38.3 C
Phnom Penh

វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ព្រមាន​ថា រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ទាំងអស់​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​វៀតណាម ខណៈ​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​បែប​នេះ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ដោយ​លើកឡើង​នូវ​ជំហរ​រួម​គ្នា​ថា ការ​ពង្រឹង​សន្តិសុខ​ជា​កិច្ចការ​សំខាន់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​មិន​ឱ្យ​យក​ទឹកដី​កម្ពុជា ឬ​ទឹកដី​វៀតណាម ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដាច់ខាត។

សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ​បញ្ជាក់​ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម ក៏ដូចជា​ប្រជាជន​វៀតណាម គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​ដែល​មាន​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ​ផង​ដែរ។

ចំណែក​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ទំនាក់ទំនង​រវាង​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​គណបក្ស​ប្រជាជន​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ជា​លំដាប់ ហើយ​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នេះ នឹង​កាន់តែ​រឹងមាំ​ឋិតថេរ​ចេរកាល​យូរ​អង្វែង​ទៅ​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម គឺជា​ព្រួយ​មួយ​បាញ់​សត្វ​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​ទី​១ ជា​ការ​ហាមប្រាម​លោក ហ៊ុន សែន មិន​ឱ្យ​ទទួលយក​កងទ័ព​ចិន​ឱ្យ​ទៅ​ឈរជើង​លើ​ទឹកដី​កម្ពុជា​នៅ​មូលដ្ឋាន​ជើងទឹក​រាម​របស់​ខ្មែរ ព្រោះ​បញ្ហា​នេះ​កំពុង​ក្លាយ​ជា​ចំណុច​រសើប​កាន់តែ​ខ្លាំង ខណៈ​រដ្ឋាភិបាល​ខ្មែរ​ក៏​មិន​បាន​បញ្ជាក់​ជំហរ​ជាក់លាក់​ណា​មួយ​ឱ្យ​បាន​ច្បាស់​ដែរ​អំពី​បញ្ហា​នេះ។ រីឯ​ចំណុច​ទី​២ គឺ​វៀតណាម​ក៏​បាន​បង្ការ​ក្នុង​បំណង​កុំ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​យក​ទឹកដី​កម្ពុជា​ធ្វើ​កន្លែង​ឈរជើង ដើម្បី​រើ​បម្រះ​ពី​ការ​គ្រប់គ្រង​របស់​វៀតណាម​ដែរ ក្នុង​ពេល​ដែល​វៀតណាម​កំពុង​គាប​សង្កត់​ពលរដ្ឋ​ខ្មែរក្រោម​កាន់តែ​ខ្លាំង​នៅ​ពេលនេះ។

លោក​បន្ត​ថា ការ​ប្ដេជ្ញា​នេះ ក៏​ដើម្បី​ទប់ស្កាត់​ដែរ​ក្នុង​ករណី​ដែល​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ប្រើ​ការ​រើ​បម្រះ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​ទប់ទល់​នឹង​អំណាច​គ្រប់គ្រង​របស់​វៀតណាម លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​ដែល​ខ្លួន​ចង់​ងាក​ខ្លួន​ទៅ​រក​ចិន ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​របស់​វៀតណាម មក​លើ​ខ្លួន​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ពេលនេះ ក៏​អាច​ឱ្យ​វៀតណាម​មាន​ផ្លូវ​ទប់ស្កាត់​ការ​រើបម្រះ​របស់​លោក ហ៊ុន សែន ចេញពី​វៀតណាម ដែរ ទោះ​ក្នុង​វិធី​ណា​ក៏ដោយ ឱ្យ​តែ​មាន​កងទ័ព​បរទេស​ប្រើប្រាស់​ទឹកដី​ខ្មែរ ទោះ​នៅ​លើ​គោក លើ​ទឹក ឬ​នៅ​លើ​អាកាស​ក្តី ពីព្រោះ​វៀតណាម​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គំរាម​លោក ហ៊ុន សែន ឱ្យ​បណ្តេញ​កងទ័ព​ទាំងនោះ​ចេញពី​ទឹកដី​កម្ពុជា​ភ្លាមៗ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​បើក​ផ្លូវ​ទទួល​យក​សង្គ្រាម​មក​ដាក់​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ ហើយ​ក៏​កំពុង​បង្ក​ឱ្យ​មាន​សង្គ្រាម​ផ្ទុះឡើង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ តាមរយៈ​នៃ​ការ​លួច​ផ្តល់​ឱ្យ​ចិន ដាក់​កងទ័ព​ជើងទឹក​របស់​គេ​នៅ​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា​នៅ​ពេលនេះ។

លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន បាន​ឃុបឃិត​ជាមួយ​ចិន ដោយ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​យក​មូលដ្ឋាន​ជើងទឹក​របស់​ខ្មែរ​នៅ​តំបន់​រាម ជា​កន្លែង​ឈរជើង​ដោយ​លាក់​កំបាំង​ពី​ក្រសែភ្នែក​អន្តរជាតិ​ម្តង​បន្តិចៗ ក្រោម​រូបភាព​គ្រប់​ទម្រង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ជួយ​ឱ្យ​ចិន​អាច​ឈ្លានពាន​ប្រទេស​ជិតខាង។

ជុំវិញ​ការ​សង្ស័យ​អំពី​ការ​លាក់​កងទ័ព​ចិន នៅ​ក្នុង​ទឹកដី​កម្ពុជា​នេះ កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​មេដឹកនាំ​វៀតណាម ជជីក​សួរ​ដេញដោល​ជាច្រើន​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ដែល​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ហើយ​ការ​ជជីក​សួរ​អំពី​បញ្ហា​នេះ ត្រូវ​គេ​សង្ស័យ​ថា ទំនង​ជា​វៀតណាម មិន​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន អេកូឡូស៊ី និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវចម្រុះ​ក្នុង​ទន្លេមេគង្គ​ទេ ប៉ុន្តែ​វៀតណាម​ទំនង​ជា​បារម្ភ​ពី​ទំនាក់ទំនង​អំពី​បញ្ហា​បើក​ផ្លូវ​ទទួលយក​កងទ័ព​ចិន ទៅ​កាន់​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា​ច្រើន​ជាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស