25 C
Phnom Penh

អ្នកវិភាគ៖ ប្រតិកម្ម​លោក ហ៊ុន ម៉ានី ដូច​សារភាព​ថា​គ្រួសារ​ហ៊ុន​នៅ​ពីក្រោយ​ជំនួញ​ឧក្រិដ្ឋកម្ម​លោក លី យ៉ុងផាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ប្រតិកម្ម​របស់​ឧបនាយករដ្ឋមន្ត្រី និង​កូនពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដូចជា​សារភាព​ថា​ក្រុម​គ្រួសារ​ហ៊ុន​ដែល​ត្រួតត្រា​រដ្ឋាភិបាល ជា​អ្នក​នៅ​ពីក្រោយ​ជំនួញ​ឧក្រិដ្ឋកម្ម​របស់​លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​នឹង​អាច​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើក​ហេតុផល​ថា តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​របាយការណ៍​របស់​រតនាគារ​អាមេរិក ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​នោះ មិនមែន​ចេញ​មុខ​ការពារ​លោក លី យ៉ុងផាត់ មុន​នឹង​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​មិន​ចេះ​តែ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ឬ​បុគ្គល​ដោយ​គ្មាន​ភស្តុតាង​រឹងមាំ​ឡើយ ដូច្នេះ​ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ានី អាច​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ទៅវិញ។

លោក គឹម សុខ ពន្យល់​លោក ហ៊ុន ម៉ានី ថា ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ មិនមែន​ជា​ការ​ចាប់​ដៃ​ជាន់​ជើង​ទេ ពីព្រោះ​ការ​ចាប់​ដៃ និង​និយាយ​ភាសា​ល្អ​ទៅ​កាន់​គ្នា គឺជា​ឥរិយាបថ​ការទូត​អន្តរជាតិ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ចាប់​ដៃ និង​និយាយ​ល្អ​ហើយ ត្រូវ​យល់​ស្រប​គ្នា​ទាំងស្រុង​ឡើយ គឺ​អ្នក​ការទូត​គេ​សម្រេច​ការងារ​ដោយ​ផ្អែកលើ​គោលការណ៍ ដូច្នេះ​លោក ហ៊ុន ម៉ានី គួរ​ដឹង​ថា គោលការណ៍​របស់​សហរដ្ឋ​អាមេរិក គឺ​គោរព​សិទ្ធិ និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​លើកឡើង​នេះ ក្រោយពី​កូនប្រុស​ពៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ប្អូនប្រុស​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ដោយ​បង្ហាញ​រូបថត​លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​ព័ត៌មាន​ទាក់ទង​ការ​ដាក់​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា​រូប​នេះ​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ថា ជា​ការ «ចាប់​ដៃ​ជាន់​ជើង»។

លោក​ថា ការ​ចាប់​ដៃ​ជាន់​ជើង​នេះ គឺជា​ឃ្លា​ដែល​វប្បធម៌​ខ្មែរ ឬ​សាសន៍​ណា​ក៏ដោយ​ពិបាក​ទទួល​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ និង​មាន​លក្ខណៈ​អវិជ្ជមាន​ជា​ខ្លាំង​សម្រាប់​ជា​មូលដ្ឋាន​ពង្រឹង​ទំនាក់ទំនង​ដោយ​ស្មោះត្រង់ ជឿ​ទុកចិត្ត និង​ស្មើភាព​គ្នា។

លោក ហ៊ុន ម៉ានី បន្ត​ថា ឃ្លា​នេះ​មាន​ន័យ​គ្រប់គ្រាន់​បញ្ជាក់​ពី​ចេតនា និង​សកម្មភាព​ដែល​ស្តែង​ឡើង​ខុស​ពី​អ្វី​ដែល​អ្នក​បាន​និយាយ។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក (The U.S. Department of the Treasury’s Office of Foreign Assets Control (OFAC)) កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ គ្រុប ដូចជា អិលវ៉ាយភី គ្រុប (L.Y.P. Group Co., LTD) រមណីយដ្ឋាន​អូរស្មាច់ (O-Smach Resort) រមណីយដ្ឋាន​កោះកុង (Koh Kong Resort) សណ្ឋាគារ​ហ្គាឌិន​ស៊ីធី (Garden City Hotel) និង​សណ្ឋាគារ​ភ្នំពេញ (Phnom Penh Hotel) ផង​ដែរ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​អនឡាញ រួម​ទាំង​ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ជាដើម។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក លើកឡើង​ថា រមណីយដ្ឋាន​អូរស្មាច់ (O-Smach Resort) របស់​លោក លី យ៉ុងផាត់ ត្រូវ​បាន​ប៉ូលិស​ស៊ើបអង្កេត និង​រាយការណ៍​ជា​សាធារណៈ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ គឺ​ចាប់ពី​ឆ្នាំ​២០២២ មក រួម​មាន​រំលោភ​បំពាន​លើ​ជនជាតិ​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស