28.8 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញប្រទង់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញប្រទង់​របស់​មន្ត្រី​កំពូលៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មួយ​ផ្នែក​ស្រប​តាម​វៀតណាម មិន​គាំទ្រ​គម្រោង​នេះ​ទេ ប៉ុន្តែ​មួយ​ផ្នែក​ទៀត​រក្សា​ជំហរ​នៅ​ជាមួយ​ចិន បន្ត​សាងសង់​ព្រែកជីក​នេះ​ឱ្យ​បាន​សម្រេច។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២២ តុលា នេះ​ថា មន្ត្រី​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​ដែល​មាន​និន្នាការ​ទៅ​រក​វៀតណាម មិន​គាំទ្រ​គម្រោង​នេះ​ទេ ប៉ុន្តែ​មន្ត្រី​ភាគច្រើន​ដែល​មាន​និន្នាការ​ទៅ​រក​ចិន បាន​នាំគ្នា​គាំទ្រ​ការ​អនុវត្ត​គម្រោង​នេះ​ឱ្យ​បាន​ជោគជ័យ។

ប្រភព​ដដែល អះអាង​ថា ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន មាន​ជំហរ​ទៅ​រក​វៀតណាម ច្រើន​ជាង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​មាន​ជំហរ​ទៅ​រក​ចិន ដើម្បី​អនុវត្ត​ការ​សាងសង់​ព្រែកជីក​មួយ​នេះ​ឱ្យ​បាន​សម្រេច។

មន្ត្រី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ដដែល​រូប​នេះ បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ មិនមែន​ជា​ការ​លំបាក​សម្រាប់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ទៅវិញ​ទេ ដែល​ធ្វើ​ឱ្យ​គម្រោង​នេះ​មាន​ការ​យឺតយ៉ាវ និង​ពន្យារ​ពេល​នៃ​ការ​សាងសង់​ជាបន្តបន្ទាប់​មក​នេះ។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ផន រឹម ត្រូវ​បាន​អង្គភាព​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ តុលា នេះ​ថា រយៈពេល​ជាង ១​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ មក​ទល់​នឹង​ពេលនេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​វាស់វែង និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ ដែល​ត្រូវ​អនុវត្ត​ក្រោម​យន្តការ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល។

លោក​អះអាង​ថា មក​ដល់​ពេលនេះ ក្រុម​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​កំពុង​ធ្វើ​សកម្មភាព​នៅ​កំណាត់​ទី​២ ក្នុង​ខេត្ត​កណ្តាល ដោយ​បាន​អង្កេត វាស់វែង និង​ចងក្រង​ទិន្នន័យ​អំពី​ផល​ប៉ះពាល់​លម្អិត​លើ​សំណង់ លំនៅឋាន និង​ដីស្រែ​ក្នុង​ស្រុក​កោះធំ ខណៈ​ក្រុម​ការងារ​ក៏​បាន​រៀបចំ​វេទិកា​ពិភាក្សា និង​ការ​សម្របសម្រួល សម្ភាស ព្រមទាំង​ផ្ដិត​មេដៃ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាបន្តបន្ទាប់​ផង​ដែរ។

លោក ផន រឹម បញ្ជាក់​ថា គម្រោង​នេះ​នឹង​ជួយ​កម្ពុជា ឱ្យ​សម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ព្រមទាំង​បង្កើន​ការ​តភ្ជាប់​បណ្ដាញ​ដឹកជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវសមុទ្រ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ ខណៈ​គម្រោង​នេះ​រំពឹង​ថា​នឹង​ត្រូវ​បាន​ស្ថាបនា​រួចរាល់​នៅ​អំឡុង​ឆ្នាំ​២០២៨ ខាងមុខ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត អះអាង​ថា មាន​ពលរដ្ឋ​ចំនួន ១៥០​គ្រួសារ​ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ព្រែកជីក​នេះ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​បាន​ផ្តល់​ដី​របស់​ពួកគាត់​ដល់​រដ្ឋាភិបាល ជា​ថ្នូរ​សុំ​ឱ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​បេតុង​ជូន​ពួកគាត់​វិញ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ត្រូវ​បាន​សាងសង់​ក្រោម​កម្ចី​ចិន​ប្រមាណ​ជា ១៧០០​លាន​ដុល្លារ ក្រោម​ទម្រង់ Build-Operate-Transfer ឬ​ហៅថា BOT ជាមួយ​ក្រុមហ៊ុន​ចិន។ ទម្រង់ BOT មាន​ន័យ​ថា សាងសង់​រួច ម្ចាស់​ទុន​គ្រប់គ្រង​កាន់កាប់​ចាត់ចែង ប្រមូល​ចំណូល​រហូត​ចប់​កិច្ចសន្យា​រយៈពេល ៥០​ឆ្នាំ ទើប​ប្រគល់​ឱ្យ​ម្ចាស់​ប្រទេស​គ្រប់គ្រង​តាម​ក្រោយ។

ជុំវិញ​គម្រោង​នេះ កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ មេដឹកនាំ​សំខាន់ៗ​របស់​វៀតណាម ធ្លាប់​បាន​ព្រមាន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​វៀតណាម ថា ព្រែកជីក​ហ្វូណន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន អេកូឡូស៊ី និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវចម្រុះ​ក្នុង​ទន្លេមេគង្គ​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ការ​ព្រមាន​នេះ ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត ទាត់​ចោល​ទាំងស្រុង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស