ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការធ្វើអត្តឃាតរបស់ពលរដ្ឋក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយអាជ្ញាធរដុតផ្ទះសម្បែង និងបង្ក្រាបដោយកាំភ្លើងប្លន់យកដីធ្លី បង្ហាញថា លោក ហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសតាមច្បាប់ឧទ្ទាមទ័ពព្រៃ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ មីនា នេះថា ទង្វើរបស់អាជ្ញាធរស្រុកគូលែន ខេត្តព្រះវិហារ ដែលបានបាញ់កាំភ្លើងរះលើប្រជាជន និងដុតផ្ទះសម្បែងរហូតឈានដល់ការចាប់ខ្លួនពលរដ្ឋរងគ្រោះនៅពេលនេះ មិនខុសពីទង្វើរបស់ហ្វូងចោរព្រៃដែលចូលក្នុងភូមិស្រុក រួចហើយនាំគ្នាប្លន់ទ្រព្យសម្បត្តិពលរដ្ឋស្លូតត្រង់ដោយការកាប់សម្លាប់នោះទេ ព្រោះថាទង្វើយង់ឃ្នងសាហាវព្រៃផ្សៃបែបនេះ មានតែក្រុមឧទ្ទាមរំលោភច្បាប់របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ទើបហ៊ានប្រព្រឹត្ត។
អ្នកវិភាគនយោបាយរូបនេះលើកឡើងថា នៅពេលដែលអាជ្ញាធរចេញប្លន់ទ្រព្យសម្បត្តិរបស់ពលរដ្ឋបែបនេះ គឺជារូបភាពមួយបង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត កំពុងចិញ្ចឹមចោរព្រៃទុកសម្រាប់ប្រើឱ្យប្លន់ដីពលរដ្ឋ យកទៅឱ្យក្រុមហ៊ុនឯកជនដែលជាបក្ខពួករបស់ខ្លួន ជាជាងនាយករដ្ឋមន្ត្រីចេញប្លន់ដីទាំងនោះដោយខ្លួនឯង ព្រោះថាកន្លងមក ពលរដ្ឋរងគ្រោះខាងលើបានអង្វរសុំឱ្យនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ជាច្រើនលើកច្រើនសារួចមកហើយ តែពួកគេមិនទទួលបានការជួយសង្គ្រោះនោះទេ។
លោក គឹម សុខ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានអតីតកម្មាភិបាលខ្មែរក្រហម និងជាអតីតមេឧទ្ទាមទ័ពព្រៃ លោក ហ៊ុន សែន ជាមេដឹកនាំ មិនអាចដឹកនាំកម្ពុជាចេញពីព្រៃទៅរកសន្តិភាពពិតប្រាកដសម្រាប់ពលរដ្ឋខ្មែរបានទេ ប៉ុន្តែពួកគេអាចត្រឹមតែប្រកាសសន្តិភាពនៅក្នុងព្រៃ ក្រោមច្បាប់ឧទ្ទាមយង់ឃ្នងដែលមេដឹកនាំខ្មែររូបនេះកំពុងគ្រប់គ្រងប៉ុណ្ណោះ ហើយច្បាប់ព្រៃមួយនេះ ក៏កំពុងបន្តអនុវត្តដោយកូនប្រុសរបស់គាត់គឺលោក ហ៊ុន ម៉ាណែត ដែលកំពុងបន្តតំណែងជានាយករដ្ឋមន្ត្រីពីខ្លួនសព្វថ្ងៃនេះដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋក្នុងក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរដុតផ្ទះសម្បែង និងបង្ក្រាបដោយបាញ់កាំភ្លើងរំលោភយកដីធ្លី កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរាប់រយនាក់ផ្សេងទៀតដែលរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺអ្នកស្រី ឃីន ខ្លី បានសម្រេចចិត្តធ្វើអត្តឃាតដោយការផឹកថ្នាំពុល គឺផឹកថ្នាំសម្លាប់ស្មៅ បន្ទាប់ពីរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរស្រុកគូលែន ខេត្តព្រះវិហារ ចូលទៅរស់នៅក្នុងព្រៃបានចំនួន ១០ថ្ងៃ ក្រោយផ្ទះរបស់អ្នកស្រីត្រូវអាជ្ញាធរស្រុកគូលែន ដុតបំផ្លាញឆេះខ្ទេចគ្មានសល់។
មុននឹងឈានដល់ការធ្វើអត្តឃាត អ្នកស្រី ឃីន ខ្លី បានបង្ហោះវីដេអូមួយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លើបណ្ដាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ថា ផ្ទះរបស់អ្នកស្រីត្រូវអាជ្ញាធរស្រុកគូលែន ដុតបំផ្លាញអស់ហើយ ទាំងដែលអ្នកស្រីកំពុងជំពាក់បំណុលគេវ័ណ្ឌកថែមទៀត។ ប្រភពដដែលបន្តថា ខ្លួនបានសុំអង្វរអាជ្ញាធរឱ្យពេល ២ ទៅ ៣ថ្ងៃ ដើម្បីរុះរើផ្ទះនោះដោយខ្លួនឯង ប៉ុន្តែអាជ្ញាធរមិនព្រមតាមសំណើរបស់អ្នកស្រីទេ រហូតឈានដល់ការដុតបំផ្លាញផ្ទះនោះតែម្តង។
ពលរដ្ឋចំនួន ១៣១គ្រួសារក្នុងភូមិម្រេច និងភូមិក្តាក់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅពេលនេះ កំពុងរត់គេចខ្លួនចូលទៅរស់នៅក្នុងព្រៃ បន្ទាប់ពីអាជ្ញាធរតាមចាប់ខ្លួន ក្រោយពួកគេតវ៉ានឹងសកម្មភាពរបស់អាជ្ញាធរដែលបានដុតបំផ្លាញផ្ទះសម្បែង ដើម្បីរំលោភយកដីធ្លីរបស់ពួកគេទៅឱ្យក្រុមហ៊ុន សីលាដាម៉ិច កាលពីពេលថ្មីៗនេះ ក្នុងនោះក៏មានការបង្ក្រាបដោយការបោកគ្រាប់បែកផ្សែង និងការបាញ់រះដោយកាំភ្លើងពិតផងដែរ ខណៈពលរដ្ឋប្រមាណជា ៤០នាក់ត្រូវបានចាប់ខ្លួននៅអំឡុងពេលដែលអាជ្ញាធរចុះបង្ក្រាបកាលពីដើមខែមីនា ឆ្នាំ២០២៤ កន្លងទៅនោះ។
ទិន្នន័យសង្គមស៊ីវិល បានរកឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សីលាដាម៉ិច បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋធ្ងន់ធ្ងរកន្លងមក ជាពិសេសសិទ្ធិទទួលបានការកាន់កាប់ដីធ្លី និងបញ្ចេញមតិតែម្តង ខណៈពលរដ្ឋដែលរស់នៅទីនោះ ក៏បានអះអាងដែរថា អ្នកភូមិបានចូលទៅរស់នៅ និងអាស្រ័យផលលើដីដែលកំពុងមានជម្លោះនេះតាំងពីឆ្នាំ២០១២ មក និងបានបង្កបង្កើនផលដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើស្រែ និងដំណាំផ្សេងៗទៀតមិនដែលមានបញ្ហាអ្វីទេ។
ប៉ុន្តែនៅដើមឆ្នាំ២០២២ ស្រាប់តែអាជ្ញាធរខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយផ្ទះពលរដ្ឋ និងផលដំណាំរបស់ពួកគាត់ ដោយគ្មានការផ្តល់ដំណឹងជាមុន ក្រោមលេសថាពលរដ្ឋទាំងនោះកំពុងរស់នៅលើដីខុសច្បាប់។
ទាក់ទិននឹងបញ្ហានេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជាកំពុងខ្វះប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីច្បាស់លាស់ធ្ងន់ធ្ងរសព្វថ្ងៃនេះ បើទោះបីជាប្រទេសនេះបានទទួលយករបបប្រជាធិបតេយ្យកាលពីជាង ៣០ឆ្នាំមុនហើយក៏ដោយ ដែលនេះគឺស្រដៀងគ្នាទៅនឹងរបបខ្មែរក្រហម ដែលបានលុបចោលកម្មសិទ្ធិឯកជនក្រោយពួកគេកាន់កាប់ប្រទេសកម្ពុជាអំឡុងទសវត្សរ៍១៩៧០ ដូច្នោះដែរ។
របាយការណ៍ដដែលបញ្ជាក់ថា សិទ្ធិអចលនទ្រព្យរឹងមាំនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មានសម្រាប់តែក្រុមឥស្សរជនជាន់ខ្ពស់ប៉ុណ្ណោះ ចំណែកសិទ្ធិអចលនទ្រព្យសម្រាប់ពលរដ្ឋភាគច្រើន អាចត្រូវបានលុបចោលគ្រប់ពេល។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដូចជាខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាដើម កំពុងរងនូវការបណ្តេញចេញពីលំនៅឋានដោយការបង្ក្រាបពីអាជ្ញាធរយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

