26 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​សកម្មជន​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ថៃ​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ក្រោម​ផែនការ​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​ភៀស​ខ្លួន​ក្នុង​ទឹកដី​ថៃ លោក ម៉េង សុធារ៉ា បាន​លើកឡើង​ថា ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​រត់​ភៀស​ខ្លួន​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ថៃ នៅ​ពេលនេះ មិនមែន​ដោយសារ​អ្នក​ទាំងនោះ​បង្ក​ចលាចល​ណា​មួយ​ដែល​ខុស​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ ទេ ប៉ុន្តែ​គឺជា​ផែនការ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​អនុវត្ត​កម្ចាត់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​តាមរយៈ​អាជ្ញាធរ​ថៃ តែប៉ុណ្ណោះ។

លោក ម៉េង សុធារ៉ា អះអាង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក ហ៊ុន សែន បាន​ប្រើ​អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា លោក ញឹម គឹមញ៉ុល អនុប្រធាន​គណបក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ អ្នកស្រី វង់ រ៉ានី និង​ស្វាមី​របស់​គាត់ និង​អ្នកស្រី ប៉ីប៉ី លី ផង​ដែរ ឱ្យ​ទៅ​បង្កប់​ខ្លួន​ដើម្បី​ទាក់ទង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ក្នុង​ទឹកដី​ថៃ និង​ស៊ើបការណ៍​ពី​សកម្មជន​នយោបាយ​ទាំងនោះ​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ជន​បង្កប់​ទាំង​បី​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ទាក់ទង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ស៊ើបការណ៍​ពី​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន និង​បញ្ចុះ​បញ្ចូល​សកម្មជន​នយោបាយ​ទាំងនោះ​ឱ្យ​ចុះចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចងក្រង​ជា​កម្លាំង​នៅ​ក្នុង​ទឹកដី​ថៃ ក្នុង​ការ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ពី​សកម្មជន​នយោបាយ​ទាំងនោះ នៅ​ពេល​ដែល​មាន​វត្តមាន​នាយករដ្ឋមន្ត្រី​ខ្មែរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ តប​តាម​ការ​អញ្ជើញ​របស់​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត នឹង​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា-ថៃ សម្រាប់​ជា​គន្លឹះ និង​ជា​ប្រយោជន៍​របស់​ធុរជន​កម្ពុជា-ថៃ ព្រមទាំង​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ផង​ដែរ។

យ៉ាងណា​ក៏ដោយ មុន​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​មក​ដល់ សកម្មជន​នយោបាយ​ដែល​កំពុង​រត់​ភៀស​ខ្លួន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ដើម្បី​គេច​ចេញពី​ការ​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​ក្រោម​បង្គាប់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នេះ​ដែរ ប៉ុន្តែ​ជា​អកុសល ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ កន្លង​ទៅ​ដែល​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើឡើង​ក្រោម​របៀបវារៈ​នយោបាយ​ដែល​ជា​ការ​សហការ​គ្នា​រវាង​មេដឹកនាំ​នយោបាយ​ថៃ និង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

ជុំវិញ​បញ្ហា​នេះ សកម្មជន​នយោបាយ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ ជាច្រើន បាន​ចេញ​មុខ​អំពាវនាវ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​០៦ កុម្ភៈ នេះ​ថា ក្នុង​នាម​ពួកគេ​ទាំងអស់​គ្នា​ជា​ពលករ ជា​សិស្ស​និស្សិត និង​ជា​ជន​ភៀស​ខ្លួន​នយោបាយ ជា​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ដែល​ធ្វើការ និង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ សូម​អំពាវនាវ​ដល់​អ្នក​ស្នេហា​ជាតិ ស្នេហា​ប្រជាធិបតេយ្យ ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ទឹកដី​ថៃ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ។

ប្រភព​ពី​សកម្មជន​ទាំងនេះ បាន​ស្នើ​ឱ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​ថៃ ដោះលែង​អ្នកទោស​នយោបាយ​ជាប់​ឃុំ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ជន​ភៀស​ខ្លួន​នយោបាយ​ពី​ប្រទេស​កម្ពុជា ដែល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​ផ្ដាច់ការ​ត្រកូល ហ៊ុន ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​អង្គការ​សហប្រជាជាតិ (UNHCR) ប្រចាំ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​លេស​ទម្លាក់​កំហុស​ទៅ​លើ​គណបក្ស Move Forward (គណបក្ស​កៅក្លៃ) របស់​ថៃ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​ដែល​គាត់​បាន​រៀបចំ​ទុក ឱ្យ​ប្តឹង​ទៅ​រដ្ឋាភិបាល​ដោយ​ចោទ​ថា គណបក្ស​នេះ​បាន​បណ្តុះបណ្តាល​សកម្មជន​នយោបាយ​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​រស់នៅ​លើ​ទឹកដី​ថៃ ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​គឺ​មាន​ចេតនា​ខ្ចី​ដៃ​អាជ្ញាធរ​ថៃ បោស​សម្អាត​សកម្មជន​ទាំងនោះ​ឱ្យ​អស់​ពី​ទឹកដី​ថៃ តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សំណើ​ខាងលើ​នេះ​ទំនង​ជា​ធ្វើឡើង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​កំពុង​មាន​សិទ្ធិ​វិល​ចូល​ឆាក​នយោបាយ​ថៃ វិញ​នៅ​ពេលនេះ។

លោក គឹម សុខ បញ្ជាក់​ថា ករណី​នេះ​ក៏​អាច​ជា​សេណារីយ៉ូ​នយោបាយ​រវាង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែរ ព្រោះ​ថា​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាច​កម្ចាត់​គូប្រជែង​នយោបាយ​របស់​ខ្លួន​ក្នុង​គណបក្ស​កៅក្លៃ ចំណែក​លោក ហ៊ុន សែន ក៏​អាច​កម្ចាត់​សកម្មជន​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ​នេះ​ដែរ ដែល​ពួកគេ​ទទួល​បាន​ប្រយោជន៍​ពី​សេណារីយ៉ូ​នេះ​ដូច​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស