28 C
Phnom Penh

លោក ថេង សាវឿន ចាត់ទុក​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី​ថា​ជា​រឿង​អយុត្តិធម៌​និង​មិន​អាច​ទទួល​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ចាត់ទុក​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន បន្ទាប់ពី​សាលាដំបូង​ខេត្ត​នេះ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក និង​សហការី ២​នាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ប៉ុន្តែ​សម្រេច​ព្យួរ​ទោស​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។

លោក ថេង សាវឿន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា សាលាដំបូង​ខេត្ត​រតនគិរី បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក ថេង សាវឿន និង​សហការី​របស់​លោក ២​នាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ប៉ុន្តែ​តុលាការ​សម្រេច​ឲ្យ​រូបលោក និង​សហការី​ព្យួរ​ទោស​ដោយ​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ជំទាស់​ទៅ​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី។ លោក​ប្ដេជ្ញា​នឹង​បន្ត​ទាមទារ​យុត្តិធម៌​តាម​នីតិវិធី​ច្បាប់ ដោយ​មិន​រត់​ចោល​កសិករ​ឡើយ។

លោក ថេង សាវឿន បាន​លើកឡើង​ថា បច្ចុប្បន្ន លោក​និង​សហការី​កំពុង​រង​ការ​រើសអើង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល សហជីព សមាគម និង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ផ្សេង​ទៀត ក្រោយពី​លោក​បាន​ជួប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន។

ប្រភព​ដដែល​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​តុលាការ​នឹង​ដាក់​បម្រាម​មក​លើ​រូបលោក​អ្វី​ខ្លះ​នោះ​ទេ ព្រោះ​លោក​នៅ​មិន​ទាន់​ទទួល​បាន​សាលក្រម​ជា​ផ្លូវការ ប៉ុន្តែ​លោក​ថា​តុលាការ​មិន​បាន​ហាមឃាត់​ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើយ។ ចំណែក​ការងារ​នៅ​សមាគម​វិញ ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា តើ​តុលាការ​តម្រូវ​ឱ្យ​រំលាយ​ចោល ឬ​បន្ត​ទុក​ទេ។

លោក កែវ ពិសុទ្ធ អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អង្គ​ជំនុំជម្រះ​បាន​សម្រេច​ផ្ដន្ទាទោស​លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត គឺ​លោក ថាន់ ហាច និង​លោក ញ៉ិល ភាព ដោយ​ម្នាក់ៗ​មាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ប៉ុន្តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា សាលក្រម​សាលាដំបូង​ខេត្ត​រតនគិរី គឺជា​ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​លើ​លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត ដោយ​លោក​ថា​នៅ​ក្នុង​សិក្ខាសាលា​តែងតែ​មាន​ការ​ជជែក​ដេញដោល​គ្នា ខុស​ពី​ការ​ចោទប្រកាន់។

លោក អំ សំអាត បន្ថែម​ថា សាលក្រម​មួយ​នេះ​ក៏​ជា​សារ​ណែនាំ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ឱ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​អនុវត្ត​សកម្មភាព​ការងារ​របស់​ពួកគេ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

លោក ថេង សាវឿន និង​សហការី​របស់​លោក ២​នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្របសម្រួល​សហគមន៍ និង​លោក ញ៉ិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​នេះ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រោម​ការ​បញ្ជា​របស់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី។ អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ​សង្ស័យ​ថា សមាគម​លោក ថេង សាវឿន បាន​លួច​ប្រជុំ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្នុង​ក្រុង​បានលុង ហើយ​មាន​ផែនការ​ធ្វើ «បដិវត្តន៍​កសិករ»។

តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ពួកគេ​បណ្ដោះអាសន្ន។ ក្រោយ​មក កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៣ តុលាការ​ខេត្ត​រតនគិរី បាន​សម្រេច​ដោះលែង​ពួកគេ​ទាំង ៣​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​លោក ថេង សាវឿន បាន​ចេញ​សារ​ជា​លិខិត និង​វីដេអូ​ប្រកាស​ទទួលស្គាល់​កំហុស​ក្នុង​សំណុំរឿង​ចោទប្រកាន់ «បដិវត្តន៍​កសិករ» និង​ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស