30 C
Phnom Penh

មេដឹកនាំ​កូរ៉េខាងជើង​ប្រកាស​ឱ្យ​មេទ័ព​របស់​ខ្លួន​ត្រៀម​ធ្វើ​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាស​ឱ្យ​គណបក្ស​ពលករ​របស់​លោក​ពន្លឿន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម ក្នុង​នោះ​រួម​មាន ទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង ផង​ដែរ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ដែល​ដកស្រង់​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ធ្នូ។

ការ​ប្រកាស​របស់​លោក គីម ជុងអ៊ុន ធ្វើឡើង​នៅ​ឯ​កិច្ចប្រជុំ​ចុង​ឆ្នាំ​របស់​គណបក្ស​ពលករ​កូរ៉េ និង​ជា​ទី​ដែល​លោក​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ប្រកាស​ដាក់​ចេញ​គោលនយោបាយ​គន្លឹះ​សម្រាប់​ឆ្នាំ​២០២៤។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA នៅ​អំឡុង​កិច្ចប្រជុំ​នោះ លោក គីម ជុងអ៊ុន បាន​ស្នើ​ឱ្យ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​របស់​កូរ៉េខាងជើង​នេះ ពន្លឿន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម​លើ​គ្រប់​វិស័យ​ទាំងអស់ ក្នុង​នោះ​រួម​មាន​អាវុធ​នុយក្លេអ៊ែរ និង​ការ​ការពារ​ប្រជាជន។

ជាមួយ​គ្នា​នេះ លោក គីម ក៏​បាន​បញ្ជាក់​ថា ស្ថានការណ៍​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ កំពុង​ស្ថិត​ក្នុង​សភាព​កាន់តែ​យ៉ាប់យ៉ឺន ដោយសារតែ​សកម្មភាព​អរិភាព​មិន​ធ្លាប់​មាន​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កូរ៉េខាងជើង និង​លើ​ឧបទ្វីប។

កាលពី​សប្ដាហ៍​មុន លោក គីម ជុងអ៊ុន បាន​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាង នឹង​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​សត្រូវ​រករឿង​កូរ៉េខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។

ការ​ព្រមាន​នេះ កើតមាន​ឡើង​ក្រោយ​សហរដ្ឋ​អាមេរិក​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ និង​បំពាក់​ដោយ​មីស៊ីស​បាលីស្ទិច​មួយ​គ្រឿង ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើងទឹក​ក្នុង​ទីក្រុង​ប៊ូសាន នៃ​ប្រទេស​កូរ៉េខាងត្បូង ព្រមទាំង​ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B របស់​ទីក្រុង​វ៉ាស៊ីនតោន ចូលរួម​ក្នុង​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន។

ប៉ុន្តែ​ការ​ដែល​លោក គីម ជុងអ៊ុន ប្រកាស​ឱ្យ​មេទ័ព​ត្រៀម​ធ្វើ​សង្គ្រាម​នៅ​ពេលនេះ កើតឡើង​បន្ទាប់ពី​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​បាលីស្ទិច ICBM ដល់​ទៅ ២​គ្រាប់ ដែល​ហោះ​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន បាន​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន រួម​គ្នា​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​គំរាម​ក្រុង​ព្យុងយ៉ាង។

កាលពី​មួយ​ខែ​មុន​នេះ មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង​រូប​នេះ​បាន​បញ្ជា​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត ក្រោយពី​អាវុធ​នេះ​បាន​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ KCNA លោក គីម ជុងអ៊ុន ដែល​បាន​ចេញ​បទបញ្ជា​ដូចនេះ ក្រោយពី​សភា​របស់​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​អនុម័ត​បញ្ចូល​ឋានៈ​ប្រទេស​ជា​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ។

លោក ជុងអ៊ុន បាន​ហៅ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​ឧបករណ៍​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ប្រឈមមុខ​នឹង​មហាអំណាច​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​ដែរ​នៅ​លើ​ពិភពលោក។

យោង​តាម​ប្រភព​របស់ KCNA លោក ជុងអ៊ុន បាន​និយាយ​ថា គោលនយោបាយ​កសាង​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​បាន​បញ្ចូល​ជា​អចិន្ត្រៃយ៍​ជា​មូលដ្ឋាន​ច្បាប់​របស់​រដ្ឋ ដែល​គ្មាន​នរណា​ម្នាក់​អាច​ល្មើស ឬ​បំពាន​បាន​ឡើយ។

ជាមួយ​គ្នា​នេះ លោក គីម ក៏​បាន​បរិហារ​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ដែល​លោក​ថា​បាន​បង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី ហើយ​ជា​លទ្ធផល​ចុងក្រោយ អ្វី​ដែល​បាន​លេច​ចេញ​ជា​រូបរាង​នោះ គឺ​អង្គការ NATO ក្នុង​តំបន់​អាស៊ី​ដ៏​គ្រោះថ្នាក់​បំផុត។

ទាំង​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បាន​ថ្កោលទោស​របប​នៅ​ក្រុង​ព្យុងយ៉ាង ដែល​ដាក់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ កាលពី​ខែ​កញ្ញា លោក អង់តូនីញូ ហ្គូតារ៉េ អគ្គលេខាធិការ​របស់​អង្គការ​ពិភពលោក​នេះ បាន​ដាក់​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ថា ពិភពលោក​អាច​អស់​លទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ការ​សាយភាយ និង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ហើយ ពីព្រោះ​ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​អាវុធ​ប្រល័យ​លោក​នេះ​កាន់តែ​បន្ថែម​ការ​ផលិត​អាវុធ​នេះ​ច្រើន​ថែម​ទៀត។ មិន​តែប៉ុណ្ណោះ លោក​ព្រមាន​ថា ការ​គំរាម​បង្ក​សង្គ្រាម​ដោយ​ប្រើ​អាវុធ​នេះ កាន់តែ​ខ្លាំងក្លា​ឡើង។

កូរ៉េខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៦​លើក​រួច​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៦ ហើយ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ សភា​កូរ៉េខាងជើង បាន​អនុម័ត​នូវ​ច្បាប់​មួយ​ដោយ​ប្រកាស​ទទួល​ស្គាល់​ដោយ​ខ្លួនឯង​ថា កូរ៉េខាងជើង​ជា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​លោក គីម និយាយ​ថា​ប្រទេស​របស់​លោក​ពិត​ជា​មាន​អាវុធ​ប្រភេទ​នេះ។

តែ​បើ​យោង​តាម​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ច្បាប់​កំពូល​របស់​ប្រទេស​នេះ​បាន​អនុញ្ញាត​ទៀត​ផង​ឱ្យ​កងទ័ព​របស់​ខ្លួន​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​ករណី​ចាំបាច់។ អាវុធ​នុយក្លេអ៊ែរ គឺជា​ឧបករណ៍​បំផ្ទុះ​ដ៏​ធំ​បំផុត ហើយ​ពិភពលោក​ក៏​ចាត់ទុក​ថា​ជា​អាវុធ​ដ៏​សាហាវ​បំផុត ឬ​អាច​ហៅថា​ជា​អាវុធ​ប្រល័យ​លោក។

ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ថា មីស៊ីល​អន្តរទ្វីប​បាលីស្ទិច ICBM ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​វា​អាច​បាញ់​ដល់​គ្រប់​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស