29 C
Phnom Penh

ក្រុម​តស៊ូ​មតិ​និយាយ​ថា ការ​ប្តឹង​ទារ​ជំងឺចិត្ត​ពី​អ្នក​ឃ្លាំមើល​ការពារ​សិទ្ធិមនុស្ស​ជា​រឿង​គ្មាន​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ថា​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មិន​បាន​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​របស់​គណបក្ស​ដែល​រង​ការ​ខូចខាត ឬ​ការ​ខាតបង់​កេរ្តិ៍ឈ្មោះ​ដែល​ជា​ភស្តុតាង​យក​ជា​មូលដ្ឋាន ឱ្យ​សម​នឹង​គណបក្ស​នេះ​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​រហូត​ដល់​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ក្រុម​អ្នក​តស៊ូ​មតិ​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា ក្នុង​សំណុំរឿង​ប្តឹងផ្តល់​ទារ​សំណង​ជំងឺចិត្ត​រហូត​ដល់​កន្លះ​លាន​ដុល្លារ​នេះ តាម​ពិត គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដាក់​ភស្តុតាង​ពី​ការ​ខូចខាត​ជាក់ស្ដែង និង​ជំងឺចិត្ត​ដែល​ខូចខាត​ជាក់ស្ដែង​ពី​អំពើ​ល្មើស​ចូល​ក្នុង​សំណុំរឿង ប៉ុន្តែ​តាម​ការ​ពិនិត្យ​មើល​ក្នុង​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឃើញ​សរសេរ​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ ឬ​ការ​ខូចខាត​កិត្តិយស​ណា​ជាក់លាក់​ទេ។ ជាង​នេះ​ទៀត ក៏​មិន​បាន​បង្ហាញ​ពី​ភស្តុតាង​ដែល​រង​ការ​ខូចខាត​ដែល​កើត​ពី​ការ​ផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ដែរ។

ប្រភព​ដដែល​លើក​ជា​សំណួរ​ថា ចាប់​ថ្ងៃទី​២ ដែល​សារព័ត៌មាន The Cambodia Daily ចុះផ្សាយ​រហូត​ដល់​ថ្ងៃទី​៥ ដែល​បក្ស​កាន់​អំណាច​ប្តឹង​ទៅ​តុលាការ​ដែល​មាន​រយៈពេល ៤​ថ្ងៃ​នេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រង​នូវ​ការ​ខូចខាត​អ្វី​ខ្លះ​ហើយ បាន​ជា​ប្តឹង​ទារ​សំណង​ជំងឺចិត្ត​រហូត​ដល់ ២​ពាន់​លាន​រៀល​បែប​នេះ ហើយ​នេះ​ក៏​ជា​សំណួរ​ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ និង​សម្រាប់​តុលាការ​កម្ពុជា​គិត មុន​នឹង​បន្ត​នីតិវិធី​លើ​សំណុំរឿង​នេះ​ទៅ​មុខ​បន្ត​ទៀត​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លើកឡើង​ថា ផ្អែក​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា មុន​នឹង​ប្តឹង​លោក ស៊ឹង សែនករុណា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​សរសេរ​លិខិត​ទៅ​សារព័ត៌មាន The Cambodia Daily ជា​មុន​សិន ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ​ខ្លឹមសារ​អត្ថបទ​ក្នុង​រយៈពេល ៧​ថ្ងៃ ប៉ុន្តែ​ក្នុង​ករណី​សារព័ត៌មាន The Cambodia Daily មិន​ព្រម​កែតម្រូវ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មិន​មែន​ប្តឹង​លោក ស៊ឹង សែនករុណា ទាំង​កម្រោល​បែប​នេះ​ទេ។

ប្រភព​ដដែល​រៀបរាប់​ថា បើ​ពិនិត្យ​លើ​សាច់រឿង​នេះ គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​មូលហេតុ និង​ភស្តុតាង​ណា​មួយ​សម្រាប់​ប្តឹង​លោក ស៊ឹង សែនករុណា ឡើយ ព្រោះ​ថា​ក្នុង​ដំណើរ​រឿង​នេះ គឺ​សារព័ត៌មាន The Cambodia Daily បាន​ចុះផ្សាយ​អត្ថបទ​កាលពី​ថ្ងៃទី​២ កុម្ភៈ ហើយ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ថ្ងៃទី​៤ កុម្ភៈ ខណៈ​បណ្តឹង​ពី​មេធាវី​បក្ស​កាន់​អំណាច គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៥ កុម្ភៈ ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ សារព័ត៌មាន The Cambodia Daily ក៏​ប្រកាស​លុប​ពាក្យពេចន៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចោទ​ប្តឹង​នោះ​ដែរ។ ដូច្នេះ​ករណី​នេះ មិន​គួរ​ដល់​ថ្នាក់​បក្ស​កាន់​អំណាច​ប្តឹង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឡើយ។

ក្រុម​តស៊ូ​មតិ​កម្ពុជា​ខាងលើ​បញ្ជាក់​ថា ការ​ប្តឹងផ្តល់​នេះ គ្រាន់តែ​ជា​ល្បិច​គំរាមកំហែង បំភិតបំភ័យ​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ត​ទៅ​ទៀត​ប៉ុណ្ណោះ ហើយ​យុទ្ធសាស្ត្រ​នៃ​ការ​ប្ដឹង​ទាមទារ​សំណង​ជំងឺចិត្ត​ជា​ទឹកប្រាក់​ច្រើនៗ និង​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​បែប​នេះ ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

ប្រភព​ដដែល​គូស​បញ្ជាក់​ថា យុទ្ធសាស្ត្រ​នេះ​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា មក​ដែរ ក្នុង​នោះ សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ក៏​ត្រូវ​ធ្វើឡើង​ក្នុង​យុទ្ធសាស្ត្រ​នេះ​ថែម​ទៀត។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​សង​ជំងឺចិត្ត ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល) ក្រោម​ហេតុផល​ថា លោក ស៊ឹង សែនករុណា បាន​បញ្ចេញមតិ​ជុំវិញ​ការ​ប្តឹងផ្តល់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​បក្ស​ភ្លើង​ទៀន គឺ​លោក សុន ឆ័យ ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ កន្លង​ទៅ​នោះ បាន​ធ្វើ​ឱ្យ​ខូច​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​គណបក្ស​នេះ​មិន​បាន​បញ្ជាក់​ថា បាន​ខូចខាត​អ្វី​ខ្លះ ឬ​បែប​ណា​នោះ​ទេ។

យ៉ាងណាក៏ដោយ ដើម្បី​បញ្ចប់​ការ​ប្តឹងផ្តល់​នេះ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ សារព័ត៌មាន The Cambodia Daily បាន​ប្រកាស​លុប​ខ្លឹមសារ​ខ្លះ​ក្នុង​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ពី​សម្ដី​របស់​លោក ស៊ឹង សែនករុណា នោះ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ប្តឹងផ្តល់​លោក ស៊ឹង សែនករុណា ដដែល ខណៈ​លោក ហ៊ុន សែន មិន​ដែល​បាន​ស្នើ​ឱ្យ​សារព័ត៌មាន The Cambodia Daily កែសម្រួល​ខ្លឹមសារ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នោះ​ម្តង​ណា​ឡើយ។

មាត្រា​១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ និង​ការ​ឆ្លើយតប​ពី​អ្នក​ផ្សាយ​ព័ត៌មាន នៅ​ពេល​ដែល​ពួកគេ​យល់​ថា សេចក្ដី​ថ្លែងការណ៍​ណា​មួយ​មិន​ត្រឹមត្រូវ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយតប​ក្នុង​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​មិន​ត្រឹមត្រូវ។ អ្នក​ផ្សាយ​ព័ត៌មាន ត្រូវ​ឆ្លើយតប​ក្នុង​រយៈពេល ៧​ថ្ងៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​លុប​អាជ្ញាបណ្ណ​អង្គភាព​សារព័ត៌មាន VOD ផង​ដែរ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២៤ នេះ លោក ហ៊ុន សែន បាន​បង្វែរ​យុទ្ធសាស្ត្រ​នេះ​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ម្តង ដូចជា​ករណី​លោក ស៊ឹង សែនករុណា នៅ​ពេលនេះ ជាដើម។

គួរ​រំឭក​បន្តិច​ថា តើ​ប្រវត្តិសាស្ត្រ​ប្រាប់​អំពី​អ្នក​ដឹកនាំ​ផ្ដាច់ការ​ដូចម្តេច​ខ្លះ។ គេ​ថា​អ្នក​ដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ តែងតែ​ចម្លង ឬ​ធ្វើ​ត្រាប់​តាម​អ្នក​ដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ​ដូច​គ្នា ទោះជា​នៅ​ទីណា ជា​ជាតិ​សាសន៍​ណា​ក៏ដោយ។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ មេដឹកនាំ ហ្វាសស៊ីស (Fascism) Benito Mussolini នៅ​ប្រទេស​អ៊ីតាលី និយាយ​វែកញែក​ប្រាប់​អ្នក​ស្តាប់​ថា៖ ដើម្បី​ប្រមូល​ផ្តុំ​អំណាច វា​ជា​ការ​ឈ្លាសវៃ​ដែល​គេ​ធ្វើ​អ៊ីចឹង តាម​របៀប​អ្នក​ដែល​បោច (ឬ​ដក) រោម​ស្លាបមាន់​ម្តង​មួយៗ ឲ្យ​មាន់​ស្រែក​ឮ​សំឡេង​ខុសៗ​គ្នា ហើយពី​ដើម​ដល់​ចប់ គេ​ធ្វើ​មិន​ឲ្យ​មាន់​ឈឺ​ស្រែក​ឮ​ឡើយ។ គេ​និយាយ​ម្យ៉ាង​ទៀត​ថា៖ ដើម្បី​ប្រមូលផ្ដុំ​អំណាច គេ​ត្រូវ​អនុវត្ត​ដូច​គេ​ដក​រោម​ស្លាបមាន់​ម្តង​មួយៗ រហូត​អស់​ស្លាប ដោយ​គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ។

លោក ស៊ឹង សែនករុណា ជា​សកម្មជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ហ៊ាន​និយាយ​ជាច្រើន​ទៀត​ដែល​នឹង​រង​នូវ​ផលវិបាក​ដូច​គ្នា​ម្តង​មួយៗ​ក្នុង​របប​ផ្ដាច់ការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស