កូនប្រុសពៅមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី លើកឡើងថា ទោះបីជាពាក្យ «សន្តិភាព» ត្រូវបានចារឹកជាលើកដំបូងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តី ក៏ខ្មែរត្រូវរង់ចាំជិត ១ទសវត្សរ៍ដែរដើម្បីស្គាល់រសជាតិពិតប្រាកដនៃសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់ឪពុកខ្លួន។
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ានី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិខ្មែរ និងការសង្គ្រោះអាយុជីវិតប្រជាជន បានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងនរកអវិចីនៃការសម្លាប់រង្គាលប្រល័យពូជសាសន៍ខ្លួនឯង។
លោក ហ៊ុន ម៉ានី លើកឡើងថា ដោយសារនយោបាយឈ្នះឈ្នះ «២៩ ធ្នូ ១៩៩៨» ទើបកម្ពុជាអាចបិទទំព័រដ៏ជូរចត់បំផុតនៃប្រវត្តិសាស្ត្ររបស់ខ្លួន ហើយបើកទំព័រប្រវត្តិសាស្ត្រសម័យទំនើបថ្មីដែលពលរដ្ឋទាំងអស់គ្នាកំពុងទទួលផលផ្លែផ្កាដូចសព្វថ្ងៃនេះ ព្រោះនយោបាយឈ្នះឈ្នះរបស់ឪពុកលោកសម្រេចបានជោគជ័យដោយគ្មានការបង្ហូរឈាមពីខ្មែរគ្រប់ភាគីណាទាំងអស់។
គួរកត់សម្គាល់ថា ក្នុងសម័យកាលនៃកំណើតលោក ហ៊ុន ម៉ានី លោកមិនបានរៀនប្រវត្តិសាស្ត្រខ្មែរជ្រៅជ្រះទេ ពីព្រោះកងទ័ពយៀកណាម ត្រួតត្រា ហើយលោកដឹងខ្លះៗតែតាមរយៈការនិយាយប្រាប់តៗគ្នាតែរឿងរ៉ាវដែលបក្សកុម្មុយនីស្តចង់ឲ្យកូនខ្មែរដឹងតែប៉ុណ្ណោះ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា ២៦ឆ្នាំមុនគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាដ៏កម្សត់បានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មានជាង ៥០០ឆ្នាំមកនេះ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» តែម្តង។
គ្រាដែលទ័ពព្រៃខ្មែរក្រហមចុះចូល ឬធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល លោក ហ៊ុន សែន ប្រាប់មេទ័ពខ្មែរក្រហមរាប់ពាន់នាក់ក្នុងពិធីជប់លៀងស្វាគមន៍មួយឯភោជនីយដ្ឋាននៅព្រែកលៀប ក្បែរក្រុងភ្នំពេញ ដោយប្រៀបធៀបការបែកហ្វូងពីគ្នារវាងក្រុមខ្មែរក្រហមយៀកមិញ និងក្រុមខ្មែរក្រហមខាង ប៉ុល ពត ថាដូចជាគោចេញពីក្រោលបែកផ្លូវគ្នាដើរស៊ីស្មៅមួយរយៈ ហើយវិលមកចូលក្រោលវិញដូច្នោះ។ មិនយូរប៉ុន្មាន មេទ័ពល្បីៗខ្មែរក្រហមខាង ប៉ុល ពត ស្លាប់ម្តងមួយៗជិតអស់។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា”។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងកាលពីពេលកន្លងទៅថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់លោក ក្រោយប្រទេសកម្ពុជាកើតមាននូវជម្លោះបែកបាក់ជាតិតាំងពីឆ្នាំ១៤៧៣ ដែលគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជាង ៥សតវត្សទៅហើយនោះ។
ការបកស្រាយដោយលោក ហ៊ុន សែន ថាខ្មែរមានជម្លោះបែកបាក់ជាតិតាំងពីឆ្នាំ១៤៧៣ ឬជាង ៥សតវត្សនោះ ក៏លោកមិនសូវដឹងច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរដែរ ប៉ុន្តែទំនងជាលោកចង់សំដៅទៅការដណ្តើមរាជ្យគ្នារវាងរាជវង្សខ្មែរ ពីព្រោះលោកមិនបានបញ្ជាក់ថា ឆ្នាំ១៤៧៣ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីកើតឡើងនោះទេ ប៉ុន្តែសម័យនោះគឺចន្លោះរជ្ជកាលព្រះបាទ ស្រី សុរិយោទ័យទី២ រាជាធិរាជ និងព្រះបាទ ធម្មោរាជាទី១ ធម្មោរាជាធិរាជ ពោលគឺក្នុងសម័យមុនទ័ពសៀមវាយលុកក្រុងអង្គរ។
ក្នុងរជ្ជកាលព្រះបាទ ស្រី សុរិយោទ័យទី២ នោះហើយ ពោលគឺជិត ៦០០ឆ្នាំមុនដែលជនជាតិចាម បានភៀសខ្លួន និងទទួលបានសិទ្ធិជ្រកកោនក្នុងរាជាណាចក្រខ្មែរ បន្ទាប់ពីស្តេចយួន ឡេ ថាញ់តុង វាយបែកយកកាន់កាប់រាជធានីវិជ័យនៃរាជាណាចក្រចម្ប៉ា នៅឆ្នាំ១៤៧១។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ធ្នូ នេះថា នយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន មិនមែនជាវិធីបញ្ចប់សង្គ្រាម និងរកសន្តិភាពឱ្យកម្ពុជាទេ ប៉ុន្តែជានយោបាយកម្ទេចខ្មែរគ្រប់ភាគី ដើម្បីគ្រប់គ្រងអំណាចផ្ដាច់មុខប៉ុណ្ណោះ។
លោកថាការដឹកនាំជាង ៤០ឆ្នាំរបស់លោក ហ៊ុន សែន បានប្រព្រឹត្តអំពើឃាតកម្មនីតិរដ្ឋ និងឃាតកម្មប្រជាធិបតេយ្យដែលបានបង្កើតឡើងក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដល់ឫសគល់។
លោក គឹម សុខ អះអាងថា ភស្តុតាងជាក់ស្តែង ភាគីនយោបាយទាំងអស់នៅកម្ពុជាត្រូវបានមេដឹកនាំបក្សកាន់អំណាចរូបនេះកម្ចាត់ម្តងមួយៗ រហូតដល់គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយ ហើយមេដឹកនាំបក្សប្រឆាំងក៏ត្រូវបានចាប់ខ្លួន និងរារាំងមិនឱ្យចូលទៅទឹកដីកំណើតរបស់ខ្លួនវិញក្រោមសន្តិភាពក្លែងក្លាយនេះដែរ។ មួយវិញទៀត ប្រទេសកម្ពុជាស្ថិតនៅជាប្រទេសឯកោលើឆាកអន្តរជាតិ មុនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

