35 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា​តុលាការ​បារាំង​នឹង​បើក​សវនាការ​កាត់ទោស​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ក្នុង​សំណុំរឿង​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ទម្លាយ​ថា តុលាការ​ទីក្រុង​ប៉ារីស នឹង​បើក​សវនាការ​នៅ​ចុង​ឆ្នាំ​២០២៤ កាត់ទោស​ឧក្រិដ្ឋជន ២​នាក់ គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ ដែល​បាន​សម្លាប់ និង​ធ្វើ​ឱ្យ​រង​របួស​មនុស្ស​ស្លូតត្រង់​ជាង ១០០​នាក់។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ប្រភព​ពី​តុលាការ​បារាំង ទើប​ឲ្យ​ដឹង​ថា តុលាការ​ទីក្រុង​ប៉ារីស នឹង​បើក​សវនាការ​នៅ​ចុង​ឆ្នាំ​២០២៤ កាត់ទោស​ឧក្រិដ្ឋជន​ឈ្មោះ ហ៊ុយ ពិសិដ្ឋ និង​ឈ្មោះ ហ៊ីង ប៊ុនហៀង ទាក់ទង​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ជិត ៣០​ឆ្នាំ​មុន។

លោក សម រង្ស៊ី អះអាង​ថា អំពើ​ភេរវកម្ម​នៅ​ឆ្នាំ​នោះ គឺជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​រូបលោក ដោយសារតែ​លោក​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មនុស្ស​ស្លូតត្រង់​យ៉ាងតិច ១៦​នាក់​បាន​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​យ៉ាង​ធ្ងន់​ក្នុង​អំពើ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ​នេះ។

អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧ ដែល​មាន​ជនឧក្រិដ្ឋ ២​នាក់​ឈ្មោះ ហ៊ុយ ពិសិដ្ឋ និង​ឈ្មោះ ហ៊ីង ប៊ុនហៀង ជា​ជន​ដៃ​ដល់ ប៉ុន្តែ​ជនឧក្រិដ្ឋ​ទាំង​ពីរ​នាក់​នេះ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជន​ដៃ​ដល់​ដែល​បាន​បោក​គ្រាប់បែក​សម្លាប់​បាតុករ​ស្លូតត្រង់​កណ្តាល​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៧ នៅតែ​មាន​សេរីភាព​ក្រៅ​ច្បាប់​នៅឡើយ​សព្វថ្ងៃ​នេះ និង​មាន​តួនាទី​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ថែម​ទៀត។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​នៅ​ខាងមុខ​រដ្ឋសភា​ចាស់ ដែល​បច្ចុប្បន្ន​គឺជា​តុលាការ​កំពូល ក្បែរ​វត្ត​បទុមវតី ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ជន​ដៃ​ដល់​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​អះអាង​ថា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ឧត្តមសេនីយ៍​ថ្នាក់​ខ្ពស់​ពីរ​រូប​របស់​កម្ពុជា គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​បក្ស​ប្រឆាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧ កន្លង​ទៅ។

អង្គការ​អន្តរជាតិ​ដដែល​នេះ​អះអាង​ថា សាលដីកា​ដដែល​នេះ​បញ្ជាក់​ថា មាន​សាលដីកា​មួយ​ផ្សេង​ទៀត​បាន​បាន​បង្គាប់​ឱ្យ​លោក ហ៊ុន សែន ចូល​ខ្លួន​បំភ្លឺ​ករណី​នេះ​ដែរ ដោយសារតែ​គេ​រក​ឃើញ​ថា គាត់​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គប់​គ្រាប់បែក​នេះ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង បាន​រារាំង​មិន​ឱ្យ​បញ្ជូន​ដីកា​កោះហៅ​នេះ ក្រោម​ហេតុផល​ថា លោក ហ៊ុន សែន មាន​អភ័យ​ឯកសិទ្ធិ​លំដាប់​អ្នក​ដឹកនាំ​ប្រទេស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បញ្ជាក់​ថា ក្នុង​សាលដីកា​នោះ​បង្ហាញ​ថា លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​មាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាន​កង​អង្គរក្ស​ពិសេស​របស់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ បាន​រៀបចំ និង​អនុវត្ត​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​រាជធានី​ភ្នំពេញ ដោយ​កំណត់​យក​លោក សម រង្ស៊ី ជា​គោលដៅ។

សាលដីកា​ដដែល​បញ្ជាក់​ថា លោក ហ៊ុយ ពិសិដ្ឋ បាន​ដាក់​ពង្រាយ​ទាហាន​របស់​គាត់​ដែល​បាន​បំពាក់​អាវុធ​គ្រប់​ដៃ និង​បញ្ជា​ឱ្យ​រៀបចំ​ខ្សែត្រៀម​នៅ​ទីតាំង​មួយ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​បាតុករ​ប្រមូលផ្ដុំ​តវ៉ា ដើម្បី​អាច​សម្របសម្រួល​ឲ្យ​ជន​ដៃ​ដល់​បាន​ដក​ថយ និង​រត់​គេច​ខ្លួន​ទៅ​កាន់​ទីតាំង​ទាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រារាំង​នរណា​ក៏ដោយ​ពី​ការ​ដេញ​តាម​ចាប់​ខ្លួន​ពួកគេ។

ចំណែក​លោក ហ៊ីង ប៊ុនហៀង គឺជា​អ្នក​រក​ជន​ដៃ​ដល់​ដើម្បី​អនុវត្ត​ការ​វាយប្រហារ​នេះ ក្នុង​នោះ លោក ហ៊ុយ ពិសិដ្ឋ បាន​រាយការណ៍​ប្រាប់​ភ្នាក់ងារ FBI ថា គាត់​បាន​ទទួល​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​កម្លាំង​យោធា​ពី​មុខ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​មែន។ ជាង​នេះ​ទៀត ក៏​មាន​ភស្តុតាង​ជាច្រើន​ទៀត​ដែរ​ដែល​បញ្ជាក់​ថា លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​នេះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​មាន​ខ្លឹមសារ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​បាន​ចោទប្រកាន់​លើ​លោក ហ៊ុន សែន ថា​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ ដូច្នេះ​ថ្ងៃ​ក្រោយ លោក​នឹង​មិន​ឱ្យ​មាន​ការ​ចោទប្រកាន់​បែប​នេះ​លើ​លោក ហ៊ុន សែន បន្ត​ទៀត​នោះ​ទេ។

ការ​អះអាង​របស់​លោក សម រង្ស៊ី នៅ​ពេល​នោះ ដោយសារ​លោក​ត្រូវ​ការ​ចរចា​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ក្រោយពី​លោក​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​មួយ​រយៈ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ជាង ២០​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន មិន​ញញើត​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ និស្សិត បញ្ញវន្ត ព្រះសង្ឃ សកម្មជន​សង្គម​ស៊ីវិល មេដឹកនាំ​សហជីព ដោយ​ការ​វាយដំ ចាប់​ដាក់​គុក ឬ​ធ្វើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ជីវិត​សោះឡើយ។

លោក ម៉ែន ណាត លើកឡើង​ថា ព្រឹត្តិការណ៍​បង្ហូរ​ឈាម​បាតុករ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ លោក សម រង្ស៊ី ក៏​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​បាតុករ​រាប់​រយ​នាក់​ទៀត​ដែរ ដូច្នេះ​គាត់​គួរតែ​សើរើ​ប្ដឹង​សំណុំរឿង​នេះ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ឡើងវិញ ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ដែល​រងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម​នេះ ហើយ​គាត់​ក៏​ត្រូវតែ​បញ្ឈប់​ការ​ដក​បណ្តឹង​តាម​តែ​ទំនោរ​នយោបាយ​របស់​គាត់​បន្ត​ទៀត​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ឧក្រិដ្ឋកម្ម​ក្នុង​សង្គម​ខ្មែរ ទាល់​តែ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ ដាក់​គោលដៅ​រួម​ផ្លាស់ប្ដូរ​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ចេញ នោះ​ទើប​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​ប្រទេស​កម្ពុជា​ផង បាន​ស្គាល់​សេរីភាព ប្រជាធិបតេយ្យ និង​សន្តិភាព​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស