អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត មិនមែនជានាយករដ្ឋមន្ត្រីដែលពលរដ្ឋខ្មែរជ្រើសរើសទេ ប៉ុន្តែជានាយករដ្ឋមន្ត្រីស្នងអំណាចពីឪពុកដូចលោក គីម ជុងអ៊ុន ដែលស្នងអំណាចពីលោក គីម ជុងអ៊ីល ដែលជាមេដឹកនាំកុម្មុយនីស្តផ្ដាច់ការដូច្នោះដែរ។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះថា ដោយសារតែទីប្រឹក្សារបស់ប្រធានាធិបតីបារាំង ខ្វះព័ត៌មានពិតអំពីមេដឹកនាំខ្មែរ លោកបានប្រាប់ទៅប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលនឹងទទួលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅវិមានអេលី (Elysee) នៅថ្ងៃទី១៨ ខែមករា នេះ ដើម្បីកុំឲ្យគាត់ចាញ់បោកត្រកូល ហ៊ុន ដែលជាជនផ្ដាច់ការ ពុករលួយ បំផ្លាញជាតិ គាបសង្កត់អ្នកប្រជាធិបតេយ្យ និងធ្វើបាបប្រជារាស្ត្រខ្មែរសព្វថ្ងៃនេះ។
លោក សម រង្ស៊ី អះអាងថា តាមខ្លឹមសារដែលគាត់បានរៀបរាប់ទាំងនោះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រាកដជានឹងយល់ពីអ្វីដែលលោកបាននិយាយជាមិនខាន ព្រោះថាបើផ្អែកតាមសម្ដីរបស់លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងសន្និសីទមួយកាលពីថ្ងៃទី១៦ ខែមករា កន្លងទៅ លោកបានអះអាងថា លោកនឹងជ្រើសរើសយកមេដឹកនាំបរទេសណាដែលប្រជាជនរបស់ពួកគេបានជ្រើសរើស។ លោក សម រង្ស៊ី បន្ថែមថា ចំណែកលោក ហ៊ុន ម៉ាណែត គ្រាន់តែជាមេដឹកនាំបន្តអំណាចក្នុងវង្សត្រកូលប៉ុណ្ណោះ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បញ្ជាក់ថា អ្វីៗដែលលោកបានប្រាប់ទៅប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង គឺដើម្បីឱ្យគាត់ដឹងថា ពលរដ្ឋខ្មែរមិនបានជ្រើសរើសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាមេដឹកនាំរបស់ពួកគេនោះទេ ប៉ុន្តែឪពុក និងកូនទាំងពីរនាក់នេះបានប្រើអំណាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីខ្មែរ ដឹកនាំប្រទេសដោយខ្លួនឯងប៉ុណ្ណោះ ព្រោះថាក្រោយឆ្នាំ១៩៩៣ មក កម្ពុជាមិនមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការបោះឆ្នោតក្រោមការលួច និងប្លន់សន្លឹកឆ្នោតរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក សម រង្ស៊ី បញ្ជាក់ថា បើពិនិត្យឡើងវិញនូវដំណើរការនៃការបោះឆ្នោតគ្រប់អាណត្តិចាប់តាំងពីអាណត្តិទី២ ឆ្នាំ១៩៩៧ មក អាចបញ្ជាក់បានថា លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដែលបន្តស្នងអំណាចពីឪពុកនៅពេលនេះ មិនមែនជាមេដឹកនាំដែលពលរដ្ឋខ្មែរបានជ្រើសរើសតាមរយៈនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ ដូច្នេះក៏មានន័យថា ជាមេដឹកនាំដែលពលរដ្ឋខ្មែរមិនបានជ្រើសរើសនោះដែរ។
កាលពីដើមខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានអះអាងថា លោកនឹងជួបជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃ១៨ ដល់ថ្ងៃទី១៩ ខែមករា នេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែបក្នុងការរួមគ្នាដោះស្រាយបញ្ហាសកល។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ របស់លោកទៅកាន់ប្រទេសបារាំង នៅពេលនេះ នឹងបើកផ្លូវឱ្យប្រទេសទាំងពីរពិនិត្យមើលគ្រឹះទំនាក់ទំនងជាអាទិភាពនៃប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី និងមធ្យោបាយនានាដែលអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្ដារដ្ឋទាំងអស់ផងដែរ។
ជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំងនៅពេលនេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការអញ្ជើញឱ្យមានដំណើរទស្សនកិច្ចនេះ គ្រាន់តែជាពិធីការទូតផ្តល់កិត្តិយសដល់លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ប៉ុន្តែបារាំងនឹងរំលឹកលោក ហ៊ុន ម៉ាណែត អំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចដែលបារាំងធ្លាប់រំលឹកលោក ហ៊ុន សែន អំឡុងដំណើរទស្សនកិច្ចរបស់គាត់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដូច្នោះដែរ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា ក្រៅពីហេតុផលខាងលើ បារាំងក៏ជាប្រទេសដែលមានឥទ្ធិពលដែរក្នុងសហភាពអឺរ៉ុប ដូច្នេះ បារាំងក៏ទំនងជារំលឹកលោក ហ៊ុន ម៉ាណែត ថែមទៀតពីជំហររបស់សហភាពអឺរ៉ុប និងជំហររបស់បារាំង ទាក់ទងទៅនឹងសហប្រតិបត្តិការអឺរ៉ុប-កម្ពុជា និងបារាំង-កម្ពុជា ជាពិសេសប្រព័ន្ធអនុគ្រោះពន្ធ EBA ព្រោះថា សព្វថ្ងៃនេះបារាំងកំពុងតែដើរតួនាទីយ៉ាងច្រើនជំនួសសហភាពអឺរ៉ុប លើបញ្ហាតំបន់ និងពិភពលោក។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី ត្អូញត្អែរថា ក្រោយឡើងកាន់អំណាចបានជាង ៤ខែ រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានចេញវិធានការបណ្តើរៗហើយនៅឆ្នាំ២០២៤ នេះ ក្នុងការបង្ក្រាបលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលទង្វើនេះបង្ហាញថា នាយករដ្ឋមន្ត្រីកម្ពុជាថ្មីនេះកំពុងបន្តបេសកកម្មពីលោក ហ៊ុន សែន ក្នុងការបំផ្លាញដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទៅថ្ងៃមុខបន្តទៀត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

