34.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ជំនួប​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​រងគ្រោះ​នៅ​សប្ដាហ៍​នេះ ទំនង​មិន​អាច​សម្រុះ​សម្រួល​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ជំនួប​រវាង​រដ្ឋបាល​ស្រុក​មុខកំពូល ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​រងគ្រោះ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ (ថ្ងៃទី​១០ មករា) ទំនង​ជា​ធ្វើឡើង​ក្នុង​បំណង​ស្វែងរក​ការ​សម្រុះសម្រួល​រវាង​ឧកញ៉ា​រូប​នេះ និង​អតិថិជន​រងគ្រោះ​ទាំងនោះ ប៉ុន្តែ​ទំនង​ជា​មិន​អាច​ជោគជ័យ​ទេ ពីព្រោះ​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​បុរី ឡេង ណាវ៉ាត្រា កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​គ្មាន​លុយ​សង​អតិថិជន​រងគ្រោះ​ទាំងនោះ​ទេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ ខែ​មករា នេះ​ថា ការ​ចេញ​លិខិត​ឱ្យ​ម្ចាស់​បុរី និង​អតិថិជន​ជួប​គ្នា​ដោយ​ផ្ទាល់​ដើម្បី​ដោះស្រាយ គឺជា​វិធី​ល្អ​មួយ បើ​ទោះបីជា​ដំណើរការ​នេះ​ហាក់​មិន​មាន​ពន្លឺ​ក្នុង​ការ​រក​ដំណោះស្រាយ​ក៏ដោយ ក៏​អាច​ធ្វើ​ឱ្យ​អតិថិជន​រងគ្រោះ​បាន​ដឹង​ច្បាស់​ពី​ការ​បកស្រាយ​របស់​ភាគី​ម្ចាស់​បុរី​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​របស់​ពួកគេ​ដែរ ក្នុង​នោះ អាជ្ញាធរ​គួរ​ជំរុញ​ឱ្យ​មាន​ការ​ចុះ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះ​អតិថិជន​រងគ្រោះ​ទាំងនោះ។

លោក​អះអាង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា អាច​ស្វែងរក​ការ​ការ​បណ្ដាក់ទុន​បន្ថែម​ពី​ដៃគូ​វិនិយោគ​របស់​ខ្លួន ដើម្បី​ប្រមូល​ថវិកា​យក​មក​ដោះស្រាយ​ជូន​អតិថិជន​រងគ្រោះ​ដែល​ក្រុមហ៊ុន​បុរី​របស់​គាត់​ខកខាន​សាងសង់​ផ្ទះ​ជូន​អតិថិជន​តាម​កិច្ចសន្យា​កន្លង​មក ព្រោះ​ថា ពេលនេះ​អតិថិជន​ទាំងនោះ​ស្ទើរតែ​លែង​ត្រូវការ​ការ​សន្យា​ណា​មួយ​ពី​ក្រុមហ៊ុន​ទៅ​ហើយ ព្រោះ​ថា​ពួកគេ​នៅ​មាន​ទំនុកចិត្ត​លើ​កិច្ចសន្យា​របស់​ក្រុមហ៊ុន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ពេលនេះ។

លោក សេក សុជាតិ ព្រមាន​ថា ដើម្បី​ធានា​និរន្តរភាព​មុខជំនួញ និង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អាជីវកម្ម​តទៅ​ថ្ងៃ​មុខ ឧកញ៉ា ឡេង ណាវ៉ាត្រា គ្មាន​ជម្រើស​ណា​ល្អ​ក្រៅតែ​ពី​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន​ដែល​មិន​ទាន់​ទទួល​បាន​ផ្ទះ​តាម​កិច្ចព្រមព្រៀង​ពី​ក្រុមហ៊ុន​កន្លង​មក​នោះ​ទេ។ ផ្ទុយទៅវិញ បើ​គាត់​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​បញ្ហា​នេះ​ចេះ​តែ​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ នោះ​មាន​ន័យ​ថា គាត់​កំពុងតែ​បញ្ចប់​មុខជំនួញ​របស់​គាត់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋបាល​ស្រុក​មុខកំពូល ខេត្ត​កណ្តាល បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុង​បំណង​ឱ្យ​ម្ចាស់​បុរី​រូប​នេះ​ចូល​ខ្លួន​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​របស់​គាត់ នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​អគារ​រដ្ឋបាល​ស្រុក​តែម្តង។

លិខិត​ដដែល​បញ្ជាក់​ថា អតិថិជន​រងគ្រោះ​ពី​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន បាន​ដាក់​លិខិត​ស្នើសុំ​ឱ្យ​រដ្ឋបាល​ស្រុក​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ បន្ទាប់ពី​អតិថិជន​ទាំងនោះ​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ក្នុង​គម្រោង​ផ្លូវជាតិ 6A ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​សំបូរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល មិន​ទទួល​បាន​ផ្ទះ​តាម​កិច្ចព្រមព្រៀង​ពី​ក្រុមហ៊ុន​រហូត​មក។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​ឧកញ៉ា​រូប​នេះ​សាងសង់​ផ្ទះ​ឱ្យ​ពួកគេ​ដូច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទិញ​លក់​ផ្ទះ ដែល​ពួកគេ​បាន​ផ្ដិត​ស្នាម​មេដៃ​ធ្វើជា​ភស្តុតាង​ជាមួយ​ក្រុមហ៊ុន​កន្លង​មក ក្នុង​នោះ អតិថិជន​ខ្លះ​បាន​ទិញ​ផ្ទះ​ពី​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពី​ឆ្នាំ​២០២០ មក ប៉ុន្តែ​រហូត​ដល់​ពេលនេះ ពួកគេ​មិន​ទាន់​ឃើញ​ផ្ទះ​ដែល​ពួកគេ​បាន​ទិញ​នោះ​សាងសង់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ខណៈ​ពេលវេលា​បាន​ហួស​កាលកំណត់​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​ដល់​ទៅ​រាប់​ខែ​ទៅ​ហើយ​នោះ។

ជាក់ស្តែង អតិថិជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​អតិថិជន​រងគ្រោះ​ជាច្រើន​ទៀត​ដែល​មាន​ឈ្មោះ​ថា ជុំ សូគ្រឹះ បាន​ទម្លាយ​ថា រូប​គេ​បាន​ចុះ​កិច្ចសន្យា​ផ្ដិត​មេដៃ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា ក្នុង​គម្រោង​បុរី ចាស្មីន កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ ដែល​ត្រូវ​បង់​រំលស់​ប្រចាំ​ខែ​ក្នុង​ទំហំ​ទឹកប្រាក់ ២២០​ដុល្លារ ឬ ៨៨​ម៉ឺន​រៀល​ក្នុង ១​ខែ​ជា​រៀងរាល់​ដើម​ខែ ប៉ុន្តែ​រហូត​ដល់​ពេលនេះ ផ្ទះ​ដែល​គេ​បាន​ទិញ​មិន​ទាន់​ឃើញ​ស្រមោល​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស