26 C
Phnom Penh

រាជរដ្ឋាភិបាល​ថា​នឹង​បន្ត​គាំទ្រ​កម្មវិធី​រាវរក​ឆ្អឹង​សព​ទាហាន​អាមេរិកាំង​កាលពី​សម័យ​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​គាំទ្រ និង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​សម្រួល​លើ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ស្វែង​រុករក​សំណល់​អដ្ឋិ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន កាលពី​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន ឱ្យ​បាន​ជោគជ័យ ទោះបីជា​នៅ​តំបន់​ខ្លះ​នៅ​មាន​លក្ខណៈ​ស្មុគស្មាញ​ក៏ដោយ។

បើ​យោង​តាម​ខ្លឹមសារ​ផ្សព្វផ្សាយ​នៅ​លើ​គណនី​តេឡេក្រាម​ផ្លូវការ​លោក ហ៊ុន ម៉ាណែត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​អ្នកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា នេះ លោក ហ៊ុន ម៉ាណែត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​នា​ពេល​កន្លង​មក។

លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​គាំទ្រ​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​សម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ ទោះបីជា​នៅ​តំបន់​ខ្លះ​នៅ​មាន​លក្ខណៈ​ស្មុគស្មាញ​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ជាមួយ​នឹង​បទពិសោធន៍​ដ៏​ច្បាស់លាស់ និង​យូរអង្វែង រាជរដ្ឋាភិបាល​នឹង​ប្រគល់​ភារកិច្ច​ជូន​លោក ប៉ុល សារឿន បន្ត​ទៀត​ក្នុង​ការ​សម្របសម្រួល និង​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​បេសកកម្ម​ស្រាវជ្រាវ និង​ជីក​រុករក​អដ្ឋិ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន ឱ្យ​បាន​ជោគជ័យ ប្រកប​ដោយ​កាយវិការ​នៃ​ការ​គោរព និង​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​នៃ​ទាហាន​ដែល​បាន​បាត់​ខ្លួន។

លោកស្រី Ann Mills-Griffiths បាន​លើកឡើង​ផង​ដែរ​ថា កម្ពុជា​គឺជា​ដៃគូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​គាំទ្រ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ដែល​នេះ​ជា​កាយវិការ​មនុស្សធម៌ និង​បង្ហាញ​ពី​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រួសារ​ទាហាន​ដែល​បាន​បាត់​ខ្លួន ដោយ​កម្ពុជា​បាន​បែងចែក​យ៉ាង​ច្បាស់​រវាង​ការងារ​មនុស្សធម៌ និង​បញ្ហា​នយោបាយ។

ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​រយៈពេល​ប្រមាណ​ជាង ៣២​ឆ្នាំ​មក​នេះ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក គិន ភា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា ការ​ប្ដេជ្ញា​ចិត្ត​ស្វែងរក​អដ្ឋិ​ទាហាន​របស់​អាមេរិកាំង​រវាង​ភាគី​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​សកម្មភាព​មួយ​បញ្ជាក់​ឱ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា។

លោក​បន្ថែម​ថា ចំពោះ​ភាគី​កម្ពុជា គឺ​មាន​សុឆន្ទៈ​ខ្ពស់​លើ​សហប្រតិបត្តិការ​ជាមួយ​អាមេរិក ប៉ុន្តែ​អាមេរិក​ខ្លួនឯង​ហាក់​ពុំ​មាន​ភាព​ស្មោះត្រង់ ឬ​មាន​សុឆន្ទៈ​ពិតប្រាកដ​ជាមួយ​កម្ពុជា ព្រោះ​កូនសោ​សម្រាប់​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក គឺ​មិន​ស្ថិត​នៅ​ក្នុង​ដៃ​កម្ពុជា​ទេ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ដៃ​សហរដ្ឋ​អាមេរិក ដូច្នេះ​ការ​ប្ដេជ្ញា​ទំនាក់ទំនង​អាមេរិក​ជាមួយ​កម្ពុជា តើ​មាន​កម្រិត​ណា។

កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​កិច្ច​សហប្រតិបត្តិការ​មនុស្សធម៌ ស្ដីពី​ការ​ស្វែងរក​អដ្ឋិ​ទាហាន​អាមេរិក​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម។

ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក លោក Daniel Kritenbrink និង​លោក Jed Royal ភូឈួយ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ភាព​ស៊ីជម្រៅ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម ដែល​ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កំពុង​មាន ដូចជា​កម្មវិធី​ជំនួយ​បរទេស ការ​រុករក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ផង​ដែរ។

ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ការិយាល័យ​ផ្នែក​ឈ្លើយសឹក/យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ឈ្លើយសឹក/យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម ក្នុង​ការិយាល័យ​សេនានុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ ធ្វើការ​សាកសួរ និង​ស៊ើបអង្កេត​ទាក់ទង​នឹង​ករណី​ជនជាតិ​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​សង្គ្រាម​វៀតណាម។

មន្ត្រី​ក្នុង​ការិយាល័យ​នេះ និយាយ​ភាសា​ខ្មែរ​ហើយ​ចុះ​សាកសួរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ នៅ​ពេល​ចប់​សង្គ្រាម​វៀតណាម មាន​បុគ្គលិក​យោធា​អាមេរិកាំង​ចំនួន ៩០​នាក់​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាម​ប្រភព​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ទាហាន​អាមេរិកាំង​បាត់​រក​មិន​ទាន់​ឃើញ​ថា​នៅ​រស់ ឬ​ស្លាប់​តាំងពី​សង្គ្រាម​លោក​លើក​ទី​២ សង្គ្រាម​នៅ​កូរ៉េ និង​សង្គ្រាម​នៅ​យៀកណាម មាន​ចំនួន ៨​ម៉ឺន ១​ពាន់​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស