29 C
Phnom Penh

ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ T.S.M.W លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​ស្ទឹងត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ទម្លាយ​ថា ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) ដោយ​ប្រើ​រូបភាព​ជា​លក្ខណៈ​វិនិយោគ​លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩០០០​ហិកតារ) ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

ប្រភព​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣០ មករា នេះ​ថា ក្រុមហ៊ុន​កូរ៉េ T.S.M.W ទទួល​បាន​ដី​វិនិយោគ​នៅ​សងខាង​ទន្លេសេកុង នៅ​ពេលនេះ កំពុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ចំណុច​អូរចន្ទ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​អើពើ ឬ​ការ​ចាត់​វិធានការ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​មួយ​ឡើយ ខណៈ​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក សៅ សុខា ក៏​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​លើ​បទល្មើស​នេះ​ដែរ។

ប្រភព​ដដែល​រៀបរាប់​ថា សព្វថ្ងៃ​នេះ ក្រុមហ៊ុន​កូរ៉េ T.S.M.W កំពុង​បន្ត​កាប់​ទន្ទ្រាន​ឈើ​ខុស​ច្បាប់​ពី​ចំណុច​អូរវែង រហូត​ដល់​ភ្នំ​ក្រឡាពស់ ហើយ​ក៏​កំពុង​រាតត្បាត​គ្រប់​ច្រកល្ហក​ដែរ​នៅ​ទីតាំង​ភាគ​ខាងកើត​នៃ​ទន្លេសេកុង។ ចំណែក​ឈើ​ដែល​កាប់​រួចរាល់ ត្រូវ​បាន​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ដេប៉ូ​មួយ​កន្លែង​ស្ថិត​ក្នុង​ចំណុច​អូរត្រកួន ឬ​ត្រពាំងត្រកួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​កណ្តាល​រវាង​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ពលរដ្ឋ​ខាងលើ​អះអាង​ថា ឧកញ៉ា ជ័យ ប្រើ​វិធីសាស្ត្រ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ដែល​បាន​កាប់​រួច​តាមរយៈ​គោយន្ត ត្រាក់ទ័រ និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ទាំង​ថ្ងៃ​ទាំង​យប់ ទៅ​ស្តុក​ទុក​ក្នុង​ដេប៉ូ​ខាងលើ ហើយ​បន្ត​ដឹក​តាម​រថយន្ត​កុងតឺន័រ យក​ទៅ​ចែកចាយ​នៅ​តាម​កន្លែង​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់។

ពលរដ្ឋ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ទាំងនេះ​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​នេះ គឺ​មាន​លោក ព្រីង ទិត្យា ជា​មេការ​គ្រប់គ្រង​ការ​កាប់​ឈើ លោក និត ហៅ គ្និត ជា​អ្នក​ទទួល​ខុសត្រូវ​ដឹក​ឈើ​តាម​សាឡង់​ឆ្លងកាត់​ទន្លេ ចំណែក​លោក សេង ជា​អ្នក​រត់ការ​សូក​លុយ​ឱ្យ​សារព័ត៌មាន និង​មន្ត្រី​មាន​សមត្ថកិច្ច ដូចជា អង្គភាព​សារព័ត៌មាន​តូចៗ​សូក​លុយ​ជាង ៣០​ម៉ឺន​រៀល សារព័ត៌មាន​ធំៗ​សូក​លុយ​ជាង ១​ពាន់​ដុល្លារ​អាមេរិក ជាដើម។

ជាង​នេះ​ទៀត ពួកគេ​ក៏​សូក​លុយ​ទៅ​ឱ្យ​មន្ត្រី​កងរាជ​អាវុធហត្ថ (PM) ប្រចាំ​ខេត្ត​ស្ទឹងត្រែង ផង​ដែរ​ដែល​មាន​ចំនួន​ទឹកប្រាក់​ចន្លោះ​ពី ៣​ពាន់​ដុល្លារ​អាមេរិក ទៅ ៥​ម៉ឺន​ដុល្លារ ចំណែក​ស្ថាប័ន​មាន​សមត្ថកិច្ច ដូចជា រដ្ឋបាល​ព្រៃឈើ ត្រូវ​សូក​លុយ​ចាប់ពី ៣​ពាន់​ដុល្លារ​ឡើង​ទៅ ហើយ​មន្ទីរ​កសិកម្ម​ខេត្ត ក៏​ត្រូវ​សូក​លុយ​ប្រមាណ ៣​ពាន់​ដុល្លារ​ដែរ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង ផ្សេង​ទៀត ក៏​ត្រូវ​សូក​លុយ​ប្រមាណ ៣​ពាន់​ដុល្លារ​ដូច​គ្នា​ដែរ។

ការ​អះអាង​នេះ ហាក់​មាន​ភាព​ស្រប​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​សារព័ត៌មាន​អន្តរជាតិ​មួយ​ដែល​បាន​លាតត្រដាង​ថា ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ គឺជា​ខ្សែបណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​លោក ហ៊ុន សែន មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រកស៊ី​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន​យ៉ាង​ច្បាស់​ក្រឡែត ក្នុង​នោះ គឺ​លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ផុត​លេខ លោក ហ៊ុន ម៉ាណែត ជា​អ្នក​គ្រប់គ្រង​បន្ទាប់ ចំណែក​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​ឈ្មួញ​ដែល​អនុវត្ត​ដោយ​ផ្ទាល់​ក្នុង​រចនាសម្ព័ន្ធ​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ។

Mongabay បាន​បង្ហាញ​តារាង​រចនាសម្ព័ន្ធ​ថា លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​គ្រប់គ្រង​លើ​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ថ្នាក់​ក្រោម​ដោយ​ផ្ទាល់ ដូចជា ក្រុម​ការងារ​គណបក្ស​យុវជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក (CPP Utah Working Group in United State) ជាដើម ដែល​មាន​ភរិយា​របស់​ឧកញ៉ា មិក សាផាណារេត គឺ​អ្នកស្រី អាន សុខនីន រួម​ទាំង​ប្តី​របស់​អ្នកស្រី គឺ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​សមាជិក​ជាន់ខ្ពស់​នៃ​អង្គភាព​នេះ។

តារាង​រចនាសម្ព័ន្ធ​ខាងលើ បាន​លាតត្រដាង​ពី​ក្រុមហ៊ុន​ឈើ​ដែល​អ្នកស្រី អាន សុខនីន និង​ឧកញ៉ា មិក សាផាណារេត កំពុង​ប្រតិបត្តិការ​រកស៊ី​ដោយ​ខុស​ច្បាប់ និង​លាតត្រដាង​អំពី​មនុស្ស​មួយ​ចំនួន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ផង​ដែរ ក្នុង​នោះ អ្នកស្រី អាន សុខនីន គឺជា​អគ្គនាយក​របស់​ក្រុមហ៊ុន ហួត ម៉េង រីតា (Hout Meng Rita) ដែល​កំពុង​គ្រប់គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​មួយ​ចំនួន​ទៀត។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ហួត ម៉េង រីតា (Hout Meng Rita) រួម​មាន ក្រុមហ៊ុន ធី ង៉ាន (Thy Nhan) កំពុង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​លោក ឡេង ឬទ្ធី ជា​អគ្គនាយក និង​ក្រុមហ៊ុន អង្គរ​ផ្លាយវូដ (Angkor Plywood) ដែល​មាន​ឧកញ៉ា ជា ពៅ ហៅ ហួ ជា​អគ្គនាយក ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​ពាសពេញ​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ។

តារាង​រចនាសម្ព័ន្ធ​ខាងលើ​បង្ហាញ​ថា ប្រធាន​ក្រុមហ៊ុន អង្គរ​ផ្លាយវូដ (Angkor Plywood) គឺ​ឧកញ៉ា ជា ពៅ ជា​បងប្អូន​បង្កើត​របស់​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា និង​ជា​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ជា វុទ្ធី ផង​ដែរ ហើយ​បុគ្គល​រូប​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការ​អនុម័ត​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន T.S.M.W ដែល​កំពុង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​លោក ស សារ៉ាន់ ជា​អគ្គនាយក​សព្វថ្ងៃ​នេះ។

ចំណែក​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ គឺ​ជា​អ្នក​ជ្រោមជ្រែង​នៅ​ពីក្រោយ​ក្រុមហ៊ុន T.S.M.W យ៉ាង​ធំ ហើយ​លោក​ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី តាំង សៀកមុំ ដែល​ជា​អតីត​អគ្គនាយក​ក្រុមហ៊ុន T.S.M.W ថែម​ទៀត។

ពលរដ្ឋ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បញ្ជាក់​ថា ក្រុមហ៊ុន T.S.M.W ជា​ក្រុមហ៊ុន​មួយ​ដែល​ធ្លាប់​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ក្រចេះ ផង​ដែរ និង​ធ្លាប់​មាន​ប្រវត្តិ​បាញ់​សម្លាប់​ពលរដ្ឋ​ដែល​បាន​ដឹង​អំពី​សកម្មភាព​បទល្មើស​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​របស់​គេ​ថែម​ទៀត ប៉ុន្តែ​បទល្មើស​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រព្រឹត្ត មិន​ត្រូវ​បាន​សមត្ថកិច្ច និង​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​មួយ​ដោយ​តែងតាំង ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា​របស់​គាត់​ផង​ដែរ​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ។

រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន T.S.M.W និង​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស