28.9 C
Phnom Penh

ក្រសួង​សាធារណការ​កំណត់​ការ​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៤ ខាងមុខ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ប្រគល់​គម្រោង​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន សិក្សា​ក្រោម​កិច្ច​សហប្រតិបត្តិការ Build, Operate and Transfer (BOT) អស់​រយៈពេល​ជាច្រើន​ខែ​មក។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បាន​អះអាង​កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» គ្រោង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្នុង​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤ ខាងមុខ​នេះ​ហើយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​សម្រេច​ជា​ផ្លូវការ​កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​នេះ។

គម្រោង​ផ្លូវ​នាវាចរណ៍​ដែល​ហៅ​ថា «ព្រែកជីក​ហ្វូណន​តេជោ» គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន (Belt and Road Initiative ឬ BRI) ដែល​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេបាសាក់ និង​ចូល​តាម​ព្រែក​តាហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ ហើយ​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប។

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ស្ដីពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ពេល​ថ្មីៗ​នេះ​ថា គម្រោង​ផ្លូវទឹក​ថ្មី​នេះ​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង។

ប្រភព​ដដែល​លើកឡើង​ថា គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន ៣​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​កន្លែង សាងសង់​ផ្លូវ​អម​សងខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេងៗ​ផង​ដែរ ហើយ​ការ​សាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក និង​ប្រើ​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ។

របាយការណ៍​ខាងលើ​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ដូចជា​ការ​កាត់បន្ថយ​រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹកជញ្ជូន​នា​ពេល​បច្ចុប្បន្ន ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម ការ​អភិវឌ្ឍ​ផែ​រណប​ថ្មីៗ ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា បង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេង​ទៀត ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង និង​នគរូបនីយកម្ម និង​ជំរុញ​ការ​រីកចម្រើន​ផ្នែក​អចលនទ្រព្យ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​នេះ​សិក្សា​លម្អិត​លើ​គម្រោង​ក្នុង​រយៈពេល ៨​ខែ​ហើយ បន្ទាប់ពី​សិក្សា​ចប់ គឺ​ឈាន​ដល់​ការ​ចរចា​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​គម្រោង​ព្រែកជីក​នេះ​តែម្តង។

អ្នក​ជំនាញ​ខាង​ផ្លូវទឹក​កម្ពុជា​លោក ម៉េង សុធារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា កាលពី​ដំបូង រដ្ឋាភិបាល​គ្រោង​ខ្ចី​លុយ​រដ្ឋាភិបាល​ចិន មក​សាងសង់​ព្រែកជីក​នេះ​ទាំងស្រុង ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ខ្លាច​ប៉ះពាល់​ដល់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ លោក ហ៊ុន សែន ក៏​បង្វែរ​ពី​ការ​សាងសង់​គម្រោង​នេះ​ដោយ​ការ​ខ្ចី​បុល​ពី​រដ្ឋាភិបាល​ចិន មក​ជា​ការ​សហប្រតិបត្តិការ Build, Operate and Transfer (BOT) វិញ​តែម្តង ប៉ុន្តែ​គម្រោង​នេះ​គឺ​នៅតែ​ស្ថិត​ក្នុង​កម្ចី​ចិន​ដដែល​ទេ គ្រាន់តែ​យក​ក្រុមហ៊ុន​ចិន មក​បាំង​មុខ​ប៉ុណ្ណោះ។

លោក ម៉េង សុធារ៉ា លើកឡើង​ថា លោក​មិន​យល់​ពី​ការ​សាងសង់​ព្រែកជីក​នេះ​ទេ ព្រោះ​ថា​គម្រោង​ព្រែកជីក​នេះ រដ្ឋាភិបាល​បាន​កំណត់​ជម្រៅ​ទឹក​ត្រឹមតែ ៥,៤​ម៉ែត្រ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា សូម្បី​កប៉ាល់​ដឹក​ខ្សាច់ (​ឬ​សាឡាង) ដែល​ចរាចរ​ដឹក​ខ្សាច់​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ ក៏​ត្រូវការ​ជម្រៅ​ទឹក ៨​ម៉ែត្រ​សម្រាប់​ធ្វើ​ដំណើរ​ដែរ ចំណែក​ព្រែកជីក​ហ្វូណន​ដែល​មាន​ជម្រៅ​ទឹក​មិន​ដល់ ៥​ម៉ែត្រ​កន្លះ​នេះ តើ​នឹង​អាច​ផ្ទុក​កប៉ាល់​ប្រភេទ​ណា​ទៅ​សម្រាប់​ដឹកនាំ​ទំនិញ​នោះ។

លោក​បន្ត​ថា ក្រោម​បច្ចេកទេស​នៃ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​បែប​នេះ លោក​អាច​សន្និដ្ឋាន​បាន​ថា ព្រែកជីក​នេះ​មិន​មែន​ជា​គម្រោង​ដែល​សាងសង់​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា​ទេ គឺជា​គម្រោង​មួយ​ដែល​បង្កប់​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាងសង់​ព្រែកជីក​នេះ គឺ​ធ្វើ​ទៅ​តាម​តែ​ការ​ចង្អុល​បង្ហាញ​របស់​ចិន​គ្រប់​យ៉ាង ដែល​នេះ​គឺ​ដោយសារតែ​លក្ខខណ្ឌ​ក្នុង​ការ​ខ្ចី​បំណុល​ចិន​ដែរ ក្នុង​នោះ ចិន​ក៏​នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ ១,៦​លាន​នាក់​ដែល​រស់នៅ​អម​សងខាង​ព្រែក​នេះ​ថែម​ទៀត។

ប្រភព​មន្ត្រី​ខាងលើ​លើកឡើង​ថា ព្រែកជីក​នេះ​គ្មាន​ចំណេញ​អ្វី​ខ្លះ​ដល់​ប្រទេស​កម្ពុជា​ទេ ហើយ​ក៏​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​ពលរដ្ឋ​ខ្មែរ​ដែរ តែ​អាច​ចំណេញ​ត្រឹមតែ​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ ព្រោះ​ថា​តាម​គម្រោង​ស្តង់ដារ​ព្រែកជីក​នេះ កម្ពុជា​គ្មាន​ទាំង​នាវា និង​ទំនិញ​ដល់​កម្រិត​សម្រាប់​ប្រើ​ព្រែកជីក​នេះ​ក្នុង​ការ​នាំចេញ​ទំនិញ​ទៅ​បរទេស​ទេ ប៉ុន្តែ​នាវា​ដែល​អាច​ប្រើ​ព្រែកជីក​នេះ និង​ការ​នាំចូល​ទំនិញ​មក​កម្ពុជា គេ​រំពឹង​ថា​មាន​តែ​នាវា​ចិន ទំនិញ​ចិន និង​នាវា​វៀតណាម ព្រមទាំង​ទំនិញ​វៀតណាម ប៉ុណ្ណោះ។

ប្រភព​មន្ត្រី​ដដែល​បន្ថែម​ថា សព្វថ្ងៃ​នេះ កម្ពុជា​ក៏​មាន​ទំនិញ​នាំចេញ​ដែរ ប៉ុន្តែ​មិន​មាន​ច្រើន​ទេ ដូច្នេះ​នៅ​ពេល​ដែល​ព្រែកជីក​នេះ​ដំណើរការ កម្ពុជា​អាច​ត្រឹមតែ​ជួល​នាវា​ចិន​ប៉ុណ្ណោះ​សម្រាប់​ដឹក​ទំនិញ​ដែល​កម្ពុជា​មាន​បន្តិចបន្តួច​នេះ ហើយ​ទំនិញ​ដែល​នាំចេញ​បន្តិចបន្តួច​នេះ ក៏​ជា​ទំនិញ​ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ជា​ជនជាតិ​ចិន ដែរ ដែល​ពួកគេ​បាន​សហការ​រកស៊ី​ជាមួយ​មន្ត្រី​ធំៗ​របស់​កម្ពុជា​ដើម្បី​រក​ផល​ចំណេញ​ផ្ទាល់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស