29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ច្រានចោល​នូវ​ការ​លើកឡើង​ថា​ទិវា​សន្តិភាព ២៩​ធ្នូ ធ្វើឡើង​ដើម្បី​តែ​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត អះអាង​ថា ទិវា​សន្តិភាព ២៩​ធ្នូ មិន​មែន​ធ្វើ​ឡើង​ដើម្បី​តែ​ត្រកូល​ហ៊ុន​នោះ​ទេ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព។

កូនប្រុស​ច្បង​ក្នុង​ត្រកូល​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​អធិបតេយ្យភាព និង​ឯករាជភាព​ដែល​មាន​ទិវា​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ជា​ស្មារតី និង​ទិវា​ជ័យជម្នះ ៧​មករា ជា​ស្មារតី ដែល​រដ្ឋាភិបាល​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​រួច​មក​ហើយ ដូច្នេះ​ការ​កំណត់​ថ្ងៃ​ប្រារព្ធ​ទិវា​សន្តិភាព ២៩​ធ្នូ ជា​ថ្ងៃ​ឈប់​សម្រាក​ក៏​គ្មាន​អ្វី​ត្រូវ​ខុស​ដែរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ទិវា​សន្តិភាព ២៩​ធ្នូ ប្រារព្ធ​ឡើង​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គ្មាន​អ្វី​ខុស​ទេ ដែល​ពលរដ្ឋ​ត្រូវ​ចងចាំ​សន្តិភាព ថែរក្សា​សន្តិភាព​ឱ្យ​ស្ថិតស្ថេរ​នោះ។

កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ក្រោម​ហេតុផល​ថា ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​ផង ហើយ​ក៏​ជា​ថ្ងៃ​រំលឹក​ដល់​ការ​បញ្ចប់​សង្គ្រាម​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ផង និង​ដើម្បី​រំលឹក​គុណ​អ្នក​ដែល​បាន​ពលី និង​វីរភាព​ដ៏​ក្លាហាន​របស់​អ្នក​ស្នេហា​ជាតិ​ដែល​ខិតខំ​ស្វែងរក​សន្តិភាព​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នយោបាយ​ឈ្នះ​ឈ្នះ ២៩ ធ្នូ ១៩៩៨ របស់​លោក គឺជា​យុទ្ធសាស្ត្រ​នាំ​មក​នូវ​ការ​ធានា​ដល់​សន្តិសុខ​សង្គម ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ សន្តិភាព ការ​ធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ​ជាតិ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម ប្រកប​ដោយ​ចីរភាព។

ទោះជា​បែប​នេះ​ក្តី អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ មករា នេះ​ថា នយោបាយ​ឈ្នះ​ឈ្នះ​ដែល​លោក ហ៊ុន សែន អះអាង​ពី​ការ​បញ្ចប់​សង្គ្រាម​រហូត​មក មិន​មែន​ដូច​អ្វី​ដែល​គាត់​បាន​អះអាង​នោះ​ទេ ហើយ​ក៏​គ្មាន​តម្លៃ​កំណត់​ជា​ថ្ងៃ​បុណ្យ​ជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​នោះ​ដែរ ព្រោះ​ថា​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ល្បិចកល​នយោបាយ​ក្នុង​ការ​ក្តោប​ក្តាប់​អំណាច​របស់​គាត់​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​នេះ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​ឃាតកម្ម​នីតិរដ្ឋ និង​ឃាតកម្ម​ប្រជាធិបតេយ្យ ដែល​បាន​បង្កើត​ឡើង​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក គឹម សុខ លើកឡើង​ថា បន្ទាប់ពី​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ក្រោយពី​វៀតណាម​លើក​បន្តុប គាត់​មិន​អាច​ដឹកនាំ​រក​ការ​បង្រួបបង្រួម​បាន​ទេ គឺ​មាន​តែ​សម្លាប់​អ្នក​នយោបាយ និង​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ នៅ​មុន​ពេល​ដែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ចសន្យា​អន្តរជាតិ​មួយ​នេះ​បាន​កើតឡើង ទើប​កម្ពុជា​អាច​ចាប់ផ្តើម​មាន​ការ​ចរចា​ពី​គ្រប់​ភាគី និង​អាច​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​រហូត​ដល់​ពេលនេះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អួត​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់​ចាប់ផ្តើម​ពី​អំឡុង​ឆ្នាំ​១៩៩៦ និង​បញ្ចប់​នៅ​ឆ្នាំ​១៩៩៨ គឺ​មាន​រយៈពេល​តែ ២​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​បើ​គាត់​ពិត​ជា​មាន​សមត្ថភាព​បែប​នេះ​មែន ហេតុ​អ្វី​គាត់​មិន​ប្រើ​នយោបាយ​ឈ្នះ​ឈ្នះ​ពី​ឆ្នាំ​១៩៨៥ ដែល​វៀតណាម​លើក​បន្តុប​មក ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ​១៩៨៧ តែម្តង​ទៅ ចាំបាច់​ទុក​ឱ្យ​សង្គ្រាម​នៅ​កម្ពុជា​អូស​បន្លាយ​រហូត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ធ្វើ​អ្វី។

លោក គឹម សុខ បញ្ជាក់​ថា ការ​អួត​ពី​នយោបាយ​ឈ្នះ​ឈ្នះ គ្រាន់តែ​ជា​វិធី​ធ្វើ​ប្រជាភិថុតិ​ដែល​គាត់​ប្រើ​ដើម្បី​បំភ្លៃ​ការពិត និង​មាន​ចេតនា​លុបបំបាត់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ ខណៈ​នយោបាយ​ឈ្នះ​ឈ្នះ អួត​តែ​ពី​ល្បិច​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន តែ​មួយ​មុខ​គត់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា​មិន​មែន​បញ្ចប់​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ទេ គឺ​បញ្ចប់​ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប៉ុណ្ណោះ ព្រោះ​ថា​មាន​តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តែ​មួយ​គត់​ដែល​នាំ​ឱ្យ​មាន​ការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ពី​គ្រប់​ភាគី​ទាំងអស់ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​គ្រប់​និន្នាការ ខណៈ​នយោបាយ​ឈ្នះ​ឈ្នះ គឺ​ដើម្បី​តែ​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស