អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា សហគ្រាសខ្នាតតូច និងមធ្យម (SME) ក្នុងប្រទេសកម្ពុជា កំពុងប្រឈមឧបសគ្គធ្ងន់ធ្ងរទាំងវត្ថុធាតុដើមក្នុងការផលិត ទាំងធនធានមនុស្ស ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងក្នុងវេទិកាពិភាក្សាស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះថា បញ្ហាប្រឈមនៅប្រទេសកម្ពុជាលើវត្ថុធាតុដើម គឺការចំណាយលើថ្លៃដើមខ្ពស់ ដោយសារតែប្រទេសកម្ពុជាគ្មានវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងផលិតកម្មដោយខ្លួនឯង ដែលជាហេតុធ្វើឱ្យប្រទេសនេះពិបាកស្វែងរកទីផ្សារក្នុងការប្រកួតប្រជែង ជាពិសេសការប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដូចជាវៀតណាម និងថៃឡង់ដ៍ ជាដើម។
បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា កម្ពុជាក៏កំពុងប្រឈមនឹងឧបសគ្គខ្វះធនធានមនុស្សធ្ងន់ធ្ងរដែរ ត្បិតកន្លងមក កម្ពុជាតែងជួលអ្នកបច្ចេកទេសពីប្រទេសវៀតណាម និងប្រទេសថៃ ឱ្យមកជួយបណ្តុះបណ្តាលអ្នកបច្ចេកទេសដល់ខ្លួនជានិច្ច ខណៈអ្នកជំនាញបរទេសដែលកម្ពុជាជួលមកបណ្តុះបណ្តាលទាំងនោះ គេមិនដែលចង់ឱ្យប្រទេសកម្ពុជារីកលូតលាស់សេដ្ឋកិច្ចជាងប្រទេសរបស់ពួកគេនោះដែរ ដូច្នេះហើយបានជាសេដ្ឋកិច្ចកម្ពុជាមិនអាចមានសន្ទុះដូចប្រទេសទាំងនោះ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានមុខនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលបច្ចេកទេសដល់ផលិតករ និងម្ចាស់សហគ្រាសនៅកម្ពុជា ដើម្បីបង្កើនជំនាញផលិតដល់ពួកគេ។ លើសពីនេះទៀត ដើម្បីឱ្យថ្លៃដើមទាប គឺទាមទារឱ្យមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងស្នើឱ្យមានការកែប្រែប្រព័ន្ធអភិបាលកិច្ច និងការអភិវឌ្ឍឱ្យបានលឿន ដើម្បីជួយទៅដល់សហគ្រាសខ្នាតតូច និងមធ្យម (SME) នៅកម្ពុជានាពេលនេះ និងទៅថ្ងៃមុខ ហើយក្នុងការកែប្រែនោះ ក៏ត្រូវចៀសវាងការតែងតាំងបក្ខពួកខ្លួនឯងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាងពីការចាប់យកសហគ្រាសធុនតូច និងមធ្យមធ្វើជាម៉ាស៊ីនសេដ្ឋកិច្ចសម្រាប់កម្ពុជាឱ្យកាន់តែរឹងមាំចាប់ពីឆ្នាំ២០២៤ នេះទៅ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកូនស្នងត្រកូល លោក ហ៊ុន ម៉ាណែត ព្យាករថា តាមរយៈនៃការកំណត់យកការទូតសេដ្ឋកិច្ចជាគោលសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ នេះ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអ្នកមាននៅចុងឆ្នាំ២០៤០ ប្រសិនបើកម្ពុជាអាចកែទម្រង់ប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធការងារដែលជាមូលដ្ឋានគ្រឹះរបស់ខ្លួនបានរឹងមាំក្នុងអាណត្តិទី១ នេះ។ មុននោះបន្តិច លោកថាផែនការ ៥ឆ្នាំម្តងៗ អាចធ្វើប្រទេស និងប្រជាពលរដ្ឋខ្មែរលូតលាស់ជឿនលឿនស្លេវនាឆ្នាំ២០៥០។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្រោយលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាង ៦ខែមកនេះ កម្ពុជាបានចាប់ផ្តើមប្រើនយោបាយការទូតសេដ្ឋកិច្ចជាគោល ព្រោះថាមេដឹកនាំប្រទេសណាក៏ធ្វើបែបនេះដែរ ខណៈកម្ពុជានៅពេលនេះ បានចាប់យកវិស័យឯកជនធ្វើជាម៉ាស៊ីនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្បាស់លាស់ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យម ត្រូវដើរតួនាទីសំខាន់បំផុត។
បែបនេះក្តី អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មីនា នេះថា បញ្ហាសហគ្រាសខ្នាតតូច និងមធ្យមក្នុងប្រទេសសព្វថ្ងៃនេះ មិនត្រឹមតែប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត និងខ្វះធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្វះតម្លាភាពក្នុងការដឹកនាំដែលអាចធ្វើឱ្យវិនិយោគិនបរទេសទុកចិត្តបានដែរ ដែលជាហេតុធ្វើឱ្យកម្ពុជាប្រឈមនឹងការជំរុញឱ្យសហគ្រាសខ្នាតតូច និងមធ្យម (SME) មានដំណើរការយឺតយ៉ាវតាំងពីដើមរហូតមក។
លោក ម៉ែន ណាត លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាធ្លាប់ទទួលបានពីសហភាពអឺរ៉ុប និងអាមេរិកកន្លងមក ត្រូវបានកាត់ផ្តាច់ ខណៈលោក ហ៊ុន ម៉ាណែត ក៏ជាប់ឈ្មោះជាមេដឹកនាំកខ្វក់នៅលើពិភពលោកអំឡុងពេលចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះថែមទៀត ដូច្នេះ កម្ពុជាកាន់តែមានភាពចង្អៀតខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈនៃការទាក់ទាញវិនិយោគទុនបរទេសឱ្យទៅបណ្ដាក់ទុននៅកម្ពុជានៅពេលនេះ និងទៅថ្ងៃមុខ។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានទៅចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសឱ្យទៅបណ្ដាក់ទុននៅកម្ពុជា ប៉ុន្តែស្របពេលជាមួយគ្នានោះ សារព័ត៌មានអន្តរជាតិមួយឈ្មោះ ប៉ូលិទិកូ (POLITOCO) បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូប ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏ត្រូវគេរាប់បញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់នោះផងដែរ។
យ៉ាងណាក៏ដោយ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ក្នុងពិធីជួបជាមួយអ្នកគាំទ្រក្នុងប្រទេសបារាំង លោក ហ៊ុន ម៉ាណែត លើកឡើងថា វត្តមានរបស់លោកនៅក្រៅប្រទេសនេះ គឺជាការដើរគោះទ្វារអ្នកធុរកិច្ច ឱ្យទៅវិនិយោគនៅកម្ពុជា ប៉ុន្តែក្រោយការអះអាងនេះ គេមិនទាន់ឃើញអ្នកវិនិយោគទុនបរទេសធំៗណាមួយហ៊ានទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជានៅឡើយទេរហូតដល់ពេលនេះ។
អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា លើកឡើងថា សេចក្តីរាយការណ៍អំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាកន្លងមក គឺបានមកពីការនាំចេញទំនិញទៅបរទេសតាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប៉ុណ្ណោះ ប៉ុន្តែកំណើនសេដ្ឋកិច្ចក្នុងស្រុកនៅតែប្រឈមនឹងឧបសគ្គដដែលសព្វថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងក្នុងតំបន់ (Regional Comprehensive Economic Partnership) ឬ “អសិប” RCEP រវាងសមាជិកសហគមន៍អាស៊ាន និងប្រទេសអូស្ត្រាលី ចិន នូវែលហ្សេឡង់ ជប៉ុន និងកូរ៉េខាងត្បូង ចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០២០៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

