39 C
Phnom Penh

លោក ហ៊ុន ម៉ានី ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី​បន្ទាប់ពី​សមាជិក​សភា​១២០​រូប​របស់​បក្ស​កាន់​អំណាច​អនុម័ត​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​រដ្ឋសភា​កម្ពុជា ១២០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ ទី​២១ កុម្ភៈ នេះ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ប្រមូលផ្ដុំ​អំណាច​ក្នុង​រង្វង់​គ្រួសារ​ត្រកូល​ហ៊ុន​កាន់តែ​ខ្លាំង។

រដ្ឋសភា​កម្ពុជា​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដែល​មាន​សមាជិក​ចូលរួម ១២០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា និង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​ស្នើ​តែងតាំង​បន្ថែម​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ២​រូប​ថែម​ទៀត​ផង​ដែរ គឺ​លោក ស្រ៊ី ថាមរុង្គ និង​លោក ប៉ែន វិបុល។

ការ​តែងតាំង​លោ ហ៊ុន ម៉ានី ឱ្យ​ឡើង​ជា​ឧបនាយករដ្ឋមន្ត្រី​នេះ ស្រប​ពេល​ដែល​គេ​បាន​រក​ឃើញ​ថា លោក ហ៊ុន សែន កំពុងតែ​រៀបចំ​ចងក្រង​ប្រមូលផ្ដុំ​អំណាច​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​បន្ត​ពូជ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​តាម​បែប​ដឹកនាំ​របស់​កុម្មុយនីស្ត។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា ការ​ស្នើ​តែងតាំង​សាច់ញាតិ​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​កាប់​តំណែង​តួនាទី​ក្នុង​ជួរ​គណបក្ស និង​ជួរ​រដ្ឋាភិបាល គឺជា​របៀប​ដឹកនាំ​របស់​របប​កុម្មុយនីស្ត​ផ្ដាច់ការ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​រៀបចំ​បែប​នេះ គឺជា​វិធី​តែ​មួយ​គត់​ដែល​ពួក​មេដឹកនាំ​កុម្មុយនីស្ត​អនុវត្ត ដើម្បី​ចងក្រង​អំណាច​របស់​ពួកគេ​ឱ្យ​កាន់តែ​រឹងមាំ ដោយ​ការ​ទាញ​យក​ស្ថាប័ន​ជាតិ​ទាំងអស់​របស់​ប្រទេស​ដាក់​ក្រោម​អំណាច​ក្រុម​គ្រួសារ​ខ្លួនឯង។

លោក អ៊ុំ សំអាន លើកឡើង​ថា គ្មាន​អ្វី​ត្រូវ​សង្ស័យ​ថា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​រក​របប​ប្រជាធិបតេយ្យ ឬ​របប​កុម្មុយនីស្ត​ផ្ដាច់ការ​ទេ ព្រោះ​ថា​តាម​ប្រព័ន្ធ​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​កន្លង​មក និង​ការ​រៀបចំ​កាន់តែ​ខ្លាំង​នៅ​ពេលនេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​កំពុងតែ​ក្តោប​យក​ប្រទេស​ខ្មែរ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​គ្រប់គ្រង​បន្ត​ពូជ​ក្នុង​រង្វង់​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​ចៀស​មិន​ផុត​ពី​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​ទេ បើ​ពួកគេ​អាច​ចងក្រង​អំណាច​តាមរយៈ​សែស្រឡាយ និង​បក្ខពួក​របស់​គេ​បាន​ជោគជ័យ​នោះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​មាត់ជ្រោះ​មរណៈ​ក្រោម​កណ្ដាប់ដៃ​គ្រួសារ​ត្រកូល​ហ៊ុន​យ៉ាង​ផុយ​ស្រួយ ព្រោះ​គ្រួសារ​កាង​អំណាច​ផ្ដាច់មុខ​មួយ​នេះ កំពុង​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​កម្ពុជា​ទាំងមូល​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តែ​ក្នុង​រង្វង់​គ្រួសារ​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ដឹកនាំ​ប្រទេស​ដ៏​សែន​អាក្រក់​ដូច​គ្នា​ទៅ​នឹង​ប្រទេស​កូរ៉េខាងជើង ដែរ ដែល​វាសនា​ប្រទេស​ជាតិ និង​វាសនា​ពលរដ្ឋ​ខ្មែរ ត្រូវ​រស់​ក្រោម​ការ​គាប​សង្កត់​ពី​អ្នក​មាន​អំណាច​មួយ​គ្រួសារ​តូច​គ្រប់​ពេល។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា លាតត្រដាង​ក្នុង​របាយការណ៍​ស៊ើបអង្កេត​កាលពី​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​បែងចែក​គ្នា​កាន់​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ពេញ​ដៃ ក្នុង​នោះ លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ផង ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ផង និង​គ្រោង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ។ ចំណែក​លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថែម​ទៀត។

ជាង​នេះ​ទៀត លោក ហ៊ុន ម៉ានិត ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដោយឡែក​លោក ហ៊ុន ម៉ានី ដែល​មាន​តួនាទី​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ពី​លើ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ នៅ​ពេលនេះ​ថែម​ទៀត។

ក្រៅពី​រៀបចំ​ឱ្យ​កូនៗ​បង្កើត​ខ្លួនឯង​កាន់​តំណែង​គ្រាក់ៗ​ក្នុង​គណបក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​តែងតាំង​សែស្រឡាយ សាច់ញាតិ និង​បក្ខពួក​ខ្លួនឯង​ឱ្យ​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ដូចជា​តែងតាំង​លោក នេត សាវឿន ជា​ឧបនាយករដ្ឋមន្ត្រី តែងតាំង​លោក សៅ សុខា ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តែងតាំង​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​ដ្ឋាន​កង​អង្គរក្ស ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស