ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសប្រារព្ធកម្មវិធីសមាជពលរដ្ឋខ្មែរ-កាណាដា ស្តីអំពីបញ្ហាកោះគុត/គជ់ នៅដើមខែក្រោយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកយកករណីនេះប្តឹងថៃ ទៅតុលាការអន្តរជាតិ ក្នុងការទាមទារយកទឹកដីខ្មែរដែលប្រទេសថៃ បានរំលោភបំពាន យកមកគ្រប់គ្រងវិញ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ សហការជាមួយបណ្ដាញយុវជនសកល បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយនៅថ្ងៃទី១៣ មីនា នេះ ស្ដីពីការធ្វើកម្មវិធីសមាជពលរដ្ឋខ្មែរ-កាណាដា នៅទីក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា ការចូលរួមរបស់ពលរដ្ឋនៅជុំវិញពិភពលោកក្នុងកម្មវិធីសមាជនេះ ជាការបង្ហាញពីស្មារតីជាតិនិយម និងមនសិការឈឺឆ្អាលក្នុងការចូលរួមគិតគូរពីផលប្រយោជន៍ជាតិស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិផងដែរ។
KMD អំពាវនាវឱ្យពលរដ្ឋគ្រប់ទិសទី ចូលរួមក្នុងកម្មវិធីសមាជនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជាក់ពីកម្លាំងសាមគ្គីដ៏ខ្លាំងក្លាដែលជាទម្ងន់មួយសម្រាប់ជាមូលដ្ឋានធ្វើសកម្មភាពតស៊ូមតិរកដំណោះស្រាយទាំងកម្រិតជាតិ និងអន្តរជាតិ ជុំវិញបញ្ហាកោះគុតដែលត្រូវបានប្រទេសជិតខាងរំលោភបំពានយកទៅគ្រប់គ្រងសព្វថ្ងៃនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ មីនា នេះដែរថា សមាជពលរដ្ឋខ្មែរ-កាណាដា ស្ដីពីបញ្ហាកោះគជ់ គឺដើម្បីទាមទារឱ្យលោក ហ៊ុន ម៉ាណែត ត្រូវតែបញ្ជាក់ថា មួយផ្នែកនៃកោះគុត គឺជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយរដ្ឋាភិបាលក៏ត្រូវតែប្តឹងករណីនេះទៅតុលាការអន្តរជាតិដែរ ដើម្បីទាមទារយកទឹកដីរបស់ខ្លួនដែលត្រូវប្រទេសជិតខាងឈ្លានពាន យកមកគ្រប់គ្រងវិញ។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលបានចរចាជាមួយថៃ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដូច្នេះបើកម្ពុជាបញ្ឈប់ការចរចាទ្វេភាគី ហើយបែរជាប្តឹងថៃ ទៅតុលាការអន្តរជាតិ នោះនឹងនាំឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរជាមិនខាន។
លោក ហ៊ុន សែន បញ្ជាក់ថា បើកម្ពុជាប្តឹងថៃ ទៅតុលាការអន្តរជាតិទាំងដែលខ្លួនកំពុងចរចាបែបនេះ កម្ពុជាក៏នឹងរងនូវការស្ដីបន្ទោសចំពោះបញ្ហានេះដែរ ដូច្នេះរឿងនេះមានតែទុកឱ្យរដ្ឋាភិបាលជាអ្នកដោះស្រាយជាលក្ខណៈទ្វេភាគីជាមួយភាគីថៃ បន្តទៀត ដើម្បីចៀសវាងសង្គ្រាមរវាងប្រទេសទាំងពីរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

