28.4 C
Phnom Penh

លោក ហ៊ុន សែន ជួល​ដី​ឧទ្យាន​ជាតិ​កែប ១២០​ហិកតារ​រយៈពេល​៥០​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ពីរ​សម្រាប់​គម្រោង​វិនិយោគ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប ដែល​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ជាង ១០០​ហិកតារ (១២០​ហិកតារ) ជួល​អចិន្ត្រៃយ៍​រយៈពេល​វែង ៥០​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ២ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ស្ដីពី​ការ​កំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​លើ​ផ្ទៃដី​ទំហំ​ជាង ១២០​ហិកតារ (១២០១០៩២​ម៉ែត្រ​ក្រឡា) ក្នុង​ឧទ្យាន​ជាតិ​កែប ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ និង​សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប ដើម្បី​ធ្វើ​ចំណាត់ថ្នាក់​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ក្រោម​លក្ខខណ្ឌ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ខណៈ​រយៈពេល​ជួល និង​តម្លៃ​ឈ្នួល​ដី​ក្នុង​ឧទ្យាន​ជាតិ​នេះ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ឡើយ។

លោក ហ៊ុន សែន បាន​កំណត់​ក្នុង​អនុក្រឹត្យ​ខាងលើ​ថា ផ្ទៃដី​ទំហំ​ជាង ១០០​ហិកតារ​នេះ ត្រូវ​បែងចែក​ជា​ពីរ គឺ​មួយ​ចំណែក​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន Pumpkin Development Co.,Ltd. ក្នុង​ទំហំ​ផ្ទៃដី​ជិត ៦០​ហិកតារ (៥៩៩៣៤៤​ម៉ែត្រ​ក្រឡា) ខណៈ​ដី​ដែល​មាន​ទំហំ​ជាង ៦០​ហិកតារ (៦០១៧៤៨​ម៉ែត្រ​ក្រឡា) មួយ​ផ្នែក​ទៀត ត្រូវ​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្រុមហ៊ុន Royal Dynamic Co.,Ltd. ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា ដី​ខាងលើ​នេះ គឺ​ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​ក្រសួង​បរិស្ថាន ដែល​ត្រូវ​សហការ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ខេត្ត​កែប ទាំងអស់ អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ មុន​នឹង​គាត់​លាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ចុង​ខែ​សីហា កន្លង​ទៅ​នោះ ខណៈ​ឧទ្យាន​ជាតិ​កែប ក៏​ត្រូវ​លោក ហ៊ុន សែន កាត់​ឆ្វៀល​ជា​បន្តបន្ទាប់​ដែរ។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជ្យក្រឹត្យ​មួយ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​កែប​លើ​ទំហំ​ផ្ទៃដី ៥​ពាន់​ហិកតារ (៥០០០​ហិកតារ) ប៉ុន្តែ​នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១០ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ទៀត​សម្រេច​កែប្រែ​ឧទ្យាន​ជាតិ​នេះ​មក​នៅ​ត្រឹមតែ ១១៥២​ហិកតារ​វិញ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ដាច់ដោយឡែក​មួយ​ទៀត​សម្រេច​ពង្រីក​ឧទ្យាន​ជាតិ​កែប​ដដែល​នេះ​ពី​ទំហំ ១១៥២​ហិកតារ ទៅ​ជា ១២៣០​ហិកតារ​វិញ ខណៈ​ឧទ្យាន​នេះ​បាន​រង​នូវ​ការ​កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​កាត់​ដី​ឧទ្យាន​ជាតិ​កែប​ទំហំ ២៩​ហិកតារ ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប ដើម្បី​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន វ័នម័រ (One More, Ltd) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី សម្រាប់​ប្រែ​ក្លាយ​ទីតាំង​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ជាដើម។

អង្គការ Client Earth បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ជាង ៤០% នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ ប៉ុន្តែ​ភាគច្រើន​នៃ​តំបន់​ទាំងនេះ​ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​រហូត​មក។

កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ យុវជន​ស្រឡាញ់​បរិស្ថាន បាន​នាំគ្នា​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន ដកហូត​ដី​នៅ​តំបន់​ការពារ​ពី​វិស័យ​ឯកជន ឲ្យ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្នុង​នោះ ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ក្រសួង​បរិស្ថាន ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​យុវជន​ទាំងអស់​នោះ​ទៅវិញ។

កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ជុំវិញ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ថា ការ​ចេញ​អនុក្រឹត្យ​ដើម្បី​បំប្លែង​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ និង​ប្រគល់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​នានា ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ។

អង្គការ​សមាគម​ធាងត្នោត បញ្ជាក់​ថា ការ​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នា​ពេល​កន្លង​មក គឺ​ធ្វើឡើង​ដោយ​ខ្វះ​តម្លាភាព និង​មិន​បាន​ផ្តល់​ហេតុផល​ឱ្យ​សាធារណជន​បាន​ដឹង​ឡើយ ក្នុង​នោះ ច្បាប់​ភូមិបាល និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ បាន​ចែង​ថា ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពុំ​អាច​ផ្តល់​ជា​កម្មវត្ថុ​នៃ​ការ​លក់ដូរ ប្រទានកម្ម ឬ​សម្បទាន​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស