29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង នឹង​ក្លាយ​ជា​សារ​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ស្នង​ពី​ឪពុក​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ជំនួប​រវាង​លោក​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នឹង​ក្លាយ​ជា​សារ​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ បើ​ទោះជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក បាន​រិះគន់​ថា មេដឹកនាំ​បារាំង កំពុង​ចាញ់បោក​ត្រកូល​ហ៊ុន។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប​នា​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ថា បើ​មេដឹកនាំ​បារាំង ខ្លាច​ចាញ់បោក​លោក នោះ​គេ​មិន​ឱ្យ​អញ្ជើញ​លោក​ជា​ផ្លូវការ​ឱ្យ​ចូល​ជួប​ឡើយ។ លោក ហ៊ុន ម៉ាណែត ថា បើ​ប្រធានាធិបតី​បារាំង ខ្លាច​លោក​ទៅ​បោក លោក ម៉ាក្រុង នឹង​ប្រាប់​ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​ថា​ប្រយ័ត្ន​ចាញ់បោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ថា តើ​ការ​ចេញ​សារ​នយោបាយ​បែប​នេះ មាន​បាន​គិត​វែងឆ្ងាយ​ដែរ​ទេ?

នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល​បាន​តប​ទៅ​លោក សម រង្ស៊ី ថា ការ​ធ្វើ​នយោបាយ​ប្រឆាំង និង​ជំទាស់​គំនិត​របស់​រដ្ឋាភិបាល គឺជា​រឿង​មួយ ប៉ុន្តែ​ការ​ផ្ញើ​សារ​ណា​មួយ​ដើម្បី​វាយប្រហារ​មក​កាន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ដែល​កំពុង​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ គឺជា​រឿង​មិន​គួរ​គប្បី​ឡើយ ព្រោះ​វា​ប៉ះពាល់​ទៅ​ដល់​មុខមាត់​ប្រទេស​ជាតិ​ជា​ធំ។

លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ចង់​ស្រឡាញ់​រដ្ឋាភិបាល ឬ​មិន​ស្រឡាញ់​រដ្ឋាភិបាល គួរតែ​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​ប្រទេស​ជាតិ ជាជាង​យក​នយោបាយ​ដាក់​មុខ​គ្រប់​ពេល​ទាំងអស់ ហើយ​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ជាតិ។ លោក​ថា សម្រាប់​ប្រមុខ​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​បែប​នេះ វា​មិន​បាន​ផ្ដល់​ចំណេញ​ឡើយ ក្រៅពី​ផល​ប៉ះពាល់​ដល់​មុខមាត់​ជាតិ។ លោក​ថា ធ្វើ​អ្វី​ក៏ដោយ ត្រូវ​មើល​ទៅ​តាម​ពេលវេលា និង​កាលៈទេសៈ។

ជុំវិញ​រឿង​នេះ កាលពី​ពេល​ថ្មីៗ​នេះ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា លោក ហ៊ុន ម៉ាណែត មិន​ខុស​ពី​ឪពុក​របស់​លោក​នោះ​ទេ គឺ​មាន​ចរិត​ផ្ដាច់ការ​បំផ្លាញ​ជាតិ​ជិះជាន់​អ្នក​ប្រជាធិបតេយ្យ និង​ធ្វើ​បាប​ប្រជាពលរដ្ឋ។

លោក សម រង្ស៊ី ប្រាប់​ទៅ​លោក​ប្រធានាធិបតី​បារាំង កុំ​ឲ្យ​គាត់​ចាញ់បោក​ត្រកូល​ហ៊ុន (ឪពុក និង​កូន) ដែល​ជា​ត្រកូល​ជន​ផ្ដាច់ការ​មហា​សែន​ពុករលួយ បំផ្លាញ​ជាតិ គាប​សង្កត់​អ្នក​ប្រជាធិបតេយ្យ និង​ធ្វើ​បាប​ប្រជារាស្ត្រ​ខ្មែរ​ជាទូទៅ។ ទីប្រឹក្សា​របស់​គាត់​ខ្វះ​ព័ត៌មាន និង​ជំនាញ​រឿង​ស្រុក​ខ្មែរ។

កាលពី​ចុង​ឆ្នាំ​២០២២ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់​បាន​រម្លឹក​លោក ហ៊ុន សែន អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ធានា​អធិបតេយ្យភាព​បូរណភាព​ទឹកដី​របស់​កម្ពុជា​សម្រាប់​ការ​កសាង​កម្ពុជា​ឡើងវិញ ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​បារាំង។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង ដោយសារ​បារាំង ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច្នេះ​បើ​កម្ពុជា​ដើរ​ឆ្ងាយ​ពី​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​នេះ ក៏​នាំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​បារាំង​ដែរ ដែល​បារាំង​ត្រូវ​ជួយ​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​ទទួល​បាន​នូវ​អធិបតេយ្យ​ជាតិ​ពិតប្រាកដ។

លោក​បន្ថែម​ថា ការ​អញ្ជើញ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​នេះ គ្រាន់តែ​ជា​ពិធី​ការទូត​ផ្តល់​កិត្តិយស​ប៉ុណ្ណោះ ប៉ុន្តែ​បារាំង​នឹង​រំលឹក​លោក ហ៊ុន ម៉ាណែត អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច​ដែល​បារាំង​ធ្លាប់​រំលឹក​លោក ហ៊ុន សែន អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ដូច្នោះ​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​បារាំង នា​ថ្ងៃទី​១៨-១៩ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​លើក​យក​បញ្ហា​ជាច្រើន ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ទៅ​ពិភាក្សា​ជាមួយ​លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស