28.7 C
Phnom Penh

ក្រុម​ឃ្លាំមើល​ព្រមាន​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​សម័យ​ទំនើប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក មិន​ងើប​ឡើង​តស៊ូ​រើ​បម្រះ​ស្វែងរក​សេរីភាព​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​កុម្មុយនីស្ត​បែប​ទំនើប​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាមិនខាន។

ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខុសពី​វាសនា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​របប​កុម្មុយនីស្ត​ដទៃ​ទៀត​ដែរ ដូចជា ប្រទេស​កូរ៉េខាងជើង និង​របប ប៉ុល ពត ជាដើម គឺជា​ជីវិត​ដែល​សុំ​អ្នក​មាន​អំណាច​រស់ មិនមែន​រស់​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​មាត់ជ្រោះ​មរណៈ​ក្រោម​កណ្ដាប់ដៃ​គ្រួសារ​ត្រកូល​ហ៊ុន​យ៉ាង​ផុយ​ស្រួយ ព្រោះ​គ្រួសារ​កាង​អំណាច​ផ្ដាច់មុខ​មួយ​នេះ កំពុង​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​កម្ពុជា​ទាំងមូល​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តែ​ក្នុង​រង្វង់​គ្រួសារ​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ដឹកនាំ​ប្រទេស​ដ៏​សែន​អាក្រក់ ដូច​គ្នា​ទៅ​នឹង​ប្រទេស​កូរ៉េខាងជើង ដែរ ដែល​វាសនា​ប្រទេស​ជាតិ និង​វាសនា​ពលរដ្ឋ​ខ្មែរ ត្រូវ​រស់​ក្រោម​ការ​គាប​សង្កត់​ពី​អ្នក​មាន​អំណាច​មួយ​គ្រួសារ​តូច​គ្រប់​ពេល។

លោក ម៉ែន ណាត លើកឡើង​ថា តាមរយៈ​នៃ​ការ​រៀបចំ​អំណាច​របស់​លោក ហ៊ុន សែន គ្រោង​នឹង​តែងតាំង​ខ្លួនឯង​ជា​ប្រធាន​ព្រឹទ្ធសភា ជា​ប្រធាន​បក្ស ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ព្រះមហាក្សត្រ និង​ការ​តែងតាំង​កូនប្រុស​បង្កើត​ខ្លួនឯង​គឺ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី និង​លោក ហ៊ុន ម៉ានិត មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ជាដើម គឺជា​សញ្ញា​គ្រប់គ្រង​ដ៏​អាក្រក់​សម្រាប់​ទឹកដី​ខ្មែរ។

ជាង​នេះ​ទៅ​ទៀត ការ​រៀបចំ​មនុស្ស​ជំនិត​របស់​គាត់​ឱ្យ​កាន់​តំណែង​ក្នុង​ស្ថាប័ន​ជាតិ​កំពូល​ផ្សេង​ទៀត ដូចជា លោក ជីវ កេង ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ស្ថាប័ន​តុលាការ និង​អ្នកស្រី ឃួន សុដារី ឱ្យ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ជាតិ ជាដើម ល្មម​គ្រប់គ្រាន់​បង្ហាញ​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ចងក្រង​អំណាច​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ដោយ​ផ្ដាច់មុខ​ក្នុង​រង្វង់​គ្រួសារ​របស់​គាត់ ហើយ​នេះ​គេ​នៅ​មិន​ទាន់​គិត​ដល់​សាច់ញាតិ និង​បក្ខពួក​របស់​គាត់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តួនាទី​សំខាន់ៗ​ក្នុង​ក្រសួង​ស្ថាប័ន​ជាតិ​ផ្សេង​ទៀត​នៅឡើយ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រទេស​មួយ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​របប​កុម្មុយនីស្ត​សម័យ​ទំនើប គឺ​មាន​ទម្រង់​ដូច​កម្ពុជា​សព្វថ្ងៃ​នេះ​ដែរ ដែល​មាន​ន័យ​ថា ក្នុង​រដ្ឋធម្មនុញ្ញ​នៅតែ​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​គ្រប់​ផ្នែក​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន គឺ​ត្រូវ​គេ​ចងក្រង​ឱ្យ​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​គ្រួសារ​តែ​មួយ ប៉ុន្តែ​ពួកគេ​ប្រើ​រូបភាព​ប្រជាធិបតេយ្យ ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ និង​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ ដែល​មើល​ទៅ​ឃើញ​ថា​មាន​ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​តុលាការ ប៉ុន្តែ​ការពិត ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គ្រួសារ​មួយ​ក្រុម​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ដើម​ខែ​មីនា ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ព្រះសង្ឃ និង​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) បាន​ដើរ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ដាក់​ញត្តិ​ជូន​សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ដើម្បី​ស្នើសុំ​ឲ្យ​លោក​ជួយ​ជំរុញ​ញត្តិ​របស់​ពួកគេ​ទៅ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ឲ្យ​លើក​យក​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ទៅ​ជជែក​ជាមួយ​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

អំឡុង​ពេល​ប្រគល់​ញត្តិ លោក ជូលៀន ហ៊ីល សន្យា​ថា​លោក​នឹង​ប្រគល់​ញត្តិ​នេះ​ជូន​នាយករដ្ឋមន្ត្រី​អូស្ត្រាលី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី ដោយ​ផ្ទាល់​ដៃ តាម​សំណើ​របស់​សហគមន៍​ខ្មែរ ខណៈ​ខ្លឹមសារ​ក្នុង​ញត្តិ​នោះ គឺ​មាន​ការ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ការ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ដែរ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា កម្ពុជា​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​រង​នូវ​ការ​ជាន់ឈ្លី និង​បំផ្លាញ​គ្រប់​រូបភាព​យ៉ាង​ធ្ងន់ធ្ងរ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​កំពុង​រអិល​ធ្លាក់​បន្តិច​ម្តងៗ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​របប​កុម្មុយនីស្ត​ផ្ដាច់ការ​វិញ​នៅ​ពេលនេះ។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​អូស្ត្រាលី សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​សម្រាប់​សង្គម​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី និង​សន្តិភាព និង​ជា​សង្គម​មួយ​ដែល​ច្បាប់ និង​ស្ថាប័ន​នានា​ត្រូវ​បាន​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ ដែល​បាន​ឈរ​លើ​កំពូល​តារាង ៥​ប្រទេស​ខាង​គាប​សង្កត់​សិទ្ធិ​សេរីភាព​ឆ្លងដែន រួម​មាន ភូមា ចិន និង​រុស្ស៊ី ជាដើម ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​ធ្ងន់ធ្ងរ ជាពិសេស​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​នយោបាយ​នៅ​ក្រៅ​ប្រទេស ទោះបីជា​អ្នក​ទាំងនោះ​ត្រូវ​និរទេស​ខ្លួន​ចេញ​ផុត​ពី​ប្រទេស​កំណើត​ហើយ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស