ក្រុមអ្នកវិភាគចាត់ទុកលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ថាជាដំណើរទស្សនកិច្ចដែលទទួលនូវការបរាជ័យដ៏អាម៉ាស់ ដោយសារតែប្រធានាធិបតីបារាំង បានបង្ហាញពីការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ថាជារដ្ឋាភិបាលស្របច្បាប់។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មករា ថា ការដែលលោក ហ៊ុន ម៉ាណែត មិនអាចអញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ឲ្យទៅបំពេញទស្សនកិច្ចជាលក្ខណៈទ្វេភាគីនៅកម្ពុជាវិញបាន គឺជាបរាជ័យដ៏ធំក្នុងដំណើរទស្សនកិច្ចនេះ ប៉ុន្តែដើម្បីកុំឱ្យបាក់មុខការទូត គាត់បែរជាអញ្ជើញប្រមុខសភាបារាំង ឱ្យទៅបំពេញទស្សនកិច្ចជាលក្ខណៈទ្វេភាគីនៅកម្ពុជាជំនួសវិញ។
លោកបន្តថា បរាជ័យទីពីរ គឺការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២១៥លានអឺរ៉ូដល់កម្ពុជា មិនមែនបង្ហាញថា បារាំងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលស្របច្បាប់ទេ ព្រោះថាហិរញ្ញប្បទាននេះត្រូវផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសបារាំង (AFD) ប៉ុណ្ណោះ ដែលមានន័យថា បារាំងជាអ្នកចាត់ចែងហិរញ្ញប្បទាននេះដដែលក្នុងការកសាងសមិទ្ធផលជូនប្រជាជាតិខ្មែរ មិនមែនបារាំងប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជាចាត់ចែងទេ។
លោក គឹម សុខ អះអាងថា ចំណែកបរាជ័យទី៣ គឺមុននឹងមានជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ស្រាប់តែបណ្ដាញព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះ Politico ដែលមានមូលដ្ឋាននៅបារាំង អឺរ៉ុប អង់គ្លេស និងអាមេរិក បានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំផ្ដាច់ការក្នុងពិភពលោករួចទៅហើយ ដូច្នេះដំណើរទស្សនកិច្ចការទូតលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីខ្មែរនេះ លោក ហ៊ុន ម៉ាណែត គ្រាន់តែធ្វើដំណើរទៅទទួលងារជាជនផ្ដាច់ការទាំងវ័យក្មេង រួចហើយស្ពាយឈ្មោះដ៏រលួយនេះទៅប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជាថ្មីនេះប៉ុណ្ណោះ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា ការអញ្ជើញលោក ហ៊ុន ម៉ាណែត ឱ្យទៅទស្សនកិច្ចនៅប្រទេសបារាំង គ្រាន់តែធ្វើឡើងក្នុងវប្បធម៌ការទូតបែបប្រពៃណី ដែលបារាំងជាអតីតម្ចាស់អាណានិគមលើកម្ពុជាប៉ុណ្ណោះ ព្រោះប្រទេសបារាំងតែងតែធ្វើបែបនេះដូចៗគ្នាចំពោះក្រុមប្រទេសដែលធ្លាប់នៅក្រោមអាណានិគមបារាំងពីមុន ទោះបីប្រទេសទាំងនោះសេរីប្រជាធិបតេយ្យ ឬក៏កុម្មុយនីស្តក៏ដោយ ដើម្បីរក្សាទំនាក់ទំនងវប្បធម៌អាណានិគម ដូចជា ភាសាបារាំង ក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូន និងទំនាក់ទំនងកងទ័ព ជាដើម។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយក្រោយពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសបារាំង ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត គឺទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការឯកភាពគ្នាលើគោលការណ៍រួមធំជាមួយប្រទេសបារាំង ដូចជា ឯកភាពគ្នាលើគោលនយោបាយសម្រាប់ពិភពលោក និងតំបន់ ឯកភាពលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ឯកភាពគ្នាលើការជំរុញថាមពលស្អាត និងការឯកភាពគ្នាក្នុងកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាដើម។
ក្រសួងការបរទេសបញ្ជាក់ថា បារាំងជាប្រទេសដំបូងគេក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ដែលលោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចជាផ្លូវការ ហើយក៏ជាឥស្សរជនទី១ ដែលប្រធានាធិបតីបារាំង ទទួលស្វាគមន៍យ៉ាងកក់ក្តៅដែរ ដែលនេះគឺជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនងស្និទ្ធស្នាលរវាងកម្ពុជា និងបារាំង។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងដើម្បីធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤ នេះផងដែរ។
យ៉ាងណាក៏ដោយ អំឡុងពេលចូលរួមប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស សារព័ត៌មានអន្តរជាតិមួយឈ្មោះ ប៉ូលិទិកូ (POLITOCO) បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា The “dirty dozen” of Davos ឬ មេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូប ដែលមានវត្តមានក្នុងទីក្រុងដាវ៉ូស ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏ត្រូវគេរាប់បញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់នោះផងដែរ ឬ Hun Manet is one of the 12 bad boys of the world leaders។
មេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូបដែលមានវត្តមានក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ទាំងនោះ រួមមាន នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត ប្រធានាធិបតីអាហ្សង់ទីន រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត ប្រធានាធិបតីអាហ្សេបៃហ្សង់ ប្រធានាធិបតីរវ៉ាន់ដា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ប្រធានាធិបតីហុងគ្រី នាយករដ្ឋមន្ត្រីស្លូវ៉ាគី ប្រធានាធិបតីប៉ូឡូញ និងនាយករដ្ឋមន្ត្រីកាតា (Qatar) ព្រមទាំងអ្នកជំនួញដ៏ធំពីររូបផ្សេងទៀតផងដែរ។
សារព័ត៌មានអន្តរជាតិខាងលើបានចាត់ទុកថា បុគ្គលទាំងនេះគឺជាប្រភេទអ្នកជំនួញទុច្ចរិត ជាមេដឹកនាំផ្ដាច់ការបែបអត្តាធិបតេយ្យដែលល្មោភអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន មិនគោរពច្បាប់ ដោយជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មលើអ្នកកាសែត និងបង្ក្រាបបង្ហូរឈាមលើពលរដ្ឋស្លូតត្រង់ ជាដើម ក្នុងនោះមានចំណុចសំខាន់ៗជាច្រើននៃការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន ម៉ាណែត រួមមានការបង្ក្រាបឥតឈប់ឈរលើគណបក្សប្រឆាំង និងអ្នករិះគន់ ការបោះឆ្នោតមិនត្រឹមត្រូវ ការប្រព្រឹត្តអំពើពុករលួយ និងទំនាក់ទំនងបក្ខពួកនិយមរវាងក្រុមអ្នកនយោបាយបក្សកាន់អំណាច និងអ្នកជំនួញក្នុងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន សែន សព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

