31 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​ថា​បណ្តឹង​លើ​លោក ស៊ឹង សែនករុណា ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន កម្ចាត់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ទាប់ពី​អ្នក​នយោបាយ​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​លើកឡើង​ថា ការ​ប្តឹង​មន្ត្រី​សង្គម​ស៊ីវិល​លោក ស៊ឹង សែនករុណា ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាក់ទង​ការ​បញ្ចេញមតិ​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ឱ្យ​បែកបាក់​កម្លាំង​តវ៉ា​នៅ​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​កំពុង​ប្រើ​អំណាច​រំលោភ​ច្បាប់​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ក្នុង​រដ្ឋធម្មនុញ្ញ​ជំពូក​៣ ស្ដីពី «សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ» ចាប់ពី​មាត្រា​៣១ ដល់​មាត្រា​៥០ បាន​ចែង​យ៉ាង​ច្រើន​ពី​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ប្រើ​អំណាច​រំលោភ​លើ​ជំពូក​នេះ ដើម្បី​តែ​បំពេញ​បំណង​របស់​ខ្លួន​ទៅវិញ ហើយ​ការ​រំលោភ​ច្បាប់​នេះ មិនមែន​ត្រឹមតែ​រំលោភ​តែ​បុគ្គល​ផ្ទាល់ខ្លួន​គាត់​ទេ ថែម​ទាំង​គំរាម​ឱ្យ​ស្ថាប័ន​តុលាការ​រំលោភ​ច្បាប់​តាម​ការ​ចង់បាន​របស់​គាត់​ទៀត។

លោក ម៉ែន ណាត លើកឡើង​ថា ទោះ​បណ្តឹង​នេះ​ឈាន​ដល់​ការ​ចោទប្រកាន់​រហូត​លោក ហ៊ុន សែន ឈ្នះ​ក្តី​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅតែ​មើល​ឃើញ​ជា​ភាព​អយុត្តិធម៌​ដែរ ព្រោះ​ថា​អ្នក​ប្តឹង​គឺ​លោក ហ៊ុន សែន ចំណែក​អ្នក​ដែល​ទទួល​បណ្តឹង​យក​ទៅ​កាត់​សេចក្តី គឺជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន ដូច្នេះ​តើ​សមាជិក​បក្ស​កាន់​អំណាច​ទាំងនោះ​នឹង​កាត់​សេចក្តី​ឱ្យ​លោក ហ៊ុន សែន ចាញ់​ក្តី​កើត​នោះ​ទេ? ចម្លើយ​គឺ​ថា មិន​អាច​ទេ។

ប្រភព​ដដែល​បន្ថែម​ថា ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គ្រាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​គាត់​ប៉ុណ្ណោះ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ខ្លាច​របស់​ពលរដ្ឋ​រហូត​ដល់​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ ពួកគេ​ក៏​ស្អប់​គាត់​កាន់តែ​ខ្លាំង​ដែរ។ ផ្ទុយទៅវិញ អ្នក​ដែល​គាត់​បាន​បង្ក្រាប និង​សុខចិត្ត​ចុះចូល​កន្លង​មក​នោះ គ្រាន់តែ​ជា​រូបភាព​ដែល​ពួកគេ​ធ្វើ​ឱ្យ​គាត់​មើល​ប៉ុណ្ណោះ។

លោក​បន្ត​ថា បើ​ចង់​ដឹង​ថា​ពួកគេ​ស្រឡាញ់​គាត់​ពិតប្រាកដ​ដោយ​ស្មោះ​អស់​ពី​បេះដូង ឬ​អត់ គេ​អាច​សម្គាល់​បាន​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​គាត់​អស់​អំណាច ដូច្នេះ​លោក ហ៊ុន សែន មិន​គួរ​បន្ត​ការ​ដឹកនាំ​តាម​បែប​ឃោរឃៅ​ដូច្នេះ​ទៀត​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ត្អូញត្អែរ​ថា រយៈពេល​ជិត ៤០​ឆ្នាំ​របស់​លោក​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន អាច​ធ្វើ​បាន​ត្រឹមតែ​កម្ចាត់​ដៃគូ​ប្រជែង​នយោបាយ​ដើម្បី​ក្តោប​ក្តាប់​អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​គុណធម៌​សម្រាប់​ខ្លួន​គាត់​ក្នុង​នាម​ជា​មេដឹកនាំ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​គោរព​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ គាត់​មិន​អាច​ធ្វើ​បាន​ទេ។ ជាង​នេះ​ទៀត ដោយសារតែ​ការ​ដឹកនាំ​ដ៏​អាក្រក់​របស់​គាត់ ក៏​ក្លាយ​ជា​បណ្តាសា​ដាក់​លើ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​នៅ​លើ​ពិភពលោក​នៅ​ពេលនេះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ដែល​បាន​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំ​ឱ្យ​ធ្វើការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​ឱ្យ​សង​សំណង​ជំងឺចិត្ត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល)។

ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បកស្រាយ​ជុំវិញ​ការ​ប្តឹងផ្តល់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ «បរិហារ​កេរ្តិ៍» ដែល​តុលាការ​តម្រូវ​ឱ្យ​សង​ជំងឺចិត្ត​ដល់​គណបក្ស​កាន់​អំណាច​ចំនួន ១​លាន​ដុល្លារ​អាមេរិក ក្រោយពី​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្តី​បក្ស​កាន់​អំណាច​កាលពី​ពេល​កន្លង​ទៅ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក គឺ​ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ចេតនា​ណា​មួយ​វាយប្រហារ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

ជុំវិញ​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​ទំនង​ជា​មាន​បំណង​ប្រៀបធៀប​ករណី​លោក ស៊ឹង សែនករុណា ដែល​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​នៅ​ថ្ងៃ​នេះ​ថា ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​កម្មការិនី​រោងចក្រ ៣​នាក់​ឲ្យ​រង​របួស​ស្ទើរ​ស្លាប់ តុលាការ​សម្រេច​ឱ្យ​លោក ឈូក បណ្ឌិត សង​សំណង​ដល់​ជនរងគ្រោះ​ទាំង ៣​នាក់​នូវ​ទឹកប្រាក់​សរុប​ចំនួន ៣៨​លាន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​បក្ស​នយោបាយ​វិញ បាន​នាំ​ឲ្យ​អ្នក​ខ្លះ​ទារ​ជំងឺចិត្ត​ទាមទារ​សំណង​រហូត​ដល់​រាប់​ពាន់​លាន​រៀល​ទៅវិញ។

លោក មឿន តុលា លើកឡើង​ថា អ្វី​ដែល​លោក ស៊ឹង សែនករុណា បាន​ធ្វើ គឺ​បាន​ជួយ​សង្គម​ជាតិ​ច្រើន​ណាស់ ទោះ​មាន​អ្នក​និយាយ​ចេញ​មក​ខាង​ក្រៅ ឬ​មិន​និយាយ​ចេញ​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​សុទ្ធតែ​បាន​ដឹង​ច្បាស់​ដែរ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ការ​គំរាមកំហែង ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស