មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ទម្លាយថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា កំពុងកុហកមហាជនអំពីមូលហេតុនៃមរណភាពប្រធាននាយកដ្ឋានកាសែតកម្ពុជា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា Agence Kampuchea de Press (AKP) លោក សៅ សុវណ្ណ ពីការធ្វើអត្តឃាតដោយចងក ព្រោះតែសម្ពាធការងារ មកជាការស្លាប់ដោយជំងឺ។
ប្រភពច្បាស់ការណ៍ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី៨ កុម្ភៈ ថា មរណភាពលោក សៅ សុវណ្ណ គឺជាការធ្វើអត្តឃាតដោយចងក ព្រោះតែសម្ពាធការងារហួសហេតុនៅកន្លែងការងារផង និងដោយសារតែរងនូវសម្ពាធពីបញ្ហានានាដែលកើតចេញពីទំនាស់ផ្ទៃក្នុងដោយការប្រជែងអំណាច និងការដណ្តើមតំណែងមុខនាទី ក្រោយពីសមាជិករដ្ឋាភិបាលថ្មីឈានជើងចូលមកជាបន្តបន្ទាប់។
ប្រភពមន្ត្រីដដែលរៀបរាប់ថា ចាប់តាំងពីរដ្ឋមន្ត្រីថ្មីនៃក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា ឡើងមកដឹកនាំក្រសួងព័ត៌មាន មន្ត្រីចាស់ៗជាច្រើនមិនពេញចិត្តនឹងទង្វើរបស់គាត់ឡើយ ព្រោះលោក នេត្រ ភក្ដ្រា តែងតែប្រើមុខនាទីប្រមាថលើមន្ត្រីចាស់ៗទាំងនោះ និងបង្ខំឱ្យពួកគេធ្វើការងារហួសការកំណត់ និងកោះប្រជុំច្រើនស្ទើរតែរាល់ថ្ងៃ។ លើសពីនេះទៀត រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះក៏បានបង្ខំឱ្យមន្ត្រីក្រោមឱវាទ ចុះមូលដ្ឋាននៅក្នុងខេត្តក្រចេះ គ្រប់ៗគ្នាដែរ ក្រោមបទបញ្ជា ហាមអវត្តមានដាច់ខាត ដែលជាហេតុជំរុញលោក សៅ សុវណ្ណ ដែលមានវ័យ ៦០ឆ្នាំ រងនូវសម្ពាធធ្ងន់ធ្ងរមិនអាចទ្រាំបាន ក៏បង្ខំចិត្តធ្វើអត្តឃាតតែម្តង។
មន្ត្រីដដែលបញ្ជាក់ថា សម្ពាធការងារដែលកាន់តែធ្ងន់ធ្ងរនោះ គឺលោក នេត្រ ភក្ដ្រា បានបង្ខំឱ្យលោក សៅ សុវណ្ណ រៀបចំឱ្យ «កាសែតកម្ពុជា» ដែលជាកាសែតរបស់បក្សប្រជាជនកម្ពុជា ដំណើរការឡើងវិញ បន្ទាប់ពីកាសែតនេះបានផ្អាកដំណើរការជាយូរឆ្នាំមកដោយសារគ្មានថវិកា និងធនធានមនុស្សគ្រប់គ្រាន់។ ការធ្វើបែបនេះ គឺព្រោះតែលោក នេត្រ ភក្ដ្រា ចង់បង្ហាញស្នាដៃ និងផ្គាប់ចិត្តមេដឹកនាំបក្សកាន់អំណាចពីការងាររបស់ខ្លួន ទោះមន្ត្រីក្រោមឱវាទទទួលរងនូវសម្ពាធ ឬការលំបាកកម្រិតណាក៏ដោយ ក៏គាត់មិនខ្វល់ដែរ។
កាលពីចុងខែមករា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញផ្សាយអត្ថបទមួយដែលលើកឡើងអំពីការចាប់កំណើតជាថ្មីនៃ «កាសែតកម្ពុជា» បន្ទាប់ពីកាសែតនេះបានផ្អាកការផ្សាយតាំងពីឆ្នាំ២០០៧ មក ក្នុងនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានលើកឡើងក្នុងពិធីសន្និបាតប្រចាំឆ្នាំនៃក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ថា កាសែតកម្ពុជា នឹងត្រូវដាក់ឱ្យដំណើរការឡើងវិញនៅក្នុងនាមជាសារព័ត៌មានជាតិ។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ការរស់ឡើងវិញនៃកាសែតនេះ គឺក្រសួងព័ត៌មានមានគោលបំណងឱ្យកាសែតកម្ពុជា ដែលជាសំឡេងជាតិ ត្រូវតែបន្តទៅមុខដើម្បីជាមោទនភាពជាតិនៅក្នុងការបម្រើមុខងារជាអ្នកនាំសារពីរាជរដ្ឋាភិបាលទៅកាន់សាធារណជន។
ទោះយ៉ាងណាក៏ដោយ ក្រោយកាសែតកម្ពុជារស់ឡើងវិញ លោក សៅ សុវណ្ណ ដែលជាអ្នករៀបចំឲ្យមានដំណើរការនានាដើម្បីឱ្យកាសែតនេះចាប់កំណើតជាថ្មី ក៏បាត់បង់ជីវិតដោយការធ្វើអត្តឃាត ក្រោយការចាប់បដិសន្ធិកាសែតដែលគាត់បានជួយឱ្យរស់ឡើងវិញនេះបានត្រឹមតែជាង ១០ថ្ងៃ (១៤ថ្ងៃ) ប៉ុណ្ណោះ ប៉ុន្តែមូលហេតុពិតនៃការស្លាប់ដោយការធ្វើអត្តឃាតនេះ ត្រូវក្រសួងព័ត៌មាន ផ្សព្វផ្សាយថាជាការស្លាប់ដោយជំងឺវិញ ខណៈមន្ត្រីទាំងអស់ក្នុងក្រសួងបានដឹងពីការពិតនេះគ្រប់គ្នា ប៉ុន្តែគ្មាននរណាហ៊ាននិយាយឡើយ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានចូលរួមពិធីបុណ្យសពប្រធាននាយកដ្ឋានកាសែតកម្ពុជា (AKP) លោក សៅ សុវណ្ណ ដែលស្លាប់ដោយរោគាពាធក្នុងជន្មាយុ ៦០ឆ្នាំកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានប្រារព្ធពិធីបុណ្យសពនៅបរិវេណវត្តសូរិយាពោធិ៍មាស (ហៅវត្តក្តីចាស់) ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្ត្រីក្នុងជួររដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត ធ្លាប់ត្អូញត្អែរប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា មន្ត្រីក្នុងជួររដ្ឋាភិបាលថ្មីនេះកំពុងហែកហួរគ្នាដណ្តើមតំណែងមុខនាទី និងអំណាចពីមន្ត្រីរដ្ឋាភិបាលចាស់ដែលត្រូវលោក ហ៊ុន សែន បញ្ចប់ពីមុខនាទីសំខាន់ៗយកទៅគរទុកនាពេលកន្លងមក។
ប្រភពដដែលលើកឡើងថា ទោះបីជាពួកគេត្រូវបានយកទៅបញ្ឈរជើងទុកក៏ដោយ ប៉ុន្តែអំណាច និងឥទ្ធិពលពួកគេ គឺនៅតែដដែល ដូច្នេះហើយបានជាមន្ត្រីថ្មីដែលទើបនឹងឡើងកាន់តំណែងជំនួសមន្ត្រីចាស់ៗទាំងនោះ ព្យាយាមលុបបំបាត់អំណាច និងឥទ្ធិពលពួកគេតាមរយៈល្បិចកលដាក់ការងារឱ្យមន្ត្រីណាដែលនៅតែគោរពមន្ត្រីចាស់ទាំងនោះលើសកម្រិត រហូតពួកគេទ្រាំលែងបាន សុំលាឈប់ពីការងារ ឬព្រមសារភាពចុះចូលជាមួយគេ ជាដើម។ មន្ត្រីទាំងនោះបញ្ជាក់ថា ការព្រួយបារម្ភរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ គឺនៅត្រង់ថា លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់ មិនទាន់មានឥទ្ធិពល និងគុណសម្បត្តិឱ្យមន្ត្រីចាស់ៗគោរព និងធ្វើតាមនោះទេ។
ចំណែកឯមន្ត្រីថ្មីដែលជាកម្លាំងថ្មីរបស់លោក ហ៊ុន ម៉ាណែត មិនទាន់មានបទពិសោធន៍ក្នុងការងារគ្រប់គ្រាន់នៅឡើយ ខណៈមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា នៅមិនទាន់អាចរួបរួមសាមគ្គីគ្នាគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យកាន់កាប់អំណាចតំណាងឱ្យគណបក្សប្រជាជនកម្ពុជា ដែរ។ ដូច្នេះហើយបានជាលោក ហ៊ុន សែន ព្យាយាមមិនឱ្យមានសំឡេងប្រឆាំងដាច់ខាតក្នុងដំណាក់កាលដែលគាត់កំពុងរៀបចំអំណាចឱ្យលោក ហ៊ុន ម៉ាណែត នៅពេលនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

