40.8 C
Phnom Penh

អ្នកស្រី មូរ សុខហួរ ប្រកាស​ជួបជុំ​អ្នក​ប្រជាធិបតេយ្យ​នៅ​ចុង​ខែ​មីនា ក្រោម​រូបភាព​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជួបជុំ​អ្នក​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក​នៅ​ទីក្រុង​ឡងប៊ិច លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​ប្រកាស​ទទួល​ស្គាល់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ជា​ផ្លូវការ ក្នុង​គោលបំណង​រួបរួម​ចលនា​ខ្មែរ​គ្រប់​និន្នាការ​នៅ​លើ​ពិភពលោក ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​ទាំងអស់ ត្រូវតែ​ងើប​ចូលរួម​សហការ​គ្នា​ដើម្បី​សង្គ្រោះ​កម្ពុជា​ពី​របប​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ព្រោះ​ថា​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា គ្រួសារ​ណា ឬ​ក្រុម​ណា​មួយ​នោះ​ទេ គឺជា​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទាំងអស់។

អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​ក៏​មិន​ត្រូវ​ដេក​រង់ចាំ​ការ​ជួយ​ពី​បរទេស ដោយ​មិន​ខំប្រឹង​ពី​កម្លាំង​ខ្លួនឯង​នោះ​ដែរ ត្បិត​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏​មិន​បាន​បង្ហាញ​ជំហរ​ណា​មួយ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ជាក់ស្តែង ដូចជា​ករណី​នៃ​ការ​កាត់ទោស​ទាំង​អយុត្តិធម៌​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ចាន់ធារី និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​លើ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាដើម បើ​ទោះបីជា​មាន​ការ​អំពាវនាវ​ពី​ពលរដ្ឋ​ខ្មែរ​យ៉ាងណា​ក៏ដោយ។

អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មិនមែន​ជា​ចលនា​នយោបាយ​ទេ ប៉ុន្តែ​ជា​ចលនា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​គោលដៅ​ស្វែងរក​ការ​សហការ​ជាមួយ​បុគ្គល និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​រួបរួម​កម្លាំង​គ្នា​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស បើក​លំហ​សេរីភាព​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ចលនា​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ប្ដេជ្ញា​ថា ក្នុង​នាម​អ្នកស្រី​ជា​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ស្វែងរក​ការ​សហការ​ពី​មជ្ឈដ្ឋាន​នានា​នៅ​លើ​ពិភពលោក និង​ពី​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដើម្បី​តស៊ូ​មតិ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​វិលត្រឡប់​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឡើងវិញ​ឱ្យខាងតែ​បាន។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អ្នកស្រី មូរ សុខហួរ បាន​ប្រកាស​លាលែង​តំណែង​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មក​ដឹកនាំ​ជា​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ពេលនេះ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ក្រោយ​ការ​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង ២​ឆ្នាំ ហើយ​ក៏​ត្រូវ​ចុះបញ្ជី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​រដ្ឋ​ម៉ាសាជូសេត (Massachusetts) ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​មាន​អ្នកស្រី មូរ សុខហួរ ជា​ប្រធាន​ដឹកនាំ​ដែរ បន្ទាប់ពី​អ្នកស្រី​បាន​ដាក់​ពាក្យ​លាលែង​តំណែង​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ មក។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មាន​គោលដៅ​បង្រួម​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុង​បំណង​បង្កើន​ចលនា​អ្នក​ស្នេហា​ជាតិ​ឆ្ពោះ​ទៅ​បង្កើត​គុណធម៌​ប្រជាធិបតេយ្យ​មួយ​ដែល​អ្នក​ចូលរួម​ទាំងអស់ ធ្វើការ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​លុបបំបាត់​នូវ​ការ​រើសអើង​នយោបាយ ឬ​ជម្លោះ​ក្នុង​ទីលាន​នយោបាយ​ខ្មែរ ដែល​នាំ​ទៅ​រក​ការ​បែកបាក់​ជាតិ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ គ្រោង​ប្រកាស​ពិធី​ដំណើរការ​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​ទីក្រុង​ឡងប៊ិច នា​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ចលនា​នេះ ក្នុង​នោះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ក៏​បាន​បង្ហាញ​ពី​ការ​សហការ​គ្នា​ជាមួយ​ចលនា​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ផ្សេង​ទៀត​ដែរ ដូចជា​ក្រុម​តស៊ូ​មតិ​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ជាដើម ដើម្បី​សម្រេច​គោលដៅ​រួម​របស់​ពួកគេ​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ។

ទាក់ទិន​នឹង​ការ​បង្កើត​ចលនា​ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រុម​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) ក៏​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែរ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ ៥ ផ្សេង​ទៀត រួម​មាន​ភូមា ចិន និង​រុស្សី ជាដើម ក្រោយ​គេ​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា បាន​ប្រើ​វិធានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​ការ​គាបសង្កត់​ឆ្លងដែន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស