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​បញ្ជា​ផង​ដែរ​ឱ្យ​មន្ត្រី​ប៉ូលិស​ដែល​ចុះ​ផ្ទាល់ អនុវត្ត​វិធានការ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​សុំ​គោលការណ៍​ថ្នាក់លើ​នោះ​ឡើយ។ លោក​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ថា រាល់​ការ​សម្រេច​ត្រឹមត្រូវ​របស់​មន្ត្រី​ប៉ូលិស គឺ​មាន​លោក​ធ្វើ​ជា​ខ្នង ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​តំណែង​បុណ្យ​ស័ក្តិ​នោះ​ឡើយ។

ទាក់ទង​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ ករណី​ជនសង្ស័យ​ដែល​ជា​អ្នក​បើករថយន្ត Jeep បង្ក​គ្រោះថ្នាក់​កន្លង​មក ត្រូវ​បាន​តំណាង​អយ្យការ​ចេញ​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​មួយ ស្ដីពី​ការ​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស។ ការ​ចោទប្រកាន់​ដោយ​តំណាង​អយ្យការ​ដែល​សំអាង​លើ​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។ ដីកា​សន្និដ្ឋាន​ដែល​បញ្ជូន​ឲ្យ​តុលាការ​ស៊ើបសួរ​បន្ត​នៅ​ថ្ងៃ​នេះ (ថ្ងៃទី​២៥ ធ្នូ) ធ្វើឡើង​បន្ទាប់ពី​ជនសង្ស័យ​ទើប​ព្រម​ចូល​មក​សារភាព​ពី​កំហុស​កាលពី​ព្រឹក​ថ្ងៃទី​២៣ ធ្នូ។ ជា​ការ​ចូល​ខ្លួន​មក​សារភាព​កំហុស ៥​ថ្ងៃ​ក្រោយពី​មាន​ដីកា​បញ្ជា​ឲ្យ​ចូល​មក​បង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ កន្លង​ទៅ។

ករណី​បុក​មនុស្ស​ស្លាប់​ហើយ​គេចវេះ​មិន​ទទួល​ខុសត្រូវ​នេះ ជា​ករណី​មួយ​ដែល​ត្រូវ​បាន​មហាជន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ជាមួយ​នឹង​ក្ដី​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ជនសង្ស័យ​រូប​នេះ។ ប្រតិកម្ម​របស់​មហាជន​យ៉ាង​ដូច្នេះ បាន​ក៏​ញ៉ាំង​ឡើង​ក្រោយពី​ភរិយា​របស់​សព​ជនរងគ្រោះ​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Juppy អះអាង​ថា ពី​ទទួល​បាន​ការ​គំរាម​ឲ្យ​ដក​ពាក្យបណ្ដឹង​ជា​ថ្នូរ​នឹង​ទឹកប្រាក់ ១០០០​ដុល្លារ​ជាដើម។ ភរិយា​របស់​សព​ជនរងគ្រោះ ក៏​បាន​បង្ហាញ​ពី​ទុក្ខសោក ក្ដី​ឈឺចាប់​របស់​ខ្លួន​យ៉ាង​ហូរហែ អំឡុង​ពេល​ដែល​ជន​បង្ក​មិន​ទាន់​ចូល​ខ្លួន​មក​សារភាព​កំហុស​ផង​ដែរ។

យោង​តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជន​ណា​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ដល់ ១៥​លាន​រៀល ព្រមទាំង​អាច​ផ្ដន្ទាទោស​បន្ថែម​ថ្មី​មួយ ឬ​ច្រើន​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស