29 C
Phnom Penh

អ្នកជំនាញ​ថា​សេដ្ឋកិច្ច​ខ្នាត​តូច និង​ខ្នាត​មធ្យម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ឧបសគ្គ​ធ្ងន់ធ្ងរ​ទាំង​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត ទាំង​ធនធាន​មនុស្ស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី «ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ​២០២៤» កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា បញ្ហា​ប្រឈម​នៅ​ប្រទេស​កម្ពុជា​លើ​វត្ថុ​ធាតុ​ដើម គឺ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​ខ្ពស់ ដោយសារតែ​ប្រទេស​កម្ពុជា​គ្មាន​វត្ថុ​ធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ផលិតកម្ម​ដោយ​ខ្លួនឯង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ពិបាក​ស្វែងរក​ទីផ្សារ​ក្នុង​ការ​ប្រកួតប្រជែង ជាពិសេស​ការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ប្រទេស​ជិតខាង ដូចជា​វៀតណាម និង​ថៃឡង់ដ៍ ជាដើម។

បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើង​ថា កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ខ្វះ​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ​ដែរ ត្បិត​កន្លង​មក កម្ពុជា​តែង​ជួល​អ្នក​បច្ចេកទេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ឱ្យ​មក​ជួយ​បណ្តុះបណ្តាល​អ្នក​បច្ចេកទេស​ដល់​ខ្លួន​ជានិច្ច ខណៈ​អ្នកជំនាញ​បរទេស​ដែល​កម្ពុជា​ជួល​មក​បណ្តុះបណ្តាល​ទាំងនោះ គេ​មិន​ដែល​ចង់​ឱ្យ​ប្រទេស​កម្ពុជា​រីក​លូតលាស់​សេដ្ឋកិច្ច​ជាង​ប្រទេស​របស់​ពួកគេ​នោះ​ដែរ ដូច្នេះ​ហើយ​បាន​ជា​សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​មាន​សន្ទុះ​ដូច​ប្រទេស​ទាំងនោះ។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​មុខនាទី​សំខាន់​ណាស់​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​ផលិតករ និង​ម្ចាស់​សហគ្រាស​នៅ​កម្ពុជា ដើម្បី​បង្កើន​ជំនាញ​ផលិត​ដល់​ពួកគេ។ លើស​ពី​នេះ​ទៀត ដើម្បី​ឱ្យ​ថ្លៃដើម​ទាប គឺ​ទាមទារ​ឱ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល និង​ស្នើ​ឱ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​អភិបាលកិច្ច និង​ការ​អភិវឌ្ឍ​ឱ្យ​បាន​លឿន ដើម្បី​ជួយ​ទៅ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) នៅ​កម្ពុជា​នា​ពេលនេះ និង​ទៅ​ថ្ងៃ​មុខ ហើយ​ក្នុង​ការ​កែប្រែ​នោះ ក៏​ត្រូវ​ចៀសវាង​ការ​តែងតាំង​បក្ខពួក​ខ្លួនឯង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាង​ពី​ការ​ចាប់​យក​សហគ្រាស​ធុន​តូច និង​មធ្យម​ធ្វើ​ជា​ម៉ាស៊ីន​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ចាប់ពី​ឆ្នាំ​២០២៤ នេះ​ទៅ។

កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ព្យាករ​ថា តាមរយៈ​នៃ​ការ​កំណត់​យក​ការទូត​សេដ្ឋកិច្ច​ជា​គោល​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ចុង​ឆ្នាំ​២០៤០ ប្រសិនបើ​កម្ពុជា​អាច​កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ការងារ​ដែល​ជា​មូលដ្ឋានគ្រឹះ​របស់​ខ្លួន​បាន​រឹងមាំ​ក្នុង​អាណត្តិ​ទី​១ នេះ។ មុន​នោះ​បន្តិច លោក​ថា​ផែនការ ៥​ឆ្នាំ​ម្តងៗ អាច​ធ្វើ​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​លូតលាស់​ជឿនលឿន​ស្លេវ​នា​ឆ្នាំ​២០៥០។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រោយ​លោក​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាង ៦​ខែ​មក​នេះ កម្ពុជា​បាន​ចាប់ផ្តើម​ប្រើ​នយោបាយ​ការទូត​សេដ្ឋកិច្ច​ជា​គោល ព្រោះ​ថា​មេដឹកនាំ​ប្រទេស​ណា​ក៏​ធ្វើ​បែប​នេះ​ដែរ ខណៈ​កម្ពុជា​នៅ​ពេលនេះ បាន​ចាប់​យក​វិស័យ​ឯកជន​ធ្វើជា​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ច្បាស់លាស់ ក្នុង​នោះ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​ដើរ​តួនាទី​សំខាន់​បំផុត។

បែប​នេះ​ក្តី អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មីនា នេះ​ថា បញ្ហា​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​ប្រទេស​សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​ប្រឈម​នឹង​ការ​ខ្វះ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត និង​ខ្វះ​ធនធាន​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ខ្វះ​តម្លាភាព​ក្នុង​ការ​ដឹកនាំ​ដែល​អាច​ធ្វើ​ឱ្យ​វិនិយោគិន​បរទេស​ទុកចិត្ត​បាន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ការ​ជំរុញ​ឱ្យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) មាន​ដំណើរការ​យឺតយ៉ាវ​តាំង​ពី​ដើម​រហូត​មក។

លោក ម៉ែន ណាត លើកឡើង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ពី​សហភាព​អឺរ៉ុប និង​អាមេរិក​កន្លង​មក ត្រូវ​បាន​កាត់​ផ្តាច់ ខណៈ​លោក ហ៊ុន ម៉ាណែត ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​នៅ​លើ​ពិភពលោក​អំឡុង​ពេល​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ នេះ​ថែម​ទៀត ដូច្នេះ កម្ពុជា​កាន់តែ​មាន​ភាព​ចង្អៀត​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​តាមរយៈ​នៃ​ការ​ទាក់ទាញ​វិនិយោគទុន​បរទេស​ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​នៅ​ពេលនេះ និង​ទៅ​ថ្ងៃ​មុខ។

កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ទៅ​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ សារព័ត៌មាន​អន្តរជាតិ​មួយ​ឈ្មោះ ប៉ូលិទិកូ (POLITOCO) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​នោះ​ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ពិធី​ជួប​ជាមួយ​អ្នកគាំទ្រ​ក្នុង​ប្រទេស​បារាំង លោក ហ៊ុន ម៉ាណែត លើកឡើង​ថា វត្តមាន​របស់​លោក​នៅ​ក្រៅ​ប្រទេស​នេះ គឺជា​ការ​ដើរ​គោះ​ទ្វារ​អ្នក​ធុរកិច្ច ឱ្យ​ទៅ​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ក្រោយ​ការ​អះអាង​នេះ គេ​មិន​ទាន់​ឃើញ​អ្នក​វិនិយោគទុន​បរទេស​ធំៗ​ណា​មួយ​ហ៊ាន​ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា លើកឡើង​ថា សេចក្តី​រាយការណ៍​អំពី​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​កន្លង​មក គឺ​បាន​មកពី​ការ​នាំចេញ​ទំនិញ​ទៅ​បរទេស​តាមរយៈ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ុណ្ណោះ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​នៅតែ​ប្រឈម​នឹង​ឧបសគ្គ​ដដែល​សព្វថ្ងៃ​នេះ។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ក្នុង​តំបន់ (Regional Comprehensive Economic Partnership) ឬ “អសិប” RCEP រវាង​សមាជិក​សហគមន៍​អាស៊ាន និង​ប្រទេស​អូស្ត្រាលី ចិន នូវែលហ្សេឡង់ ជប៉ុន និង​កូរ៉េខាងត្បូង ចុះហត្ថលេខា​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស