29.3 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ព័ត៌មាន​ដែល​ថា​ភរិយា​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស​ថា​ជា​រឿង​មិន​ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ច្រានចោល​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស ថា​ជា​រឿង​មិន​ពិត បន្ទាប់ពី​អ្នកស្រី ប៊ុន រ៉ានី បាន​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក​បណ្តាល​ឱ្យ​ប៉ះទង្គិច​ដល់​ក្បាល​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ។

មេដឹកនាំ​ក្រាញ​អំណាច​បន្ត​ទៅ​កូន លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ពិត​ជា​មាន​ជំងឺ​មែន ដោយសារតែ​រអិល​ដួល​ក្នុង​បន្ទប់ទឹក​ក្នុង​ផ្ទះ ដែល​បណ្តាល​ឱ្យ​ប៉ះទង្គិច​ចំ​ក្បាល និង​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​ពេលនេះ មិន​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ទេ។

លោក ហ៊ុន សែន អះអាង​ថា បន្ទាប់ពី​ការ​ពិនិត្យ​ព្យាបាល​ដោយ​យកចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ សុខភាព​របស់​អ្នកស្រី ប៊ុន រ៉ានី បាន​វិវត្ត​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ចាកចេញ​ពី​មន្ទីរពេទ្យ​បាន​នៅឡើយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការ​ថត​ពិនិត្យ​របួស​ត្រង់​ក្បាល​ជា​លើក​ទី​៣ ដើម្បី​ពិនិត្យ​មើល​សរសៃ​ដែល​រង​នូវ​ការ​ប៉ះទង្គិច​នោះ។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​រូប​នេះ​បញ្ជាក់​ថា លោក​គ្មាន​ការ​លាក់​បាំង ហើយ​ក៏​គ្មាន​ការ​ចាំបាច់​ផ្សព្វផ្សាយ​ជា​ដំណឹង​អ្វី​ដែរ​ចំពោះ​ជំងឺ​របស់​អ្នកស្រី ប៊ុន រ៉ានី នៅ​ពេលនេះ ចំណែក​ពួក​អាក្រក់​ក៏​សូម​បញ្ឈប់​នូវ​ការ​បំពុល​ព័ត៌មាន និង​សូម​យកចិត្ត​ទុកដាក់​ការពារ​សុខភាព​ខ្លួនឯង​វិញ​ល្អ​ជាង​មក​គិត​ពី​សុខទុក្ខ​ក្រុម​គ្រួសារ​របស់​លោក​បន្ត​ទៀត។

កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ មាន​វីដេអូ​បែកធ្លាយ​មួយ​ដែល​ត្រូវ​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​វត្តមាន​សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ានី នៅ​ក្នុង​អគារ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បញ្ជូន​ទៅ​ដល់​បន្ទប់​ព្យាបាល​ក្នុង​ស្ថានភាព​សន្លប់​បាត់បង់​ស្មារតី។

ការ​បញ្ជូន​អ្នកស្រី ប៊ុន រ៉ានី ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ពេលនេះ គឺជា​លើក​ទី​ពីរ​ហើយ​បន្ទាប់ពី​ភរិយា​មេដឹកនាំ​ក្រាញ​អំណាច​កំពូល​នៅ​កម្ពុជា​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស​ជុំវិញ​ជំងឺ​ឆ្អឹងខ្នង​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រី ប៊ុន រ៉ានី មិន​អាច​ចូលរួម​ទទួល​ភរិយា​មេដឹកនាំ​អាស៊ាន​បាន​នៅ​ពេល​នោះ។

អ្នកស្រី ប៊ុន រ៉ានី កើត​នៅ​ឆ្នាំ​១៩៥៧ ហើយ​បើ​គិត​មក​ដល់​ពេលនេះ អ្នកស្រី​មាន​អាយុ ៦៧​ឆ្នាំ ប៉ុន្តែ​ក្នុង​វ័យ​ជិត ៧០​ឆ្នាំ​របស់​គាត់ ត្រូវ​គេ​ដឹង​ថា​ក្រៅពី​កាន់​តួនាទី​ជា​ប្រធាន​អង្គការ​សប្បុរសធម៌​កាកបាទ​ក្រហម​កម្ពុជា ជួយ​ជន​ក្រីក្រ គេ​ក៏​រក​ឃើញ​ដែរ​ថា អ្នកស្រី ប៊ុន រ៉ានី ធ្លាប់​មាន​បាតដៃ​ប្រឡាក់​ឈាម​ផង​ដែរ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ស្នេហា​ត្រីកោណ​រវាង​លោក ហ៊ុន សែន ជាមួយ​នឹង​នាដការី​របាំ​ព្រះរាជទ្រព្យ​អ្នកស្រី ពិសិដ្ឋ ពីលីកា កាលពី​អំឡុង​ទសវត្សរ៍​១៩៩៩ កន្លង​ទៅ។

ជាក់ស្តែង កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​១៩៩៩ ទស្សនាវដី្ត អ៊ិចប្រេស របស់​បារាំង បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​លាតត្រដាង​នូវ​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ» ដែល​បាន​ចោទ​ថា អ្នកស្រី ប៊ុន រ៉ានី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​នាដការី​របាំ​ព្រះរាជទ្រព្យ​អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​សហាយស្មន់​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​នោះ។

ទស្សនាវដី្ត​ដដែល​បាន​សរសេរ​ថា ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា​ការ​ស្លាប់​របស់​អ្នក​របាំ​រូប​នោះ គឺ​ស្លាប់​ក្រោម​ការ​បញ្ជា​របស់​អ្នកស្រី ប៊ុន រ៉ានី ក្នុង​នោះ​មាន​ដូចជា សៀវភៅ​កំណត់ហេតុ​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​បាន​សរសេរ​រៀបរាប់​ពី​ប្រវត្តិ​ស្នេហា​របស់​អ្នកស្រី​ជាមួយ​លោក ហ៊ុន សែន។ ក្រៅពី​នេះ ក៏​មាន​កំណាព្យ​ឆ្លងឆ្លើយ​ស្នេហា​រវាង​លោក ហ៊ុន សែន និង​អ្នកស្រី ពិសិដ្ឋ ពីលីកា ផង​ដែរ ដែល​ជា​សំណេរ​របស់​លោក ហ៊ុន សែន ផ្ទាល់ ក្រោយពី​គេ​ផ្ទៀងផ្ទាត់​សំណេរ​ដៃ​ផ្សេងៗ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​រួច​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស