មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា អំពើឆបោកអនឡាញមិនគួរត្រូវបានយកមកធ្វើជាលេស ដើម្បីឈ្លានពានទឹកដីប្រទេសកម្ពុជាឡើយ។
សារព័ត៌មានអាមេរិក Bloomberg នៅថ្ងៃទី៩ មករា នេះ បានចេញផ្សាយសម្ដីអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៨ ខែមករា ថា បើកម្ពុជាមានមជ្ឈមណ្ឌលឆបោកអនឡាញ នោះត្រូវតែជាកាតព្វកិច្ចរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ មិនមែនជាកាតព្វកិច្ចប្រទេសទី៣ មកតាំងខ្លួនជាអ្នកដោះស្រាយឡើយ។
លោក ស៊ុន ចាន់ថុល អះអាងថា ជាក់ស្តែងករណីម្ចាស់ក្រុមហ៊ុនបុត្រសម្ពន្ធព្រីនស៍គ្រុប លោក ចេន ហ្ស៊ី ដែលទើបត្រូវបានសមត្ថកិច្ចប្រទេសកម្ពុជា ចាប់បញ្ចូនទៅប្រទេសចិន វិញកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ គឺអាជ្ញាធរកម្ពុជា បានចំណាយពេលស៊ើបអង្កេត ប្រមូលភស្តុតាងជាយូរមកហើយ។
គួររំឭកថា លោក ចេន ហ្ស៊ី ធ្លាប់ធ្វើជាទីប្រឹក្សាលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ស ខេង និងមានហ៊ុនរកស៊ីជាមួយលោក ស សុខា។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្រោយប្រមូលព័ត៌មានបានគ្រប់គ្រាន់ អាជ្ញាធរកម្ពុជាក៏បានចាប់ផ្តើមចាត់វិធានការចាប់បញ្ជូនទៅឱ្យសមត្ថកិច្ចចិន តែម្តង ដោយមិនចាំបាច់មានប្រទេសទី៣ ចូលអនុវត្តវិធានការជំនួសប្រទេសកម្ពុជាឡើយ។
ការអះអាងនេះ ធ្វើឡើងក្រោយជម្លោះព្រំដែនខ្មែរ-ថៃ នាពេលកន្លងមក ត្រូវរដ្ឋាភិបាល និងយោធាថៃ អះអាងថាមិនមែនជាការឈ្លានពានទឹកដីរបស់កម្ពុជា ប៉ុន្តែជាប្រតិបត្តិការបោសសម្អាត និងបង្ក្រាបទីតាំងឆបោកអនឡាញដែលបាន និងកំពុងគំរាមកំហែងដល់សន្តិសុខជាតិថៃ តែប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល ថ្លែងអះអាងដូច្នេះដើម្បីបង្ហាញថា ប្រទេសកម្ពុជាប្រៀបដូចនឹងជនរងគ្រោះពីសំណាក់អ្នកបំពានមួយ គឺប្រទេសថៃឡង់ដ៍។ លោកត្រូវតែនិយាយនយោបាយកាន់ជើងខាងរដ្ឋាភិបាលដែលលោកបម្រើ ទោះជាបង្វែរការពិតក៏ដោយ។ ប្រទេសជាច្រើនដែលមិនថ្កោលទោសប្រទេសថៃឡង់ដ៍ គឺមកពីពលរដ្ឋគេរងគ្រោះដោយសារមណ្ឌលឆបោកចេញពីប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានដំណើរការជាច្រើនឆ្នាំ។
បើគេពិនិត្យមើលរូបភាពប្រព័ន្ធនៃបណ្ដាញសាខាឆបោកពីប្រទេសកម្ពុជា គឺមានដល់សហរដ្ឋអាមេរិក ដែលជាស្រុកលោកធ្លាប់រៀនសូត្រ។ បណ្ដាញឆបោកនៅស្រុកខ្មែរប្រទាក់ក្រឡាគ្នានឹងបណ្ដាញឆបោកនៅប្រទេសភូមា ហើយបង្កើតជាក្រុមហ៊ុនសម្បក ឬក្លែងក្លាយខ្វាត់ខ្វែងដូចខ្សែភ្លើងអគ្គិសនី លាតសន្ធឹងដល់កោះតៃវ៉ាន់ ហុងកុង លាវ សិង្ហបុរី កោះប៉ាឡាវ ខេម៉ាន់ និង British Virgin Island។ ហ្វូងមនុស្សបន្លំខ្លួនឆបោកដែលហៅថា scam army បោកយកប្រាក់ពីពលរដ្ឋអាមេរិកាំង កូរ៉េខាងត្បូង ថៃ សិង្ហបុរី ហើយជនរងគ្រោះដែលគេបោករត់ពន្ធយកទៅបម្រើការឲ្យមេឧក្រិដ្ឋជននៅស្រុកខ្មែរ មានជនជាតិចិន កូរ៉េខាងត្បូង លាវ ថៃ ឥណ្ឌូនេស៊ី យៀកណាម បង់ក្លាដេស ឥណ្ឌា។
នៅឆ្នាំ២០២២ សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី និងយៀកណាម បានប្រាប់រាជរដ្ឋាភិបាលកម្ពុជា ថា ប្រទេសកម្ពុជាមានមណ្ឌលឆបោក រត់ពន្ធមនុស្ស បង្ខាំងមនុស្សជាទាសករ លាងប្រាក់កខ្វក់ ប៉ុន្តែរាជរដ្ឋាភិបាលមិនអើពើ។
ក្នុងសេចក្តីរាយការណ៍ពីក្រុមស្រាវជ្រាវ Humanity Research Consultancy ផ្សាយខែឧសភា ឆ្នាំ២០២៥ ចំណូលពីការនាំចេញសម្លៀកបំពាក់បានប្រមាណ ៩ពាន់លានដុល្លារ ឬស្មើនឹង ៣០% នៃផលទុនសរុបក្នុងស្រុក ឬ GDP រីឯចំណូលពីប្រតិបត្តិការពីមណ្ឌលឆបោកនាំចំណូលបានពីជិត ១៣ពាន់ទៅ ១៩ពាន់លានដុល្លារ ឬស្មើនឹង ៦០% នៃ GDP។
ដោយឡែកពីរឿងឧក្រិដ្ឋកម្មឆ្លងដែនមានប្រព័ន្ធចាត់តាំង ក្រោយពីកងទ័ពថៃ វាយប្រហារលើប្រទេសកម្ពុជា អស់រយៈពេល ១២ថ្ងៃ កាសែតថៃ ខៅស៊ុត (Khaosod) បានរាយការណ៍អំពីសម្ដីកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ថា យោធាថៃ មិនមែនច្បាំងជាមួយកងទ័ពកម្ពុជា ទេ ប៉ុន្តែគឺច្បាំងជាមួយ «ហ្វូងមនុស្សបន្លំខ្លួនឆបោក» (Scam Army) ប៉ុណ្ណោះ ព្រោះថៃកំពុងប្រឈមមុខជាមួយឧក្រិដ្ឋកម្មសកល ហើយនេះក៏មិនមែនជាសង្គ្រាមព្រំដែនដែរ។
ប្រភពដដែលអះអាងថា បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះកំពុងបង្កការគំរាមកំហែងដោយផ្ទាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុសកល និងសុវត្ថិភាពសាធារណៈនៅក្នុងប្រទេសជាច្រើន ខណៈផលប៉ះពាល់ពី “ហ្វូងបន្លំខ្លួនឆបោក” នេះ មិនមែនកម្រិតត្រឹមតែក្នុងតំបន់ណាមួយនោះទេ វាបានរីករាលដាលដល់ប្រជាជន អាជីវកម្ម និងប្រព័ន្ធសន្តិសុខជាតិនៅទូទាំងពិភពលោក។
កងទ័ពភូមិភាគទី២ ថៃ បញ្ជាក់ថា ប្រជាជនកម្ពុជា មិនមែនជាសត្រូវរបស់ថៃ ទេ ប៉ុន្តែសត្រូវពិតប្រាកដរបស់ថៃ គឺបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងរចនាសម្ព័ន្ធអំណាចដែលទ្រទ្រង់ផលប្រយោជន៍ខុសច្បាប់តាមរយៈអំពើហិង្សាប៉ុណ្ណោះ។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាថាផន ណាក់ផានិត (Nattapon Nakpanich) ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គឺជាសង្គ្រាមរវាងប្រទេសទាំងពីរ ប៉ុន្តែជម្លោះនេះនឹងមិនអូសបន្លាយពេលយូរទេ ព្រោះថៃ នឹងរឹតបន្តឹងការផ្គត់ផ្គង់ប្រេង និងសម្ភារៈយោធាកម្ពុជា ដើម្បីបញ្ចប់សមត្ថភាពយោធាកម្ពុជា ឱ្យដល់ឫសគល់តែម្តង។
ជុំវិញបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយព្រមានថា សមរភូមិដែលថៃ នឹងបន្តរំលោភបន្ទាប់ពីប្រទេសកម្ពុជា គឺប្រទេសឡាវ និងប្រទេសភូមា ប៉ុន្តែថៃ នឹងប្រើលេសប្តូរឈ្មោះពីសង្គ្រាមឈ្លានពាន ទៅជាសង្គ្រាមបំផ្លាញឧក្រិដ្ឋកម្មឆបោក (Scam) វិញ។
គួររំឭកថា ព័ត៌មានអំពីបណ្ដាញរចនាសម្ព័ន្ធនៃមណ្ឌលឆបោកនៅប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ព័ត៌មានឲ្យរដ្ឋាភិបាលថៃ ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចោទថាប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញធំបំផុតនៅតំបន់អាស៊ី ខណៈប្រទេសកម្ពុជា គឺជាប្រទេសរងគ្រោះពីប្រទេសថៃ តែប៉ុណ្ណោះ ប៉ុន្តែមេបនឆបោកដែលមានទីតាំងនៅក្នុងប្រទេសថៃឡង់ដ៍ គឺឧកញ៉ា កុក អាន និងកូនបីនាក់ ព្រមទាំងក្មួយប្រសា ឧកញ៉ា លី យ៉ុងផាត់ ផងដែរ ដែលអាជ្ញាធរថៃ បិទខ្ទប់ប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃរាប់សិបលានដុល្លារ។
ជុំវិញបញ្ហានេះ កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានទម្លាយរូបមួយសន្លឹករបស់នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) រួមជាមួយអតីតមេបញ្ជាការកងទ័ពថៃ ឧបនាយករដ្ឋមន្ត្រីថៃ អតីតសមាជិកព្រឹទ្ធសភា និងអតីតអធិការនគរបាលថៃ ដែលពួកគេបានថតជុំគ្នាជាមួយមេឧក្រិដ្ឋជនលាងលុយ លោក Benjamin Mauerberger។
តាមសេចក្តីរាយការណ៍ក្នុងសារព័ត៌មានថៃ ឯទៀត ជនជាតិអាហ្វ្រិកខាងត្បូងស្បែកស Benjamin Mauerberger បានព្យាយាមធ្វើមេអណ្ដើករត់ការរវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ រឿងដាក់ទុនទិញហ៊ុនប្រេងកាតបូមនៅម្តុំកោះគជ់ ឬកោះគុត ខេត្តត្រាត ប៉ុន្តែសភាថៃ មិនយល់ព្រម។
កាសែតបាងកកប៉ុស្តិ៍ បញ្ជាក់ថា សមាជិកសភាពីគណបក្សប្រជាជនថៃ លោក Ransiman Rome បានលើកឡើងដែរថា រហូតដល់ពេលនេះមិនទាន់មានលិខិតចាប់ខ្លួនលោក Benjamin Mauerberger ឬ “Ben Smith” ដែលជាមនុស្សគេចពីច្បាប់នៅឡើយទេ។ ដូច្នេះ សាមគ្គីភាពរបស់បុគ្គលរូបនេះជាមួយអ្នកមានឥទ្ធិពលទាំងនេះ ជាមូលហេតុដែលអាជ្ញាធរមិនហ៊ានចាប់ខ្លួន ឬយ៉ាងណា។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បច្ចុប្បន្ន កំពុងជាប់ពន្ធនាគារកណ្តាល ឈ្មោះ ខ្លងប្រ៉េម នាក្រុងបាងកក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

