មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ព្រមានថា អត្រាពន្ធ ៣៦% នឹងជំរុញឱ្យមានវិបត្តិអត់ការងារនៅកម្ពុជាកាន់តែកើនឡើង ខណៈពលករខ្មែរនៅក្រៅប្រទេសដែលត្រូវវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយសារជម្លោះព្រំដែន ក៏កាន់តែជាឧបសគ្គធ្ងន់ធ្ងរបន្ថែមទៀត។
អតីតនាយកខុទ្ទកាល័យមេដឹកនាំបក្សប្រឆាំង លោក មុត ចន្ថា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៩ កក្កដា នេះថា រោងចក្រកាត់ដេរនៅកម្ពុជានឹងត្រូវប្រឈមហានិភ័យយ៉ាងខ្លាំងនៅពេលអត្រាពន្ធបដិការ ឬពន្ធពាណិជ្ជ ៣៦% លើកម្ពុជា ចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ខាងមុខនេះ។
លោក មុត ចន្ថា ចាត់ទុកអត្រាពន្ធ ៣៦% របស់អាមេរិកនាពេលនេះ គឺជាការបរាជ័យរបស់កម្ពុជាក្នុងការចរចាសុំបញ្ចុះពន្ធពីអាមេរិកទាំងស្រុង ដែលនេះក៏ដោយសារតែកម្ពុជាមិនឆ្លើយតបទៅនឹងឱនភាពពាណិជ្ជកម្មរបស់អាមេរិក និងបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជារហូតមកដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ផលិតផលរោងចក្រកាត់ដេរនឹងត្រូវធ្លាក់ចុះយ៉ាងគំហុកដោយសារពុំមានការបញ្ជាទិញ។ ជាងនេះទៀត វិនិយោគិនចិន នឹងត្រូវផ្អាកការផលិតនៅកម្ពុជា ដោយសារពន្ធនាំចូលទៅអាមេរិកខ្ពស់ជាងពេលមុន ចំណែករោងចក្រកាត់ដេរមួយចំនួននៅដំណើរការ គឺដោយសារតែការបញ្ជាទិញចាស់ប៉ុណ្ណោះ។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល លើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលពន្ធ ៣៦% កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា ដោយស្នើឱ្យក្រុមហ៊ុនដែលមានរោងចក្រនៅកម្ពុជារក្សាភាពស្ងប់ស្ងៀម ព្រោះរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីការពារនិយោជក និយោជិត និងផលប្រយោជន៍របស់ពួកគេ។
លោក ស៊ុន ចាន់ថុល លើកឡើងថា ការដាក់ទុននៅកម្ពុជា មិនមែនជាការដាក់ទុនបម្រើតែពលរដ្ឋ ១៧លាននាក់របស់កម្ពុជានោះទេ គឺបម្រើទីផ្សារអាស៊ាន ៦៧០លាននាក់ និងបម្រើទីផ្សារ RCEP ដែលមានប្រទេសក្នុងតំបន់អាស៊ានទាំង ១០ប្រទេស បូកជាមួយចិន កូរ៉េ ជប៉ុន អូស្ត្រាលី ញូវហ្សេឡេន ដែលមានពលរដ្ឋ ២,៣ពាន់លាននាក់ថែមទៀត។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក តុង សុប្រាជ្ញ លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី០៨ ខែកក្កដា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាព្យាយាមចរចាសុំបញ្ចុះពន្ធពីអាមេរិកបន្ថែមទៀត ព្រោះអត្រាពន្ធ ៣៦% នេះ នៅតែជាកម្រិតខ្ពស់ដែលបង្កការរាំងស្ទះដល់ការនាំចេញរបស់កម្ពុជា។
លោក តុង សុប្រាជ្ញ លើកឡើងថា ដើម្បីចរចាសុំអាមេរិកបញ្ចុះពន្ធនេះ កម្ពុជាត្រូវបង្ហាញជំហរជាក់លាក់ក្នុងការលុបបំបាត់អំពើពុករលួយ និងការបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដែលកម្ពុជាខកខានធ្វើតាមកិច្ចសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) អស់រយៈពេលជាង ២០ឆ្នាំមកហើយនោះ។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី០៩ កក្កដា នេះថា ទោះបីជាពន្ធគយបដិការនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ក៏ដោយ ប៉ុន្តែលោកបានបើកចំហឱ្យមានការចរចាផ្សេងៗពាក់ព័ន្ធនឹងការពន្យារពេលលើបញ្ហានេះ ប្រសិនបើប្រទេសនានាដាក់សំណើមកចរចាជាមួយសហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ បញ្ជាក់ថា ប្រសិនបើប្រទេសផ្សេងៗទៀតផ្តល់យោបល់ ឬដាក់សំណើផ្សេងៗនៅមុនដំណាច់ខែកក្កដា លោកសុខចិត្តពិចារណា និងអាចពន្យារការកំណត់លើពន្ធគយបដិការដូចដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ។
សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះពន្ធដល់កម្ពុជាពី ៤៩% មកនៅត្រឹម ៣៦% កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ដ៏ខ្លីខាងមុខនេះ។ ការកំណត់ពន្ធ ៣៦% នេះ កម្ពុជាមានកម្រិតស្មើជាមួយប្រទេសថៃ តែទាបជាងឡាវ និងភូមា ៤% ប៉ុន្តែខ្ពស់ជាងវៀតណាម ដល់ទៅ ១៦%៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

