28 C
Phnom Penh

ឧកញ៉ា គួច ម៉េងលី ចាញ់​បោក​ក្រុមហ៊ុន CIC Partner អស់​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ជា​លើកដំបូង​នៅ​អំឡុង​ឆ្នាំ​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា សូម្បី​ឧកញ៉ា គួច ម៉េងលី ដែល​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Mengly J Quach Group ដែល​ធ្លាប់​ដាក់​ទុន​ជិត ១​សែន​ដុល្លារ​អាមេរិក (៧៦៩២៣​ដុល្លារ) ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ដែល​ហៅ​កាត់​ថា CIC Partner នៅ​អំឡុង​ឆ្នាំ​២០១៥ ក៏​ដោយសារតែ​ចាញ់​បោក​ក្រុមហ៊ុន​នេះ​ដែរ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា កុំ​ថា​ឡើយ​ពលរដ្ឋ​សាមញ្ញ សូម្បីតែ​ឧកញ៉ា គួច ម៉េងលី ក៏​ចាញ់​បោក​គ្រូ​ជោគជ័យ និង​ក្រុមហ៊ុន CIC Partner អស់​ជិត ៣​សែន​ដុល្លារ​អាមេរិក​ដែរ ដូច្នេះ​ការ​អះអាង​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ ជុំវិញ​រឿង​បាត់​លុយ ៨០​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន CIC Partner ក៏​មិនមែន​ជា​ការ​អះអាង​ខុស​ការពិត​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា មក​ដល់​ពេលនេះ អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​មិន​ទាន់​រួច​ផុត​ពី​ការ​សង្ស័យ​នៅឡើយ​ទេ ហើយ​ការ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច​កាលពី​ពេល​កន្លង​ទៅ ក៏​ទំនង​ជា​ដើម្បី​គេច​យក​រួច​ខ្លួន​ពី​អំពើ​ឆបោក​នេះ​ដែរ ខណៈ​លុយ ៨០​លាន​ដុល្លារ​អាមេរិក​នោះ គ្មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​ទទួល​ខុសត្រូវ​ទាល់តែសោះ​រហូត​ដល់​ពេល​នេះ ចំណែក​ចំណាត់ការ​ស្រាវជ្រាវ​ពី​ក្រសួង​មាន​សមត្ថកិច្ច​ក៏​មិន​ត្រូវ​បាន​ធ្វើឡើង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា អ្នក​បោក​លុយ​គេ​មិន​ជាប់​គុក​ទេ តែ​បែរជា​ជាប់​គុក​អ្នក​ត្រូវ​គេ​បោក​ទៅ​វិញ ដោយ​គ្រាន់តែ​បកអាក្រាត​ការ​បោកប្រាស់​នោះ​ប៉ុណ្ណោះ ព្រោះ​ថា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន បន្ទាប់ពី​ទម្លាយ​ពី​ទង្វើ​បោកប្រាស់​របស់​ក្រុមហ៊ុន CIC Partner អស់​រយៈពេល​រាប់​ឆ្នាំ​កន្លង​មក​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ឧកញ៉ា គួច ម៉េងលី ទាមទារ​រក​យុត្តិធម៌​ដោយ​ស្នើសុំ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ដំណើរការ​របស់​ក្រុមហ៊ុន CIC Partner ក្រោម​ហេតុផល​ថា ខ្លួន​បាន​ចាញ់​បោក​ក្រុមហ៊ុន​នេះ​កន្លង​មក។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ឧកញ៉ា គួច ម៉េងលី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស៊ើបអង្កេត​ក្រុមហ៊ុន CIC Plc ដើម្បី​ចាប់​ឧក្រិដ្ឋជន ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ ព្រោះ​ថា​ក្រុមហ៊ុន​នេះ​ត្រូវតែ​ប្រមូល​លុយ​សង​ដល់​អ្នក​ពាក់ព័ន្ធ និង​ជនរងគ្រោះ​ទាំងអស់​ត្រឡប់​មក​វិញ។

ឧកញ៉ា គួច ម៉េងលី លើកឡើង​ថា ករណី​នេះ​ត្រូវតែ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ថា​លុយ​រាប់​សិប​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​បាត់បង់ ហើយ​គ្រួសារ និង​ជីវិត​មនុស្ស​ជាច្រើន​នាក់​បាន​រង​នូវ​ផល​ប៉ះពាល់ និង​ការ​ឈឺចាប់​ដោយសារតែ​ការ​ក្លែងបន្លំ​ទាំងនេះ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ថែម​ថា ករណី​នេះ​មិន​គួរ​មើល​រំលង​ជាដាច់ខាត ត្បិត​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​គួរតែ​ត្រូវ​ចាប់ផ្ដើម​ស៊ើបអង្កេត​ដោយ​បើក​ចំហ ព្រោះ​ថា​លុយ​ពិបាក​រក​ខ្លាំង​ណាស់ ហើយ​ជនល្មើស​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់។

ឧកញ៉ា គួច ម៉េងលី អំពាវនាវ​ឱ្យ​ជនរងគ្រោះ​ទាំងអស់​បន្ត​ធ្វើ​ការ​តស៊ូ​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​តម្លាភាព និង​យុត្តិធម៌ ព្រោះ​ឧក្រិដ្ឋជន​នៅតែ​មាន​សេរីភាព​ក្រៅ​ច្បាប់​នៅឡើយ ហើយ​ពួកគេ​ក៏​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ និង​ពោរពេញ​ដោយ​សេរីភាព​ដែរ​សព្វថ្ងៃ​នេះ ខណៈ​ប្រជាជន​ស្លូតត្រង់​ជាច្រើន​កំពុង​រង​ទុក្ខវេទនា ខូចចិត្ត និង​ទទួល​រង​នូវ​ផល​អវិជ្ជមាន​ដោយសារតែ​គម្រោង​កេង​បន្លំ​ស្រដៀង​គ្នា​នឹង​គម្រោង​បោកប្រាស់ Ponzi ដែល​កំពុងតែ​កើតឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ។

ឧកញ៉ា គួច ម៉េងលី លើកឡើង​ថា ប្រទេស​កម្ពុជា​មិន​ត្រូវ​បណ្តោយ​ឱ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ ព្រោះ​ថា​ប្រទេស​កម្ពុជា​មិន​អាច​បន្ត​រស់នៅ​ក្រោម​ការ​បំពុល​បរិយាកាស​សង្គម និង​ភាព​មិន​ប្រក្រតី​នានា​នៃ​បរិស្ថាន​សង្គម​បែប​នេះ​ទៀត​ដែរ។ ផ្ទុយទៅវិញ ប្រសិនបើ​នៅតែ​បន្ត​ឱ្យ​មាន​ការ​ឆបោក​បែប​នេះ នោះ​ប្រជាជន​យើង​នឹង​បន្ត​រង​នូវ​ភាព​អយុត្តិធម៌ ហើយ​ក៏​គ្មាន​សន្តិភាព​ក្នុង​ផ្លូវចិត្ត​ដែរ។

ជាង​នេះ​ទៀត ប្រសិនបើ​រឿង​នេះ​នៅតែ​បន្ត​កើត​មាន ហើយ​ឧក្រិដ្ឋជន​មិន​ត្រូវ​បាន​ចាប់​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ នោះ​វា​នឹង​បង្ក​ឱ្យ​កាន់​តែ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​សង្គម​កាន់តែ​ខ្លាំង ដែល​នាំ​ឱ្យ​ឈាន​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​នូវ​សក្ដានុពល​ផ្នែក​មីក្រូសេដ្ឋកិច្ច និង​ប្រព័ន្ធ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំងមូល​តែម្តង។

លោក​ត្អូញត្អែរ​ថា បើ​ទុក​ឱ្យ​ជន​បោកប្រាស់​មាន​ឱកាស​បន្ត​បំផ្លាញ​ប្រជាជន និង​សេដ្ឋកិច្ច នោះ​ប្រទេស​កម្ពុជា​នឹង​ខូចខាត​យ៉ាង​ធំ​នា​ពេល​ខាងមុខ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ទំនុកចិត្ត​លើ​សមត្ថភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ភាព​អយុត្តិធម៌​ដែល​បង្ក​ដោយ​សេរី​ពី​សំណាក់​ជន​បោកប្រាស់​មួយ​ក្រុម​តូច​នៅ​ក្នុង​សង្គម​ជាតិ​ជាមិនខាន។

ឧកញ៉ា គួច ម៉េងលី បញ្ជាក់​ថា បើ​រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​ណា​មួយ​ទេ ហើយ​ឧក្រិដ្ឋជន​នៅតែ​បន្ត​រស់នៅ​ដោយ​សេរី​បែប​នេះ នោះ​ទំនុកចិត្ត​នឹង​ត្រូវ​បាត់បង់​ទាំង​ក្នុង​ឆាក​ជាតិ ឆាក​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា នឹង​រឹត​តែ​រង​នូវ​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង ដូច្នេះ​សូម​រដ្ឋាភិបាល​ចាត់​វិធានការ និង​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​ទាំងអស់​នេះ មិន​ថា​អ្នក​មាន​ខ្សែ ឬ​អ្នក​ខ្លាំង​ប៉ុនណា​នោះ​ទេ ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាជន​រាប់​សែន​នាក់ មុន​ពេល​ដែល​បទល្មើស​នេះ​រីក​រាលដាល​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ទាំងមូល។

បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈមេធាវី​កម្ពុជា ដែល​មាន​លោក លី ច័ន្ទតុលា ជា​ប្រធាន បាន​ឲ្យ​ដឹង​ថា គណៈមេធាវី​បាន​បង្កើត​ក្រុម​ការងារ​មេធាវី​មួយ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ជុំវិញ​ករណី​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc)។

ក្នុង​សេចក្តី​ប្រកាស​នា​ថ្ងៃទី​២៥ មីនា គណៈមេធាវី​បាន​សង្កត់​ធ្ងន់​ថា កន្លង​មក​មាន​ក្រុមហ៊ុន និង​បុគ្គល​មួយ​ចំនួន​តូច​តែងតែ​បង្កើត​គម្រោង​វិនិយោគ ដោយ​ប្រមូល​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​រូបភាព​ប្រមូល​ធនធាន​យក​ទៅ​វិនិយោគ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ ប្រជាពលរដ្ឋ​ដែល​ដាក់​ប្រាក់​វិនិយោគ​តែងតែ​ទទួល​រងគ្រោះ​បាត់បង់​ផល​ប្រយោជន៍​ជា​បន្តបន្ទាប់។

ដោយសារ​ឃើញ​រូបភាព​បែប​នេះ គណៈមេធាវី​ដែល​ជា​ស្ថាប័ន​បម្រើ​វិស័យ​យុត្តិធម៌​ក្នុង​ការ​រៀបចំ​នីតិរដ្ឋ ពង្រឹង​យុត្តិធម៌​សង្គម និង​ការពារ​សិទ្ធិមនុស្ស​ផង​នោះ បាន​សម្រេច​បង្កើត​ក្រុម​មេធាវី​ជួយ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ករណី​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc)។ ក្រុម​មេធាវី​មាន​ភារកិច្ច​ជាអាទិ៍ ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ ពិនិត្យ និង​រៀបចំ​ឯកសារ​ជា​ភស្តុតាង និង​ធ្វើ​បណ្ដឹង ក៏ដូចជា​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។ នេះ​បើ​តាម​គណៈមេធាវី។

ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ដែល​ហៅ​កាត់​ថា CIC Partner គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត ស្ថិត​ក្រោម​ឈ្មោះ​បុគ្គល​តែ​ម្នាក់ គឺ​លោក គុយ វ៉ាត​និង​មាន​ការ​ចូលរួម​សហការ​ផ្ដួចផ្ដើម​ពី​សហ​ស្ថាបនិក​ចំនួន ៣៣​នាក់​ផ្សេង​ទៀត​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​កំណត់​ផែនការ​វិនិយោគ​រយៈពេល ៩៩​ឆ្នាំ។

ក្រុមហ៊ុន CIC Partner ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រតិបត្តិការ​ប្រមូល​ទុន​វិនិយោគ​តាមរយៈ​នៃ​ការ​កៀងគរ​វិនិយោគិន​ទាំង​លក្ខណៈ​ជា​បុគ្គល និង​ស្ថាប័ន ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដាក់​លុយ​សម្រាប់​អ្នក​ដែល​មាន​បំណង​បណ្ដាក់ទុន ក្នុង​ទម្រង់​ជា​ការ​ទិញ​ឯកតា​មូលនិធិ ដោយ​ក្រុមហ៊ុន​ចុះ​កិច្ចព្រមព្រៀង​សន្យា​ផ្ដល់​ប្រាក់​ចំណេញ​តាមរយៈ​នៃ​ការ​បង់​ការប្រាក់​ដល់​អ្នក​ដែល​ចូលរួម​វិនិយោគ​ទាំងនោះ​ត្រឡប់​ទៅវិញ ប៉ុន្តែ​អស់​រយៈពេល​ជិត ១​ឆ្នាំ​មក​នេះ ក្រុមហ៊ុន CIC Partner បាន​ផ្អាក​បង់​ការប្រាក់​ឱ្យ​អ្នក​ផ្តល់​កម្ចី​ទាំងស្រុង​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស