30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ព្រមាន​ដាក់​គុក​និង​បណ្ដេញ​ជនបរទេស​ណា​ថត​សម្ដែង​រឿង​ចាប់​ជំរិត​មិន​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ជនបរទេស​ទាំងឡាយ​ណា​ដែល​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ថត​សម្ដែង​រឿង​ចាប់​ជំរិត ដើម្បី​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​លើ​បណ្ដាញ​សង្គម គឺ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ និង​បណ្ដេញ​ចេញពី​កម្ពុជា ហើយ​លែង​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (ចាក់អង្រែ​ក្រោម-ព្រែកប្រា) នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជនជាតិ​ចិន​តៃវ៉ាន់ ២​នាក់​ដែល​បាន​ថត​វីដេអូ​សម្ដែង​អំពី​ការ​ចាប់​ជំរិត បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ បាន​សារភាព​ថា ពួកគេ​បាន​ផ្ញើ​វីដេអូ​អំពី​ការ​ថត Live នោះ​ឱ្យ​ទៅ​ប្រពន្ធ​របស់​ពួកគេ​នៅ​តៃវ៉ាន់ បង្ហោះ​ដើម្បី​ទទួល​បាន​ការ​ចូល​ទស្សនា​ច្រើន និង​ឱ្យ​គេ​ស្គាល់​គណនី TikTok របស់​ខ្លួន ហើយ​ថា​នៅ​ពេល​ដែល​គណនី TikTok គេ​ស្គាល់​ច្រើន​ហើយ នោះ​ពួកគេ​នឹង​ឆ្លៀត​ឱកាស​លក់​ផលិតផល​តាម​អនឡាញ​តែម្តង។

ប្រភព​ដដែល​បាន​លើកឡើង​ថា នេះ​ជា​ទង្វើ​បំផ្លាញ​មុខមាត់​កម្ពុជា​ដើម្បី​ផល​ប្រយោជន៍​ខ្លួនឯង។ លោក​សូម​ព្រមាន​អ្នកដទៃ​ផ្សេង​ទៀត​ដែល​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ថត​សម្ដែង​ចាប់​ជំរិត ដើម្បី​ទទួល​បាន​អ្នក​ទស្សនា​ច្រើន គឺ​ត្រូវ​អនុវត្ត​ទោស​ជាប់​គុក ២​ឆ្នាំ ហើយ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា និង​លែង​ឱ្យ​ចូល​កម្ពុជា​មួយ​ជីវិត។

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​ជនបរទេស​ណា​ដែល​យក​ប្រទេស​កម្ពុជា ថត​សម្ដែង​វីដេអូ​ចាប់​ជំរិត និង​បទឧក្រិដ្ឋ​ផ្សេងៗ​ដែល​គ្មាន​ការ​អនុញ្ញាត។

កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​ពីរ​នាក់​បាន​ចូល​ទៅ​អគារ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ពួកគេ​ថត​សម្ដែង​ដោយ​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ WA AN XIAO JI ថា​ត្រូវ​បាន​សន្តិសុខ​ចាប់​ខ្លួន និង​វាយដំ​ពួកគេ។ លុះ​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ពួកគេ​បាន​ផ្សាយ​ផ្ទាល់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ម្ដុំ​ឆៃណាថោន ក្នុង​ក្រុង​ព្រះសីហនុ ពី​សកម្មភាព​រត់​គេច​ខ្លួន ហើយ​សម្ដែង​ធ្វើ​ជា​ភ័យខ្លាច និង​ស្រែក​ឱ្យ​គេ​ជួយ។

ក្នុង​សំណុំរឿង​នេះ តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ២​នាក់​ដែល​ផលិត​វីដេអូ​បំផ្លើស​ការពិត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម»។

ទាក់ទិន​នឹង​បញ្ហា​ចាប់​ជំរិត និង​ជួញដូរ​មនុស្ស​នេះ ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស