32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អះអាង​ថា​គម្រោង​ព្រែកជីក​ហ្វូណន​គឺ​រដ្ឋ​មិន​បាន​ខ្ចី​លុយ​ចិន​មក​សាងសង់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រដ្ឋាភិបាល​មិន​បាន​ខ្ចី​លុយ​ចិន មក​សាងសង់​ទេ ប៉ុន្តែ​គម្រោង​នេះ​គឺ​សាងសង់​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ក្នុង​ទម្រង់ BOT ដែល​ចំណាយ​ដើមទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៃ «សមិទ្ធផល​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ជើងឯក» ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (Public- Private Partnerships – PPP) ឬ​តាម​រូបភាព​សាងសង់​ធ្វើ​អាជីវកម្ម​ផ្ទេរ (BOT) ដែល​ទម្រង់​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។ កន្លង​មក កម្ពុជា​បាន​អនុវត្ត​ទម្រង់ BOT នេះ​ហើយ​តាមរយៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ។ ក្រោយ​សាងសង់​រួច​មក ផ្លូវ​ល្បឿន​លឿន​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វិស័យ​ឯកជន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា បច្ចុប្បន្ន ដៃគូ​ឯកជន​កំពុង​រៀបចំ​ការ​សិក្សា​លទ្ធភាព​គម្រោង​ព្រែកជីក​នេះ និង​គ្រោង​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​វាយតម្លៃ​នា​ពេល​ខាងមុខ​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​របស់​កម្ពុជា។

លោក​អះអាង​ថា រដ្ឋ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​គម្រោង​ព្រែកជីក​នេះ ទើប​ត្រូវការ​សហការ​ជាមួយ​វិស័យ​ឯកជន ដែល​ជា​អ្នក​ទទួល​បន្ទុក​វិនិយោគ និង​ចំណាយ​លើ​ការ​សាងសង់ និង​គ្រប់គ្រង​លើ​គម្រោង​នោះ​ដោយ​មាន​អាណត្តិ និង​រយៈពេល​កំណត់​ច្បាស់លាស់។

លោក ហ៊ុន ម៉ាណែត បាន​បន្ថែម​ថា ក្រោយ​ពេល​ចប់​អាណត្តិ ឬ​រយៈពេល​នៃ​ការ​ព្រមព្រៀង​គ្នា​គ្រប់គ្រង​លើ​គម្រោង​នេះ​ហើយ វិស័យ​ឯកជន​នឹង​ត្រូវ​ប្រគល់​គម្រោង​នេះ​មក​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង និង​ទទួល​ផល​វិញ​ម្ដង។ ដូច្នេះ រដ្ឋ​មិន​បាន​ខ្ចី​បំណុល​ចិន ដើម្បី​យក​មក​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន-តេជោ​ឡើយ។

លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​កន្លង​មក​ថា កាលពី​ខែ​តុលា កន្លង​មក រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ចិន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) សិក្សា​លម្អិត​មុន​ឈាន​ដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​សាងសង់។

ការ​សម្រេច​នេះ ត្រូវ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) រវាង​លោក ស៊ុន ចាន់ថុល ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ក្រោម​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី​១៧ ខែ​តុលា។ លោក​ថា​កិច្ចព្រមព្រៀង​នេះ​គឺជា​ការ​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​ចិន CRBC សិក្សា​លម្អិត​លើ​គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» ក្នុង​រយៈពេល ៨​ខែ។

លទ្ធផល​នៃ​ការ​វិភាគ និង​វាយតម្លៃ​ផ្នែក​សេដ្ឋកិច្ច ការ​វិនិយោគ និង​គណនា​ផល​ប្រយោជន៍​សេដ្ឋកិច្ច បាន​បង្ហាញ​ថា គម្រោង​ផ្លូវទឹក​ថ្មី​នេះ​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ និង​ចំណាយ​ពេល​សាងសង់​ក្នុង​រយៈពេល ៤​ឆ្នាំ។

កន្លង​មក រដ្ឋាភិបាល​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​រយៈពេល និង​ចម្ងាយ​នៃ​ការ​ដឹកជញ្ជូន​នា​ពេល​បច្ចុប្បន្ន ដែល​ត្រូវ​ឆ្លងកាត់​តាម​កំពង់ផែ​កៃមែប​របស់​វៀតណាម ប្រមាណ ៦៩​គីឡូម៉ែត្រ ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ទៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ និង​ប្រមាណ ១៣៥​គីឡូម៉ែត្រ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ ទៅ​កំពង់ផែ​ខេត្ត​កំពត។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចី​លុយ​ចិន តែ ១៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​រហូត​ទៅ​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

មន្ត្រី​ដដែល​អះអាង​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃក្នុង​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច លេច​ធ្លាយ​ថា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​សេដ្ឋកិច្ច​របស់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​ចិន ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មួយ​ចំណែក​យក​ទៅ​សាងសង់​ព្រែកជីក​ហ្វូណន តាម​ការ​ចង្អុល​បង្ហាញ​របស់​ចិន និង​មួយ​ចំណែក​ទៀត គឺ​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ពេលនេះ និង​នៅ​ឆ្នាំ​ក្រោយ​បន្ត​ទៀត។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ព្រែកជីក​នេះ​គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ តែ​អាច​ចំណេញ​ត្រឹមតែ​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ ព្រោះ​ថា​បើ​តាម​គម្រោង​ស្តង់ដារ​ព្រែកជីក​នេះ កម្ពុជា​គ្មាន​ទាំង​នាវា និង​ទំនិញ​ដល់​កម្រិត​សម្រាប់​ប្រើ​ព្រែកជីក​នេះ​សម្រាប់​នាំ​ចេញ​ទៅ​បរទេស​នោះ​ទេ​ប៉ុន្តែ​នាវា​ដែល​អាច​ប្រើ​ព្រែកជីក​នេះ និង​ការ​នាំចូល​ទំនិញ​មក​កម្ពុជា គេ​រំពឹង​ថា​មាន​តែ​នាវា​ចិន ទំនិញ​ចិន និង​នាវា​វៀតណាម ព្រមទាំង​ទំនិញ​វៀតណាម តែប៉ុណ្ណោះ។

គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» មាន​ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ព្រែក​តាកែវ នៃ​ទន្លេ​មេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក នៃ​ទន្លេ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​ប្រមាណ ១,៦​លាន​នាក់​រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស